សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងឡាវ

09:19 | 28/05/2019 (ប្រភព៖ Fresh News)

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ តាមជើងយន្តហោះពិសេស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសជិតខាងទាំងពីរនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី NGUYEN THI KIM NGAN ប្រធានរដ្ឋសភាវៀតណាម និង លោកស្រី PANY YATHOTOU ប្រធានរដ្ឋសភាឡាវ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ និងនៅប្រទេសឡាវពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។

កំលុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម គណៈប្រតិភូ គ្រោងជួបសវនាការនិងពិភាក្សាការងារ ទ្វេភាគីជាមួយលោក ស្រី NGUYEN THI KIM NGAN ប្រធានរដ្ឋសភា វៀតណាម។ ជួបសវនាការ និងសម្តែងការគួរសមជាមួយលោក NGUYEN PHU TRONG អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ ជួបសវនាការ និងសម្តែងការគួរសមជាមួយ ឯកឧត្តម NGUYEN XUAN PHUC នាយករដ្ឋមន្រ្តីវៀតណាម។

ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក TRAN THANH MAN ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ ឆ្លៀតឱកាសក្នុងពេលបំពេញទស្សនកិច្ចនេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន គ្រោង អនុញ្ញាតឲ្យលោក VU MAO ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមផងដែរ។

នៅក្នុងប្រទេសវៀតណាមនេះ ប្រធានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរកម្ពុជា-វៀតណាម គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ចំណែកនៅក្នុងប្រទេសឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងនឹងចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី PANY YATHOTUO ប្រធានរដ្ឋសភាឡាវ។ ជួបសវនាការ និងសម្តែងការគួរសមជាមួយលោក BOUNHANG VORACHITH ប្រធានាធិបតីឡាវ។

នៅក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងឡាវ ក៏មានកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោងរវាងអគ្គលេខាធិការរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាឡាវផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន