ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត ដោយអះអាងថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខ្លួនបានធ្វើតេស្តសុខភាពលើអ្នកដំណើរតាមនាវា Westerdam ចំនួន១២៨៦នាក់ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយលទ្ធផលបង្ហាញថា ពួកគេមិនមានមេរោគកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ។
នាវា MS Westerdam នៅកំពង់ផែនៅខេត្តព្រះសីហនុ
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសារជូនពរអ្នកដំណើរចុងក្រោយទាំង ២៣៣នាក់ នៃនាវា Westerdam ឱ្យធ្វើដំណើរទៅប្រទេសកំណើតរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព ហើយសម្តេចក៏ប្រកាសរង់ចាំស្វាគមន៍ជានិច្ចគ្រប់ពេលវេលា បើពួកគេមកកម្ពុជាម្តងទៀត។
តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ បានឲ្យដឹងបន្ថែមថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកដំណើរ ២៣៣រូបចុងក្រោយ ដែលក្នុងនោះមាន២០នាក់ជានាវឹក និងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍ ២២សញ្ជាតិ បានចាកចេញពីនាវា MS Westerdam ធ្វើដំណើរតាមរថយន្តក្រុងចំនួន ១០គ្រឿង ពីក្រុងព្រះសីហនុឆ្ពោះ មកកាន់រាជធានីភ្នំពេញ ដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ តាមជើងហោះហើរពីរាជធានីភ្នំពេញ។
គ្រប់អ្នកដំណើរទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កំដៅ និងធ្វើតេស្តសុខភាព ដោយមានវត្តមានមន្ត្រីជំនាញ របស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (COVID-19)។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់ កប៉ាល់ទាំងអស់ ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុនពេលអនុញ្ញាឱ្យដឹកនាំនាវា MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
(សរុបដោយ ហេង វុធ្ធ)


មតិពីមិត្តអ្នកអាន