នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួប ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជានិង លោក Gluseppe de Vincentiis អ្នកតំណាងទើបតែងតាំងថ្មីនៃអង្គការ UNHCR ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ។
ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជាក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង។ (ប្រភព៖ AKP)
ក្នុងជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឯកឧត្តម Vladimir Goshin បានបញ្ជាក់ថា ប្រមាណមួយភាគបីនៃឧស្សាហកម្មធុនធ្ងន់របស់បេឡារុសគឺការផលិតរថយន្តធុនធ្ងន់ ដែលបានគ្របដណ្ដប់ទីផ្សារពិភពលោក ហើយនេះគឺជាមូលហេតុមួយដែលជំរុញឱ្យឯកឧត្ដមមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីបានជួបជាមួយស្ថាប័នពាក់ព័ន្ធស្វែងរកឱកាសបង្កើនការវិនិយោគនៅប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានសាទរចំពោះវត្តមាននៃការស្វែងរកឱកាសវិនិយោគរបស់បេឡារុសនៅកម្ពុជាពេលនេះ។ សម្ដេចក៏បានទទួលស្គាល់នូវភាពល្បីល្បាញចំពោះឧស្សាហកម្មធុនធ្ងន់បេឡារុស និងគាំទ្រចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតបេឡារុសបានលើកឡើងដែរថា បច្ចុប្បន្ននេះបេឡារុស មានរោចក្រផលិតរថយន្តធុនធ្ងន់នៅប្រទេសវៀតណាម ដោយផ្ដោតលើទីផ្សារតំបន់អាស៊ាន ហើយឯកឧត្ដមក៏រំពឹងថានឹងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងបណ្ដាប្រទេសនានាផ្សេងទៀតក្នុងតំបន់នេះ ដូចជាប្រទេសកម្ពុជាផងដែរ។
លោក Gluseppe de Vincentiis អ្នកតំណាងទើបតែងតាំងថ្មីនៃអង្គការ UNHCR ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ និង សម្តេចក្រឡាហោម ស ខេង។ (ប្រភព៖ AKP)
នៅថ្ងៃដដែល សម្តេចក្រឡាហោម ស ខេង ក៏បានទទួលជួបពិភាក្សាជាមួយលោក Gluseppe de Vincentiis អ្នកតំណាងទើបតែងតាំងថ្មីនៃអង្គការ UNHCR ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ។ សម្តេចក្រឡាហោម ស ខេង បានសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួល បន្ទុកជនភៀសខ្លួនប្រចាំកម្ពុជា (UNHCR) ជាពិសេស លើការងារជួយគាំទ្រ កិច្ចការជនភៀស ខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កម្ពុជា ជាប្រទេសហត្ថាលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួន កាលពីឆ្នាំ១៩៥១។ ដូច្នេះហើយកម្ពុជាមានភារកិច្ចទទួល និងពិនិត្យរាល់សំណើជនទាំងឡាយណាដែលគេចចេញពីការធ្វើទុក្ខបុកម្នេញលើសិទ្ធិ សេរីភាព ក្រោម ហេតុផលនយោបាយ ឬក៏ជនដែលរត់គេចពីសង្រ្គាម និងដែលស្ថិតក្រោយអនុសញ្ញាស្តីពី ជនភៀសខ្លួននេះ។
ជាការឆ្លើយតប លោក Gluseppe de Vincentiis បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួន ដោយក្នុងតំបន់អាស៊ានមិនមានប្រទេសច្រើនចូលរួមក្នុងអនុសញ្ញានេះទេ។ លោកក៏បានបង្ហាញនូវការបេ្តជ្ញាចិត្តបន្តជួយគាំទ្រ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ ជាមួយក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់លើការងារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនផងដែរ។ លោកបានសម្ដែងការសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងការៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន ដែលនេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ និងជាការរួមចំណែកក្នុងការគ្រប់គ្រង ក៏ដូចជាចុះបញ្ជីចំនួនជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនប្រកបដោយប្រសិទ្ធភាព ៕
(សរុបដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន