ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជាត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) ប្រចាំឆ្នាំ២០១៩ ក្នុងប្រភេទ «សហគ្រាសសង្គមដែលមាននិរន្តភាព» នាថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ។ នេះជាឆ្នាំទី ៣ ហើយដែលក្រុមហ៊ុនដ៏ឆ្នើមមួយនេះបានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន។
តំណាំងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ Clicknews)
ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul ដោយមានការចូលរួមពីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្មឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Kalin Sarasin និងប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក Supant Mongkolsuthree ក៏ដូចជាប្រធានសមាគមធនាគារិកថៃលោក Predee Daochai។
លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីនេះ។ លោកជំទាវ បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ និយោជិក និងដៃគូអាជីវកម្មជាច្រើនទៀត។ បើគ្មានការចូលរួមគាំទ្រដ៏ធំធេងរបស់អ្នកទាំងអស់គ្នាទេនោះ ចក្ខុវិស័យរបស់វីង នឹងមិនត្រូវបានទទួលស្គាល់ ព្រមទាំងមានការរីកចម្រើនរហូតមកដល់ពេលនេះទេ”។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «សមិទ្ធផលថ្ងៃនេះ ពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំរបស់យើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការទទួលស្គាល់មួយនេះ គឺជាការជំរុញទឹកចិត្តយើងឱ្យខិតខំដើរទៅមុខទៀត និងបន្តនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផលថ្មីដែលបំពេញតម្រូវការអតិថិជនរបស់យើង»។
លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីនេះ (រូបថត៖ Clicknews)
ពានរង្វាន់ធុរកិច្ចអាស៊ាន ត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ ២០០៧ ហើយជារៀងរាល់ឆ្នាំ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើមដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍នានារបស់ពួកគេ។
លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ថ្លែងដោយមោទនភាពថា៖ «ខ្ញុំពិតជាត្រេកអរ និងសប្បាយរីករាយឥតឧបមាដែលអាចគាំទ្របេសកកម្មរបស់ក្រុមហ៊ុនយើងប្រកបដោយប្រសិទ្ធភាព ដែលការធ្វើបែបនេះ ជះឥទ្ធិពលជាវិជ្ជមានដល់ការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តសម្រាប់ប្រជាជនកម្ពុជានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ»។
កាលពី ១០ឆ្នាំមុន វីង បានចាប់ផ្តើមផ្ដល់សេវាផ្ទេរប្រាក់ ហើយក៏បានបន្តអភិវឌ្ឍខ្លួនរហូតមក ដើម្បីផ្តល់ជូននូវផលិតផល រួមទាំងសេវាកម្មជាច្រើន ដែលកំពុងជំរុញកំណើននៃសង្គមនៃការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ វីង នៅតែឈរនៅជួរមុខគេនៃទីផ្សារសេវាផ្ទេរប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិកនៅក្នុងប្រទេសដែលមានសេវាគ្របដណ្តប់តាមស្រុក ១០០ភាគរយជាមួយភ្នាក់ងារវីងជាង ៧០០០ កន្លែងទូទាំងប្រទេស។ អតិថិជនវីងអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ពួកគេ ទូទាត់វិក្កយបត្រផ្ទេរប្រាក់ទិញទំនិញពីហាងតាមអ៊ីនធឺណិតនៅក្រៅប្រទេស កក់សំបុត្រយន្តហោះ ទូទាត់ថ្លៃអាហារតាមរយៈសេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ដោយស្គែន QR កូដហើយក៏អាចទទួលបានការផ្ញើប្រាក់ពីប្រទេសជាង ២០០ នៅទូទាំងពិភពលោកផងដែរ៕
((ប្រភព៖ Clicknews - សរុបដោយ ហេងវុធ្ធី))


មតិពីមិត្តអ្នកអាន