គម្រោងទេសចរណ៍លើទឹកខេត្តសៀមរាបអាចបញ្ចប់ក្នុងចុងសប្ដាហ៍នេះ

11:17 | 17/08/2020 (បូកសរុបដោយឌីណា)

ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

គម្រោងទេសចរណ៍លើទឹកខេត្តសៀមរាបអាចបញ្ចប់ក្នុងចុងសប្ដាហ៍នេះ។ (រូបថត៖ Thmey Thmey.com)

គម្រោង​នេះ​បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ ៨០​ភាគរយ និង​អាច​បញ្ចប់​នៅត្រឹម​ចុង​សប្ដាហ៍​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប​។​

​លោក សេង​កាក់ បាន​បញ្ជាក់ថា​៖ «​នេះ​មិនមែនជា​ផ្សារ​បណ្ដែត​ទឹក​ដូច​អ្នកលេង​ក្នុង​បណ្ដាញ​សង្គម​យល់​នោះទេ គឺជា​កម្សាន្ត​លើទឹក​ដោយមាន​ទូក​ខ្មែរ​ជាច្រើន​ចាំ​បម្រើ​អ្នកទេសចរ និង​មានការ​រៀបចំ​ម្ហូបអាហារ​នៅលើ​ទូក​កម្សាន្ត​នោះ​»​។ លោក​បញ្ជាក់ថា​អ្នកទេសចរ​អាច​កំណត់​ពេលវេលា​ក្នុងការ​ជិះទូក​កម្សាន្ត​នេះ ទៅតាម​ចិត្ត​របស់​អ្នកទេសចរ ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នកទេសចរ​ទិញ​សំបុត្រ​ជាមុនសិន​។ ដោយឡែក​ពាក់ព័ន្ធ​តម្លៃ​សំបុត្រ លោក​មិនទាន់​អាច​បញ្ជាក់បាន​នោះទេ គ្រាន់តែ​លោក​បញ្ជាក់​ពី​ការរៀបចំ​ជា​ទេសចរណ៍​លើទឹក​នេះ មាន​របៀប​ជា​ខ្មែរ​។​

​បើតាម​រដ្ឋបាល​ខេត្តសៀមរាប ក្រៅពី​គម្រោង​កម្សាន្ត​បណ្ដែត​ទឹក​រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​នៅ​ថ្ងៃ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី ១៧ សីហា ដល់​ថ្ងៃទី ២១ សីហា ឆ្នាំ​២០២០ ដូចជា​៖ កម្មវិធី​សាសនា​,​ពិព័រណ៍​ផលិតផល​កសិកម្ម​,​កម្មវិធី​ប្រកួត​ម្ហូបអាហារ​,​កម្មវិធី​ជិះ​កង់​,​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​,​កម្មវិធី​ដើរ​ព្រៃ​, និង​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជាដើម​។

​ក្នុងនោះដែរ លោក​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត និង​ពង្រឹង​ពី​វិធានការ ការពារ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ពាក់​ម៉ាស ឧស្សាហ៍​លាង​សម្អាត​ដៃ និង​រក្សា​គម្លាត ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​១៩​។​

​បើតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​ក្នុង​ខែកក្កដា​កន្លងទៅ ខេត្តសៀមរាប​មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ៥ ២៧១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៣ ៣៤០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ១ ៩៣១​នាក់​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត