ឆ្នាំនេះ កម្ពុជា​នឹងមិន​ខ្វះ​អំបិល​ទេ ព្រោះ​អាកាសធាតុ​អំណោយផល​

15:51 | 10/04/2020

ឆ្នាំ​២០២០​នេះ កម្ពុជា ទំនង​ជាមាន​អំបិល​ប្រើប្រាស់​គ្រប់គ្រាន់​តាម​តម្រូវការ​។ គិត​មកដល់ពេលនេះ ទិន្នផល​អំបិល​ពី​៦​ម៉ឺន ទៅ​៧​ម៉ឺន​តោន ត្រូវបាន​ប្រមូល​រួចហើយ ខណៈ​តម្រូវ​ការសរុប​មាន​ប្រមាណ​១០​ម៉ឺន​តោន​។ បើតាម​ថ្នាក់ដឹកនាំ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប​-​កំពត កម្ពុជា​កំពុងមាន​អំណោយផល​ពី​អាកាសធាតុ និង​កម្លាំង​ពលកម្ម​ច្រើន​។​

វាលផលិតអំពិលមួយ។ (រូបថត៖ Thmey thmey.com)

«​បើ​គ្មាន​ភ្លៀង​ធ្លាក់​ត្រឹមតែ​រយៈពេល​មួយខែ​ទៀត ការផលិត​អំបិល​របស់​កម្ពុជា​ប្រចាំ​ឆ្នាំ​២០២០ នឹង​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ទូទាំងប្រទេស​បាន ១០​ម៉ឺន​តោន​»​។ លោក ប៊ុន បារាំង បាន​អះអាង​ប្រាប់ ThmeyThmey តាម​ទូរ​សព្ទ យ៉ាង​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា​។​

​សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប​-​កំពត រូបនេះ បាន​អះអាងថា អាកាសធាតុ​ក្តៅ​ខ្លាំង​ចាប់តាំងពី​ដើមរដូវ​មក ធ្វើ​ឲ្យ​កសិករ​ផលិត​អំបិល​បាន​ច្រើន ហើយ​ថែមទាំង​មានគុណ​ភាពល្អ​ថែមទៀត​។

​លោក ប៊ុន បារាំង បាន​វាយតម្លៃថា​៖ «​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់ផ្តើម​ប្រមូល​ផល​អំបិល​បាន​តាំង​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​មកដល់​បច្ចុប្បន្ន ហើយ​សកម្មភាព​នេះ​នៅតែ​បន្ត​ផលិត​រហូត ប្រសិនបើ​អាកាសធាតុ​នៅតែ​អំណោយផល​ក្តៅ​បែបនេះ​»​។ មកដល់ពេលនេះ យើង​ប្រមូល​អំបិល​បាន​ប្រហែល​៦​ទៅ​៧​ម៉ឺន​តោន តែ​ប្រសិនបើ​មេឃ​នៅ​បន្ត​រាំងភ្លៀង​ត្រឹមតែ​មួយខែ​ទៀត ការប្រមូល​ផល​អំបិល​នឹង​អាចឈាន​ដល់​ជាង​១០​ម៉ឺន​តោន​»​។

​ដោយ​មើលឃើញ​ពី​អាកាសធាតុ​អំណោយផល​ល្អ រួមទាំង​ការខិតខំ​ប្រឹងប្រែង​ផលិត​អំបិល​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ លោក ប៊ុន បារាំង និយាយ​ដោយ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ថា សម្រាប់​ឆ្នាំ​២០២០ កម្ពុជា​មិន​ព្រួយបារម្ភ​ខ្លាច​ខ្វះ​អំបិល​ប្រើប្រាស់​ទៀតឡើយ ដោយ លោក បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​ធានាថា​ឆ្នាំនេះ យើង​មិន​ខ្វះ​អំបិល​ប្រើប្រាស់​ឡើយ​»​។

​បើតាម​សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប​និង​កំពត ប្រសិនបើ​អាកាសធាតុ​អំណោយផល​ដូចជា​ឆ្នាំនេះ បី​ឆ្នាំ​ជាប់ៗ​គ្នា នោះ​កម្ពុជា​នឹងមាន​អំបិល​គ្រប់គ្រាន់ និង​សល់​អំបិល ហើយ​ការ​នាំចូល​អំបិល​ពី​បរទេស​មក​បំពេញតម្រូវកា​រ​ក្នុងស្រុក​នឹងត្រូវ​បញ្ចប់​។ បើតាម លោក ប៊ុន បារាំង បច្ចុប្បន្ន​ស្រែអំបិល​នៅ​កំពត​-​កែប មាន​ផ្ទៃដី​ជាង​៤៦០០​ហិកតា​។​

​ដោយឡែក​ឆ្នាំ​២០២០​នេះ មិន​ត្រឹម​អាកាសធាតុ​អំណោយផល​ល្អ​នោះ ហើយ​ថែមទាំង​មាន​កម្លាំង​ពលកម្ម​ថ្មី​ជាច្រើន​ដែលជា​ពលករ​ត្រឡប់​មកពី​បរទេស​វិញ មក​បម្រើ​ការងារ​ក្នុង​វិស័យនេះ ដែល​ជំរុញ​ដល់​ការផលិត​អំបិល​ក្នុងស្រុក​កាន់​តែមាន​កំណើន​។

​កាល​ឆ្នាំ​២០១៨ កម្ពុជា​នាំចូល​អំបិល​ពី​ចិន​១​ម៉ឺន​តោន និង​ពី​ឥណ្ឌា​២​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩ ដើម្បី​បំពេញ​តម្រូវ​ប្រើប្រាស់​ក្នុងស្រុក​៕

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip