សម្រាប់អ្នកដែលចូលចិត្ដមកកម្សាន្ដកន្លែងដែលមានទេសភាពវាលស្រែខៀវស្រងាត់ និងមានបរិស្ថានធម្មជាតិល្អស្រស់បំព្រងក្នុងរដូវវស្សានេះ ដោយលាយឡំជាមួយនឹងសម្លេងក្អាត់យំអមជាមួយកណ្តឹងក្របីកំពុងស៊ីស្មៅតាមវាលស្រែ គឺជាតន្រ្តីតាមបែបធម្មជាតិប្រគំយ៉ាងរណ្តំ អន្ទងចិត្តភ្ញៀវទេសចរដែលកំពុងស្នាក់នៅក្នុងតង់ និងទទួលទានអាហារនៅជាប់វាលស្រែដែលមានទេសភាពបៃតង។ ចំណែកឯផ្កាចម្រុះពណ៌ និងរុក្ខជាតិបៃតងផ្សេងទៀតបានដុះនៅព័ទ្ធជុំវិញដងផ្លូវរួមជាមួយផ្លែទំពាំងបាយជូរព្រៃបាន និងកំពុងតែបង្អួតសម្រស់ដល់ភ្ញៀវទេសចរដែលទាំងនេះ គឺជាទិដ្ឋភាពខ្លះៗ នៃកន្លែង បោះតង់គយគន់ទេសភាពវាលស្រែ The Scenery ដែលមានទីតាំងស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
អ្នកស្រី កង គន្ធា ជាម្ចាស់កន្លែងបោះតង់គយគន់ទេសភាពវាលស្រែ The Scenery
អ្នកស្រី កង គន្ធា ជាម្ចាស់កន្លែងបោះតង់គយគន់ទេសភាពវាលស្រែ The Scenery បានឱ្យដឹងថា មូលហេតុដែលអ្នកស្រីបង្កើតឱ្យមានកន្លែងបែបនេះ ដោយសារតែយល់ឃើញថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរមានការចាប់អារម្មណ៍ និងតែងតែស្វែងរកតំបន់ ធម្មជាតិសម្រាប់សម្រាកលំហែកាយ និងទទួលទានអាហារ និងទស្សនាទេសភាពបៃតង អ្នកស្រីបានបញ្ជាក់ថា កន្លែងនេះ ក៏បានឃើញអំពីទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទនេះ ជាពិសេសបានផ្តល់ការងារឱ្យប្រជាជននៅតំបន់បានធ្វើផងដែរ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា “សម្រាប់ភ្ញៀវទេសចរដែលមកស្នាក់នៅកន្លែងនេះ ព្រឹកឡើងនឹងបានឃើញទេសភាព វាលស្រែ និងជើងភ្នំដ៏ខៀវស្រងាត់ ជាពិសេសសម្លេងកណ្តឹងក្របីពិរោះរណ្ដំ ដែលកំពុងស៊ីស្មៅនៅក្នុងវាលស្រែ ធ្វើឱ្យអារម្មណ៍របស់អ្នកមកកម្សាន្ដកាន់តែស្រស់ថ្លាថែមទៀត”។ ជាមួយគ្នានេះ សម្រាប់ការទទួលទានអាហារពេលព្រឹក នឹងទទួលបាននូវរសជាតិឆ្ងាញ់ពិសា និងអាចបន្តជិះកង់ក្នុងភូមិ ដើម្បីបានឃើញ និងសិក្សាឈ្វេងយល់ពីទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជននៅតំបន់នេះ។ អ្នកស្រីបានបន្ថែមថា សម្រាប់អ្នកទេសចរដែលស្នាក់នៅ The Scenery រហូតមកដល់ពេលល្ងាច អាចដុតក្រឡាន ដំឡូង បង្ហោះគោម និងអាចអង្គុយទទួលទានអាហារ និងភេសជ្ជៈទស្សនាថ្ងៃលិច និងព្រះចន្ទនៅរានហាលជាប់វាលស្រែផងដែរ។
អ្នកស្រី កង គន្ធា ក៏បានរៀបរាប់ឱ្យដឹងទៀតថា នៅ The Scenery នេះ អ្នកទេសចរអាចមកកម្សាន្តហើយវិលត្រឡប់ទៅស្នាក់នៅក្រុងសៀមរាបវិញក៏បាន ឬចង់បោះតង់ ស្នាក់នៅទីនេះក៏បាន ដោយសម្រាប់អ្នកបោះតង់នៅទីនេះ គឺមានពីរប្រភេទ ទីមួយគឺបោះនៅបរិវេណក្រោមដើមឈើ និងទីពីរអាចបោះតង់នៅកណ្តាលវាលស្រែដែលមានស្រូវសន្ទូងខៀវខ្ចី ដែលព័ន្ធជុំវិញ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា “សម្រាប់អ្នកដែលចង់មកបោះតង់ស្នាក់នៅកន្លែងនេះ អាចមកជាលក្ខណៈគ្រួសារ ឬមកជាក្រុមក៏បានដោយកន្លែងនេះមានការពារសន្តិសុខ និងមានការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងវិធានការការពារមេរោគកូវីដ-១៩ របស់ក្រសួងសុខាភិបាលយ៉ាងល្អប្រសើរ”។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប ក្រៅពី ទស្សនាប្រាសាទបុរាណនៅក្នុងតំបន់អង្គរ គឺតែងតែស្វែងរកកន្លែងកម្សាន្តតាមបែបធម្ម ជាតិ ជាពិសេសកន្លែងដែលមានទេសភាពស្អាតៗ ដើម្បីធ្វើឱ្យអារម្មណ៍របស់ពួកគេស្រស់ ស្រាយ៕
(ប្រភពព័ត៌មាន: akp.gov.kh)




មតិពីមិត្តអ្នកអាន