មន្ត្រីជាន់ខ្ពស់កិច្ចការនយោបាយនៃក្រសួងការបរទេសកម្ពុជានិងសិង្ហបុរីចំនួន ១៦ នាក់ បានជួបប្រជុំគ្នាកាលពីម្សិលមិញប្រមាណជា ១ ម៉ោងកន្លះ នៅក្រសួងការបរទេសក្នុងរាជធានីភ្នំពេញដែលជាកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី១
កិច្ចប្រជុំពិគ្រោះយោបល់ដោយបិទទ្វារនោះត្រូវបានដឹកនាំដោយលោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងលោក ភីទ័រ តាន់ (Peter Tan) អគ្គលេខធិការរងទទួលបន្ទុកកិច្ចការអាស៊ី និងអាស៊ាន ក្រសួងការបរទេសសិង្ហបុរីនៅទីក្រុងភ្នំពេញ។
មន្ត្រីការបរទេសកម្ពុជា និងសិង្ហបុរីថតរូបអនុស្សាវរីយ៍មុនចាប់ផ្ដើមប្រជុំ
យោងតាមសុន្ទរកថាដែលអានម្នាក់ម្ដងដោយភាគីកម្ពុជា-សិង្ហបុរី បានឲ្យដឹងថា កិច្ចពិគ្រោះយោបល់នេះ រៀបចំឡើងតាមស្មារតីអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-សិង្ហបុរី ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់លោក វីវៀន បាឡាក់ គ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី កាលពីឆ្នាំ ២០១៧ ក្នុងគោលបំណងតាមដាន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ការផ្លាស់ប្ដូរទស្សនកិច្ចគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីជាប្រយោជន៍រួមរវាងប្រទេសទាំង ២៕
លោកស្រី បញ្ញា ថ្លែងថា៖ «កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-សិង្ហបុរី លើកទី១ នាពេលនេះនឹងលើកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី»។
លោកស្រី បញ្ញា ថ្លែងថា ភាគីទាំង ២ បានពិភាក្សានិងវាយតម្លៃរួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួនដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធស្ថាប័ន និងវិស័យសុខាភិបាល និងការដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឈានខ្ពស់ឡើងកម្រិតថ្មីមួយទៀត ព្រមជាមួយគ្នានេះដែរ ភាគីទាំង ២ ក៏បានផ្លាស់ប្ដូរទស្សនវិស័យលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក។
ភាគីទាំង ២ ក៏បានថ្លែងថា ប្រទេសកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ កម្ពុជាជាប្រទេសទី១ ដែលបានទទួលស្គាល់សិង្ហបុរី បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥។ ទំនាក់ទំនងកម្ពុជា-សិង្ហបុរី ផ្ដើមចេញពីអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿជាក់ទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា។
(ប្រភព៖ postkhmer.com សរុបដោយសំណាង)

មតិពីមិត្តអ្នកអាន