រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពីថ្ងៃទី១ ខែសីហា បានជួបទ្វេភាគី ជាមួយតំណាងជាន់ខ្ពស់ផ្នែកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបលោកស្រី Federica Mogherini នៅទីក្រុងបាងកក ប្រទេស ថៃ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២។
លោកស្រី Federica Mogherini និងលោកប្រាក់ សុខុន
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បានថ្លែងប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា លោក ប្រាក់ សុខុន បានជួបប្រជុំទ្វេភាគី ជាមួយលោកស្រី Mogherini នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប៉ុន្តែលោកបដិសេធធ្វើអត្ថាធិប្បាយលម្អិតអំពីប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។
ទោះយ៉ាងណា លោកស្រី Mogherini បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មានជប៉ុន ASIAN Nikkei Review កាលពីថ្ងៃអង្គារដោយលោកស្រីថ្លែងថា នឹងពិភាក្សាពីបញ្ហា EBA ជាមួយលោក ប្រាក់ សុខុន។ កាលពីខែកុម្ភៈ សហភាពអឺរ៉ុប បានចាប់ផ្ដើមនីតិវិធី ផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងកាលពីម្សិលមិញតាមអ៊ីមែលថា ចាប់ពីថ្ងៃទី ១២ ខែសីហានេះតទៅ គណៈកម្មការអឺរ៉ុបនឹងរៀបចំការសន្និដ្ឋានក្រោយពេលនីតិវិធីរយៈពេល ៦ ខែ ក្នុងការឃ្លាំមើល និងពិភាក្សាគ្នាក្នុងផ្នែកនៃនីតិវិធីផ្អាក EBA។
លោកថ្លែងថា៖ «ក្នុងរយៈពេល ៣ ខែ គណៈកម្មការនឹងបង្ហាញការសន្និដ្ឋាននោះដល់អាជ្ញាធរកម្ពុជា ដែលពួកគេមានពេល ១ ខែ សម្រាប់ឆ្លើយតប។ បន្ទាប់ពីនោះមក ការសម្រេចចិត្តនឹងត្រូវធ្វើឡើងដោយគណៈកម្មការថា តើត្រូវផ្អាកផ្នែកខ្លះនៃប្រព័ន្ធ EBA សម្រាប់កម្ពុជា ផ្អាកទាំងស្រុង ឬមួយក៏មិនផ្អាក?»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា វាមានភាពងាយស្រួលទេក្នុងការសង្គ្រោះ EBA កុំឲ្យបាត់បង់ពីកម្ពុជា នោះគឺតាមរយៈការសម្រុះសម្រួលពីភាគីទាំង ២។
លោកថ្លែងថា៖ «ក្នុងពេលដែលនឹងឈានដល់ការសម្រេចចិត្តរបស់ EU ខ្ញុំគិតថា នឹងមានការប្រែប្រួលខ្លះ តែមិនអាចត្រឡប់មកវិញទាំងស្រុងទេ។ ខ្ញុំជឿថា ការទាមទារឲ្យសង្គ្រោះជាតិរស់ឡើងវិញ វាមិនអាចថយក្រោយទាំងស្រុងបែបហ្នឹងទេ។ ប៉ុន្តែកម្ពុជា អាចនឹងថយក្រោយមួយចំនួនដើម្បីសម្របសម្រួលបញ្ចៀសសម្ពាធ EU មួយចំនួន»។
លោកបន្តថា៖ «ខ្ញុំឃើញមានលទ្ធភាពមួយចំនួនដូចជាការដោះលែងលោកប្រធាន កឹម សុខា ឲ្យមានសេរីភាពឡើងវិញ តាមនីតិវិធីណាមួយ ដែលអាចទទួលយកបានទាំងអស់គ្នាទៅ។ រឿងឃុំ សង្កាត់ខ្ញុំបានអំពាវនាវឲ្យមានការកែច្បាប់ខ្លីមួយ ដើម្បីឲ្យអ្នកជាប់ឆ្នោតឆ្នាំ ២០១៧ ត្រឡប់មកទទួលយកតំណែងវិញក្នុងបក្សណាមួយក៏បានដែរ ឲ្យតែជាបក្សដែលស្របច្បាប់»។ លោកបន្តថា ការទាមទារផ្សេងទៀតរបស់ EU ដូចជាពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជារឿងទី២។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ថ្លែងថា លោក ប្រាក់ សុខុន គួរយកឱកាសនោះ ដើម្បីបង្ហាញពីគំនិតផ្ដួចផ្ដើមថ្មីៗដល់លោកស្រី Mogherini បើសិនជាមានពាក់ព័ន្ធនឹងនីតិវិធី EBA៕
(យោងតាម postkhmer សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន