សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា «ASEP» លើកទី១១ នៅចុងឆ្នាំ២០២០ខាងមុខនេះ។ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ អនុគណៈកម្មការ និងលេខាធិការដ្ឋានជាតិ រៀបចំកិច្ចប្រជុំនេះ និងបានផ្សព្វផ្សាយផ្តើមដំណើរការងារខ្លួនជាផ្លូវការចាប់ពីពេលនេះទៅ។
លោកបណ្ឌិត ងួន ញ៉ិល
សភាកម្ពុជា នឹងទទួលរៀបចំជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប (ASEP) លើកទី១១ នៅភ្នំពេញ នៅឆ្នាំ ២០២០ ខាមុខ។ នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជា ដៃគូសភាអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ បានបញ្ជាក់ថា កិច្ចប្រជុំរបស់ គណៈកម្មការជាលើកដំបូងនាពេលនេះ ដើម្បីប្រកាសនូវសេចក្តីសម្រេចរួម ដែលបានចុះ ហត្ថលេខាដោយសម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា ដើម្បីចាត់ចែង ការងាររៀបចំកិច្ចប្រជុំពេលខាងមុខឱ្យទទួលបានជោគជ័យ។
លោកបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍បន្តថា សេចក្តីសម្រេចលេខ ១២៩ រ.ស គឺមានឯកឧត្តម ផ្ទាល់ជាប្រធាន និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាអនុប្រធាន ហើយបានចែងអំពីតួនាទី និងភារកិច្ចច្បាស់លាស់រួចហើយ ចំណែកឯសេចក្តីសម្រេចលេខ ១៣០ រ.ស គឺសុទ្ធតែជាមន្ត្រីក្រុមការងារបច្ចេកទេស ដែលស្ថិតនៅក្រោមការដឹកនាំ និងចាត់ចែងផ្ទាល់របស់ប្រធានលេខាធិការដ្ឋានជាតិ (អាសិប) លើកទី ១១។
ទិដ្ឋភាពនៃកិច្ចប្រជុំ
លោកបណ្ឌិត ងួន ញ៉ិល បានបន្ថែមថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) គឺធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ជាកិច្ចប្រជុំឆ្លាស់គ្នាម្តងនៅអឺរ៉ុប និងម្តងនៅអាស៊ី ដែលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះធ្វើឡើង១ខែ ឬ៣សប្តាហ៍ មុនកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ដែលហៅកាត់ថា (អាសឹម) ជាកិច្ចប្រជុំដែលខាងរដ្ឋាភិបាលជាអ្នករៀបចំ។
លោកបណ្ឌិត ងួន ញ៉ិល បានស្នើឱ្យមន្ត្រីទទួលបន្ទុកជាសេនាធិការឱ្យសមាជិក សភា ជាពិសេសមន្ត្រីទទួលបន្ទុកជាសេនាធិការឱ្យអនុគណៈកម្មការឯកសារធ្វើការសិក្សា បង្កើតមូលបទកិច្ចប្រជុំអាសិបលើកទី១១ និងប្រធានបទសម្រាប់កិច្ចប្រជុំក្រុមពិភាក្សាទាំង៣ របស់អាសិបដោយរៀបចំ Concept Note លើប្រធានបទនីមួយៗ និងបានស្នើសុំឱ្យ ពិនិត្យ កំណត់ទីតាំង និងកាលបរិច្ឆេទសមស្របក្នុងការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(អាសិប)លើកទី១១នៅឆ្នាំ២០២០ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានជោគ ជ័យដើម្បីជាមុខមាត់ដល់ប្រទេសកម្ពុជាយើងផងដែរ៕
(យោងតាម akp និង freshnewsasia សរុបដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន