យោងតាមអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា អាជ្ញាធរខេត្តបានខឹតខំប្រឹងប្រែងចរចាជាមួយថៃដើម្បីបើកទ្វារព្រំដែននៅច្រកអន្ដរជាតិប៉ោយប៉ែតដែលឈមជាមួយប្រទេសកម្ពុជា ប៉ុន្តែភាគីថៃមិនទាន់អនុញ្ញាតឲ្យបើកទ្វារព្រំដែន ដោយសារការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៤ ខែមិថុនា
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក អ៊ុំ រាត្រី បានអះអាងថា បើទោះបីមិនអនុញ្ញាតឲ្យមនុស្សចេញចូលក៏ពិតមែន ប៉ុន្ដែអាជ្ញាធរកម្ពុជា-ថៃ បាន ឯកភាពអនុញ្ញាតឲ្យរថយន្ដដឹកទំនិញធុនធំ ចេញចូលធម្មតា ប៉ុន្ដែត្រូវមានការពិនិត្យសុខាភាពយ៉ាងឌិតដល់ ហើយឲ្យមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះក្នុងរថយន្ដ។
លោកបានថ្លែងក្នុងឱកាសនោះថា៖ "ខេត្តបន្ទាយមានជ័យយើង ប្លែកពីគេទូទាំងប្រទេស ហើយបញ្ហាប្រឈមគឺកម្មករអូសរទេះនេះឯង ព្រោះពេលច្រកប៉ោយប៉ែតបើកធម្មតា គាត់ដឹកទំនិញ គាត់យកទៅដឹកជាមួយក្រុមកម្មករអូសរទេះ ដោយមិនសូវប្រើប្រាស់តាមរថយន្តទេ។ ការធ្វើដូច្នេះក៏មានផលប្រយោជន៍ដែរ គឺបានផលប្រយោជន៍ទៅបងប្អូនកម្មករដែលអូសរទេះនោះ ពួកគាត់ជាកម្មករក្រីក្រ និងពិការដែរ"។
លោកបន្តថា ដោយសារមកទល់ពេលនេះប្រទេសថៃនៅតែបិទប្រទេសរបស់គេ ដោយសារបញ្ហាកូវីដ ១៩ និងមិនអនុញ្ញាតឲ្យពលរដ្ឋ ឬជនបរទេស ចេញចូលប្រទេសគេទេ បើទោះអាជ្ញាធរកម្ពុជាបានព្យាយាមចរចាយ៉ាងណា ក៏ថៃមិនព្រមដែរ។
លោកបញ្ជាក់ថា៖ "ខ្ញុំនិយាយឲ្យចំ ខ្ញុំបានព្យាយាមទៅប្រជុំផ្ទាល់ជាមួយអភិបាលខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីសំណូមពរថា ពីមុនរទេះ ១ មានគ្នាក៏ ១០ នាក់ដែរ ដើម្បីរុញរទេះនេះទៅបាន ប៉ុន្តែពេលនេះរទេះ ១ មានគ្នាតែ ៤ នាក់ ក៏គេមិនអនុញ្ញាតដែរ ដោយសារតែមនុស្សចូលប្រទេសគេ។ នេះគឺជាការហាមឃាត់ពីខាងភាគីថៃ យើងក្នុងនាមអាជ្ញាធរ ព្យាយាមខំជួយណាស់ ប៉ុន្តែគេមិនអនុញ្ញាតយើងតែប៉ុណ្ណោះ"។
ពាក់ព័ន្ធនឹងការឆ្លងដែនចេញចូលវិញលោក អ៊ុំ រាត្រី បានអះអាងថា បច្ចុប្បន្ននៅតែមានពលរដ្ឋខ្មែរត្រឡប់ពីថៃចន្លោះពី ២០០ នាក់ ទៅ ៣០០ នាក់ក្នុង ១ ថ្ងៃ និងមានពលរដ្ឋកម្ពុជាចន្លោះពី ១០ ទៅ ២០ នាក់ នៅតែព្យាយាមលួចឆ្លងដែនខុសច្បាប់ទៅថៃវិញតាមច្រករបៀងតូចៗ ខណៈសកម្មភាពនេះត្រូវបានហាមឃាត់ និងត្រូវថៃចាប់បញ្ចូនត្រឡប់មកវិញស្ទើររាល់ថ្ងៃ។
លោកថា៖ "១៥៣ គីឡូម៉ែត្រ (ព្រំជាប់ប្រទេសថៃ ក្នុងខេត្តបន្ទាយមានជ័យ) បើខ្ញុំមិនច្រឡំទេ គឺដូចជាមានជាង ៥០ ច្រក (របៀង)។ ប៉ុន្តែច្រកទាំងអស់នេះគឺមិនអនុញ្ញាតឲ្យមនុស្សចេញ-ចូលទេ គឺសម្រាប់សមត្ថកិច្ច គាត់ត្រួតពិនិត្យ និងឈរជើងដែលកន្លែងខ្លះមាននគរបាលព្រំដែន កន្លែងខ្លះកងទ័ពគាត់ឈរជើង ហើយមិនមែនមានន័យថា ការឈរជើងនោះ ប្រជាពលរដ្ឋអាចចេញចូល (ឆ្លងដែន) បានទេ"។
ការប្រកាសបិទច្រក និងពន្យារពេលបិទប្រទេសរបស់រដ្ឋាភិបាលថៃបានធ្វើឲ្យក្រុមកម្មករអូសរទេះរាប់រយនាក់ និងក្រុមអាជីវករមួយចំនួនផងបានប្រកាសធ្វើបាតុកម្មដើម្បីទាមទារឱ្យអាជ្ញាធរខ្មែរអន្តរាគមន៍ទៅភាគីថៃ សុំបើកទ្វារព្រំដែនឡើងវិញ។ ប៉ុន្តែគម្រោងនេះត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យហាមឃាត់ដោយមានទាំងកម្លាំងចាំរារាំងផង។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំនៅច្រកប៉ោយប៉ែតបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាប្រសិនបើអាជ្ញាធរកម្ពុជាពិតជាបានលើកពីកង្វល់របស់កម្មករទៅកាន់អាជ្ញាធរថៃមែនគឺជារឿងល្អ។
ប៉ុន្តែលោកមិនប្រាកដថាអាជ្ញាធរកម្ពុជាពិតជាបានលើបញ្ហានេះទៅចរចាជាមួយថៃនោះទេ ព្រោះថាក្នុងរបាយការណ៍ភាគីថៃមិនមានបញ្ជាក់ពីការទាមទារពីកម្ពុជាក្នុងបញ្ហានេះទេ។
លោកបានបន្តថា៖ "ក្នុងអំឡុងពេលនេះ កម្មករអូសរទេះ និងក្រុមអាជីវកដែលផ្ញើអាយុជីវិត និងរបស់ទ្រព្យនៅក្នុងទឹកដីថៃ មិនត្រឹមតែប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ពួកគាត់កំពុងជួបប្រទះបញ្ហាខ្វះខាតជីវភាពខ្លាំង ព្រោះតែមិនអាចស្វែងចំណូល ហើយប្រឈមនឹងបំណុលថែមទៀត"។
បន្ថែមពីនេះលោក ពុទ្ធិ បានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាគួរហាមរថយន្តដឹកទំនិញរបស់ថៃឲ្យតឹងរ៉ឹងជាងនេះ ខណៈទំនិញកម្ពុជាដឹកចូលទៅប្រទេសថៃ មានភាពរឹតត្បិតខ្លាំង ប៉ុន្តែពេលភាគីថៃដឹកមកកម្ពុជាវិញ ហាក់មិនមានការរឹតត្បិតនោះទេ៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន