សភាកម្ពុជាចូលរួមកិច្ចប្រជុំទល់មុខគ្នាក្នុងជំនួបកំពូលអាស៊ាន និងអន្តរសភាអាយប៉ាលើកទី៣៦ តាមប្រព័ន្ធវីដេអូ

18:20 | 26/06/2020 (សរុបដោយវិច្ឆិកា)

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដំណើរដោយគណៈប្រតិ​ភូ​ជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនាបានអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងសមា​គមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា)លើកទី៣៦ (36th ASEAN Summit) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានរដ្ឋសភា។

សភាកម្ពុជាចូលរួមកិច្ចប្រជុំទល់មុខគ្នាក្នុងជំនួបកំពូលអាស៊ាន និងអន្តរសភាអាយប៉ាលើកទី៣៦ តាមប្រព័ន្ធវីដេអូ

​​

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលចេញផ្សាយដោយអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំកំពូលអាយប៉ា និងអាស៊ាននៅឆ្នាំនេះ មិនខុសពីបណ្តាឆ្នាំកន្លងទៅទេ គឺបានធ្វើការសង្កត់ធ្ងន់អំពីក្តីកង្វល់ទៅលើស្ថានភាពវិវត្តិចុងក្រោយនៅក្នុងតំបន់ និងសកលលោក ជាពិសេសឆ្នាំនេះផលលំបាកដែលបង្កដោយជំងឺ COVID-19 ធ្វើការរួមគ្នា ប្តេជ្ញាចិត្តជាមួយឆន្ទៈ និងការតស៊ូរបស់អាស៊ាន ដើម្បីលុបបំបាត់ជំងឺរាតត្បាត ធ្វើការស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។ ក្នុងស្មារតីនេះអាយប៉ាក៏បានស្វាគមន៍នូវសេចក្តីប្រកាសរបស់កិច្ចប្រជុំកំពូលពិសេសរបស់អាស៊ានស្តីពីកូវីដ-១៩ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម ដែលមិនធ្លាប់មាន ដែលបណ្តាលមកពីកូវីដ-១៩។


បន្ថែមទៅទៀតសមាជិកអាយប៉ា គាំទ្រ និងលើកទឹកចិត្តការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងបញ្ហានេះ ដោយបន្តនៅជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តវិធានការ នៃការគ្រប់គ្រង និងឆ្លើយតបចំពោះជំងឺរាតត្បាត ការពង្រឹងសមត្ថភាពជាតិ នៃការត្រៀមខ្លួនក្នុងស្ថានភាពអាសន្ន ការធានាសុខុមាលភាពរបស់ប្រជាជន ការកែលំអសកម្មភាពសេដ្ឋកិច្ចរក្សាស្ថេរភាព និងអភិវឌ្ឍន៍នៅក្នុងប្រទេស ក៏ដូចជានៅទូទាំងតំបន់។ បន្ថែមនូវសារសំខាន់អំពីតួនាទីរបស់អាយប៉ា ជាដៃគូអាស៊ានក្នុងការបំពេញគោលបំណងសហគមន៍អាស៊ាន។ ជាមួយនេះផងដែរ នៅក្នុងខ្លឹមសារថ្លែងដោយប្រធានអាយប៉ា យើងបានធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រធានបទអាស៊ាន២០២០”ភាពស្អិតរមួតនិងការឆ្លើយតប” សម្រាប់អាស៊ានដើម្បីកសាងអាស៊ានឱ្យទៅជាផ្ទះរួមមួយប្រកបដោយថាមភាព ឯករាជភាព សកម្មភាព សាមគ្គីភាព និងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ី-អាគ្នេយ៍ និងសកល។ គួរកត់សម្គាល់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះ មានទស្សនៈវិស័យ និងបញ្ហាជាច្រើន ដែលត្រូវបានយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា មានដូចជា នយោបាយ សន្តិសុខ ស្ថេរភាពតំបន់ សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន និងការតភ្ជាប់ក្នុង និងក្រៅតំបន់។

គួរបញ្ជាក់ផងដែរថា តំណាងសភាកម្ពុជា មានលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា បានសម្តែងជាទស្សនៈយោបល់នូវការពេញចិត្តអគុណដល់លោកជំទាវ ង្វៀងធី គឹមងិន (Nguyen Thi Kim Ngan) ប្រធានអន្តរសភាអាយប៉ាលើកទី៤១ ដែលបានដាក់បញ្ចូលនូវធាតុចូលរបស់សភាកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទៅក្នុងសាររបស់អាយប៉ា និងបានលើកឡើងអំពីផលវិបាករបស់សកលលោកដោយជំងឺរាតត្បាតកូវីដ-១៩ ដែលមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងបានបង្ហាញញសារសំខាន់នៃភាពជាដៃគូអាស៊ាន-អាយប៉ា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការសម្រេចបាននូវការកសាងសហគមន៍ដែលប្រកាន់យកប្រជាជនជាស្នូល ហើយដែលផ្នែកការទូតសភា មានតួនាទីក្នុងភាពជាតំណាងប្រជាជនអាស៊ាន ចូលរួមយ៉ាងមានអត្ថន័យនៅក្នុងដំណើរការរបស់អាស៊ាន ក៏ដូចជាការផ្តល់នូវមតិយោបល់ និងធាតុចូលលើកិច្ចការងារផ្សេងៗក្នុងតំបន់។ ក្រៅពីនេះសភាកម្ពុជាក៏បានអបអរសាទរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ាន២០២០ ក្នុងការរៀបចំអោយមានសម័យប្រជុំពិសេសរបស់មេដឹកនាំអាស៊ានលើកទី១ ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

មុននឹងបញ្ចប់ការចែករំលែកនូវបទពិសោធន៍លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីផលប៉ះពាល់ដ៏មហន្តរាយនៃវិបត្តិនៃការឆ្លងរាលដាលរបស់ជំងឺកូវីដ-១៩ ដែលបានបង្ហាញនូវឱកាសតូចចង្អៀតមួយ ដែលតម្រូវឱ្យមនុស្សធ្វើកំណែទម្រង់នូវផ្នត់គំនិតធ្វើឱ្យកាន់តែស៊ីជម្រៅនូវគំរូអភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងគោលបំណងដែលយើងទាំងអស់គ្នាអាចសម្រេចបាននូវសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន និរន្តភាព ភាពធន់មំា និងថាមភាព។

​គួររម្លឹកផងដែរថា កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ាលើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តជាលើកដំបូងនាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅឆ្នាំ២០០៩ នៅហ៊ួហ៊ីន ព្រះរាជាណាចក្រថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមក កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា បានប្រព្រឹត្តទៅចំនួន ៩លើក រួចមកហើយ ដែលលើកចុងក្រោយនៅឆ្នាំ២០១៩ ធ្វើនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំកំពូលរវាងអន្តរសភាអាយប៉ា និងអាស៊ាន គឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងអាស៊ាន និងអាយប៉ា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀតរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងន័យគាំទ្រគ្នាទៅវិញទៅមក ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន និងការពិភាក្សាលើកិច្ចការរបស់អាស៊ាន និងអាយប៉ានៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ ដោយឈរលើមូលដ្ឋាន “ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារសំខាន់នៃអាស៊ាន”៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង