អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណនិង វាយតម្លៃខ្ពស់ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងការផ្តល់ជំនួយបច្ចេកទេស ជូនព្រះរាជាណាចក្រកម្ពុជា ជាពិសេសការផ្តល់ជំនួយបច្ចេកទេស ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា និងការកសាងសមត្ថភាពមន្រ្តីគយនិងរដ្ឋាករ តាំងពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ន។
លោក William E. LeDrew និង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលដឹកនាំដោយលោក Yasuhisa Ojima អ្នកតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក William E. LeDrew ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រទាននូវគ្រឿងឥស្សរិយយសថ្នាក់ មហាសេនា តាមរយៈការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លោក William E. LeDrew ជាអ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ អមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ទាំងរយៈពេលខ្លី និងរយៈពេលវែង ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៩។
ក្នុងតួនាទីជាអ្នកជំនាញការ លោកបានចូលរួមចំណែកទាំងកម្លាំងកាយចិត្ត និងសមត្ថភាពជំនាញ រហូតធ្វើឱ្យការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់ អគរលើច្រើនវិស័យ ជាពិសេសពាក់ព័ន្ធនឹងការកសាងបទប្បញ្ញតិ្ត និងគោលនយោបាយរបស់ អគរ ទទួលបានជោគជ័យគួរជាទីមោទនៈ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា តាមរយៈគុណបំណាច់ដ៏ធំធេងនេះ លោក William E. LeDrew ពិតជាសក្តិសមនឹងទទួលនូវគ្រឿងឥស្សរិយយសនេះ៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន