ប្រមុខរាជរដ្ឋាភិបាល កោតសរសើរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា

10:19 | 17/05/2020

នៅក្នុងសម័ប្រជុំពេញអង្គរបស់ខ្លួន កាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក រដ្ឋបាលរាជធានី ខេត្តទាំងអស់ ក្រុមគ្រូពេទ្យ និងសាធារណជន ដែលបានខិតខំចាត់វិធានការការពារនិងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង​និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា។

ប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​ត្រូវ​ចុះត្រួតពិនិត្យអនាម័យនៅតាមភោជនីយដ្ឋាន ហើយត្រូវធ្វើការណែនាំប្រសិនបើមានការខ្វះ​ចន្លោះ។ ក្នុងករណីភោជនីយដ្ឋានណាមួយមិនអនុវត្តន៍​ស្របតាមវិធានអនាម័យរបស់​ក្រសួង​សុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវផ្អាកអាជីវកម្មជាបណ្តោះ​អាសន្នរហូតមានការរៀបចំកែលម្អអនាម័យឡើងវិញ ទើបអនុញ្ញាតឱ្យបន្តអាជីវកម្មជាថ្មី។ សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា ចំពោះសំណើសុំបើកសាលារៀនឡើងវិញ មិនគួរធ្វើ​ឡើងដោយប្រញាប់ពេកនោះទេ ព្រោះអាចបង្កជាហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សម្ដេចតេជោបានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលនៅតែ​បន្តអនុវត្តន៍​គោលនយោបាយគាំពារសង្គម ដែលរួមមាន ការបន្តយកចិត្តទុកដាក់ឧបត្ថម្ភចំពោះ​កម្មការីនី​ដែលជាស្ត្រីមានផ្ទៃពោះ គ្រួសារដែលមានជីវភាពក្រីក្រ និងបង្កើនមូលធនថវិកា «សាច់​ប្រាក់ពលកម្ម» ដើម្បីជួយដល់កម្មករនិយោជិតដែលបានព្យួរការងារកំលុងពេលដែលរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនបានផ្អាកដំណើរការ ដោយ​សាររងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាជំងឺកូវីដ-១៩ ស្របតាមការផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងក្នុងនាមរាជរដ្ឋាភិបាល សូមក្រាបថ្វាយបង្គំអរព្រះ​គុណ​ជាអនេក ថ្វាយព្រះកុរណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះ​រាជទាននូវព្រះរាជទ្រព្យដល់រាជរដ្ឋាភិបាលកម្ពុជា និងសូមថ្លែងអំណរគុណចំពោះ​សប្បុរស​ជន​នានាដែលបានចូលរួមឧបត្ថម្ភថវិកា ដើម្បីគាំទ្រដល់ការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ នៅកម្ពុជា។ ទន្ទឹមនិងនេះដែរ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណចំពោះ​មន្ត្រី​រាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ដែលបានចូលរួមជាវិភាគ​ទាននូវប្រាក់បៀវត្សរ៍និងថវិកាផ្ទាល់ខ្លួន ជូនដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់​រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នកើនឡើងរហូតដល់ជាង៧៣,០០០នាក់ ក្នុងទំហំទឹកប្រាក់ជាង ៤០ពាន់លានរៀល៕

(ប្រភពព័ត៌មាន: akp.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤