កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម បានជួយពិភាក្សាជាមួយលោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំនៅកម្ពុជា។
រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា។ (រូបថត៖ Thmey Thmey.com)
លោកឯកអគ្គរដ្ឋទូត ចង់ឲ្យមានការនាំចូលអង្ករកម្ពុជា ទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារ ក្រោយពីបញ្ហាជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើតត្រូវបានដោះស្រាយហើយ។ នេះបើតាមការចេញផ្សារលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។
លោកឯកអគ្គរដ្ឋទូត លើកឡើងថា វិស័យប្រេងឥន្ធនៈនៅទីម័រខាងកើតកំពុងត្រូវការកម្មករ។ លោក បញ្ជាក់ថា រដ្ឋាភិបាលទីម័រខាងកើតនឹងផ្ដល់ការងារក្នុងវិស័យនេះប្រមាណ៣ពាន់កន្លែងដល់កម្ពុជា។ ក្រៅពីនេះ ប្រទេសទីម័រខាងកើត ក៏មានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាវិញផងដែរ។
លោក ប៉ាន សូរស័ក្តិ អះអាងថា កម្ពុជា ត្រៀមអង្ករ៣ម៉ឺនតោនរួចជាស្រេច សម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត។ លោក បានស្នើសុំឲ្យសហភាគីទីម័រខាងកើតពិនិត្យលទ្ធភាព ហើយផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្វាគមន៍ដល់វិស័យឯកជន នៃប្រទេសទីម័រខាងកើត បើករោងចក្រកិន ស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករ ទៅទីម័រខាងកើតវិញ ផងដែរ។
ចំណែក ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា បានធ្វើការកត់សម្គាល់នូវ បំណង ក្នុងការនាំចូលអង្ករកម្ពុជា ទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពីបញ្ហា ជាប់គាំងនយោបាយ នៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេសទីម័រខាងកើត មានកសិផលមួយចំនួន ដែលអាចនាំ ចេញមកទីផ្សារកម្ពុជាផងដែរ។
ជាមួយគ្នាដែរ លោករដ្ឋមន្រី្ត បានស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ លោក ថ្លែង កម្ពុជាស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត ក្នុងការបើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន