ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីខាងក្រៅចូលមកក្នុងប្រទេសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្រសួងនឹងរឹតបន្តឹងឱ្យបានខ្លាំងក្លាបន្ថែមទៀតនៅព្រលានយន្តហោះ ដើម្បីទប់ស្កាត់ការនាំជំងឺកូវីដ-១៩ មកពីខាងក្រៅ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា គូសបញ្ជាក់ថា នឹងរឹតបន្តឹងការត្រួតពិនិត្យបន្ថែមទៀត នៅព្រលានយន្តហោះ។
ឯកឧត្ដម ម៉ម ប៊ុនហេង បានគូសបានបញ្ជាក់ថា “ខ្ញុំកំពុងចេញគោលការណ៍ប្រតិបត្តិនៅតាមអាកាសយានដ្ឋាន ដើម្បីត្រួតពិនិត្យអ្នកចេញ-ចូលអាកាសយានដ្ឋាន ករណីនៅស្រុកខ្មែរ គឺករណីនាំចូល អញ្ចឹងត្រូវធ្វើឱ្យបានតឹងរឹងថែមទៀត"។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការការរឹតបន្តឹងនេះដោយដាក់ម៉ាស៊ីនត្រួតពិនិត្យអ្នកធ្វើដំណើរទាំងអស់ដើម្បីស្វែករកអ្នកជំងឺកូវីដ-១៩ ហើយពង្រឹងការតាមដានជំងឺនេះបន្ថែមទៀត ពីព្រោះករណីនៅស្រុកខ្មែរជាករណីនាំចូល ដូច្នេះយើងពង្រឹងឱ្យបានហ្មត់ចត់ថែមទៀត។ ឯកឧត្ដមបានបន្តទៀតថា ការពង្រឹងនោះ យើងដាក់បដា នៅតាមព្រលានយន្តហោះ ហើយអ្នកចេញ-ចូលព្រលានយន្ដហោះ ត្រូវមានលិខិតបញ្ជាក់ថាមិនមានវីរុសកូវីដ-១៩នោះទេ ហើយត្រូវពិនិត្យក្នុងរយៈពេល៧២ម៉ោង។ ចំពោះអ្នកទាំងនោះត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយត្រូវបង់លុយទុក បន្ទាប់មកក្រុមចត្តាឡីស័ក នឹងធ្វើការជាមួយអាកាសយានដ្ឋានក្នុងការធ្វើអនាម័យឱ្យកាន់តែល្អថែមទៀត ដើម្បីធានាថាកម្ពុជាគ្មានជំងឺកូវីដ-១៩។
ឯកឧត្ដមរដ្ឋមន្រ្ដីបន្ថែមថា ការធ្វើអ្វីៗគឺត្រូវធ្វើជាអន្តរក្រសួង មិនអាចធ្វើតែក្រុមចត្តាឡីស័កតែមួយនោះទេ៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន