សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាព ហើយរួមគ្នា ទប់ស្កាត់បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំង កម្ចាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ akp.com.khmer)
នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ បានសរសេរ ថា “យើងរួមគ្នាទប់ស្កាត់បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ហើយរាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុ ជីវិតផ្ទាល់របស់បងប្អូន ប្តី ប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិ យើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ-១៩”។ សម្ដេចតេជោបន្តថា សូមយកជាប់តាម ខ្លួនរាល់ពេលធ្វើដំណើរ នូវម៉ាស់ ទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ សម្ដេចតេជោបានណែនាំដល់បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាង សម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាល់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និង តាមទីធ្លាសាធារណៈ ដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារទាំងនោះ ត្រូវបានប៉ះពាល់ ដោយអ្នកមានមេរោគឆ្លងកូវីដ-១៩ ឬទេ។
លើសពីនេះទៀត សម្តេច តេជោ បានអំពាវនាវបងប្អូនប្រជាជន "យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច"៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន