​នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារពិសេសទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

06:16 | 07/06/2019 (ប្រភព៖ Fresh News)

នៅរាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីថា មេដឹកនាំសឹង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងបានចោទសួរថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ ?

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន

ការប្រតិកម្មធ្ងន់ៗរ​បស់នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​ទ្វីប​អាស៊ី​ និង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​សប្តាហ៍​មុន​ បានលើកឡើងថា ការ​អន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​ជា ​«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​ទៅ​លើ​កម្ពុជា។​

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេសតាមរយៈ Facebook ទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី​ លី ស៊ានឡុង យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯ.ឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។...»

ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។

សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។

ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?

សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការ​បរទេសរបស់វៀតណាម ​បាន​បង្ហាញ​ការ ​«សោក​ស្តាយ» ចំពោះការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ​កាលពី​សប្តាហ៍​មុន​ ដែល​ថា​ ការ​អន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​ នៅ​ឆ្នាំ​១៩៧៩ ​ជា ​«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​ទៅ​លើ​កម្ពុជា។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​អ្នកស្រី​ Le Thi Thu Hang​ បាន​ឆ្លើយ​តប​ជា​សាធាណៈនៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ​ថា​ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​សឹង្ហបុរី «មិន​បង្ហាញ​ពី​ការណ៍​ពិត​នៃ​ប្រវត្តិ​សាស្រ្ត ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​អវិជ្ជ​មាន​លើ​ការ​យល់​ឃើញ​របស់​សាធារណ​ជន»៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង