រមណីយដ្ឋានធម្មជាតិពាមក្រសោប ឬ ពលរដ្ឋតែងហៅថា «បាងកាយ៉ាក» បានផ្តល់ជម្រកដល់មច្ឆជាតិ បក្សី និងពពួកសត្វដទៃទៀត ព្រមទាំងធ្វើឲ្យពលរដ្ឋជាង៣០០គ្រួសារ អាចរកមានចំណូលបាន តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ បើកទូកដឹកអ្នកទេសចរ និងនេសាទជាដើម។ តំបន់ព្រៃកោងកាងដ៏ធំនាខេត្តជាប់សមុទ្រមួយនេះ មានទីតាំងស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។
រមណីយដ្ឋានធម្មជាតិពាមក្រសោប ឬ ពលរដ្ឋតែងហៅថា «បាងកាយ៉ាក»
ពាមក្រសោប គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងខេមរភូមិន្ទ។
រមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ដែលអ្នកស្រុកនិយមហៅថា បាងកាយ៉ាក ពិតជាបានបង្កប់នូវសក្តានុពលធម្មជាតិដ៏សម្បូរបែប។ នៅពីក្រោមព្រៃកោងកាងដ៏ខៀវស្រងាត់ ស្ពានបេតុងមួយខ្សែប្រវែង ៦៦៦ម៉ែត្រ នឹងនាំផ្លូវភ្ញៀវទេសចរ ធ្វើដំណើរទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាល។ តភ្ជាប់ពីស្ពានបេតុងមួយនេះ សហគមន៍បានកសាងស្ពានយោលមួយខ្សែទៀត សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។ នៅក្បែរស្ពានយោលនេះដែរ អាចឡើងលើប៉មដ៏ខ្ពស់ដើម្បីទស្សនាទិដ្ឋភាពពាមក្រសោបពីលើអាកាសបានយ៉ាងស្រស់ស្អាត។
បន្តការកម្សាន្តតាមទូកសហគមន៍ ជាញឹកញាប់យើងនឹងប្រទះទូកនេសាទតូចធំ ធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមូលផលនេសាទ។ ក្នុងដំណើរទស្សនាចរណ៍នេះដែរ គេក៏មិនអាចរំលងក្រសែភ្នែកចេញពីបណ្ដុំផ្ទះបណ្ដែតទឹកតូចៗសង់នៅខាងស្ដាំដៃបានឡើយ។ នៅទីនេះ ត្រូវបានគេហៅថាភូមិចាស់ ដែលជាភូមិរបស់បងប្អូនប្រជានេសាទស្នាក់អាស្រ័យ។
ទិដ្ឋភាពនៃរមណីយដ្ឋានធម្មជាតិពាមក្រសោប ឬ ពលរដ្ឋតែងហៅថា «បាងកាយ៉ាក»
បន្តដំណើរ មិនដល់ ១០នាទីផង យើងនឹងទៅដល់កូនកោះតូចមួយផូសឡើងកណ្ដាលជលសារ ដែលមានឆ្នេរខ្សាច់ និងព្រៃលិចទឹក បង្អួតសម្រស់ដាក់អ្នកទេសចរគ្រប់ៗគ្នា។ នៅលើកូនកោះមួយនេះ សហគមន៍បានរៀបតូបទេសចរណ៍តូចៗ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរដែលមកដល់ផងដែរ។
ប្រធានសហគមន៍រមណីយដ្ឋានធម្មជាតិព្រៃកោងកាងពាមក្រសោប គ្រោងនឹងពង្រីកទីកន្លែងស្ទូចត្រី សំពោច មើលក្តាមប្រាំពីរ និងស្ពានបេតុងសម្រាប់ទេសចរដើរលេងកម្សាន្តបន្ថែមទៀត ខណៈចំនួនភ្ញៀវទេសចរមានការចាប់អារម្មណ៍ចូលទស្សនាស្ទើរតែជារៀងរាល់ថ្ងៃ។ ៣ខែដើមឆ្នាំ២០១៨នេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោបដែលសាធារណជនទូទៅ និយមហៅថាបាងកាយ៉ាកបានទទួលភ្ញៀវទេសចរជាតិជាង៣ម៉ឺននាក់ និងទេសចរអន្តរជាតិប្រមាណជា១ពាន់នាក់បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅកើន១ម៉ឺននាក់ឯណោះ។
លោក សៀក សាបុន ប្រធានសហគមន៍រមណីយដ្ឋានទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ឱ្យដឹងនាពេលថ្មីៗនេះថា ជាទិសដៅបង្កើនការទាក់ទាញចំនួនភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តបន្ថែមសហគមន៍របស់លោក នឹងរៀបចំកែលម្អឱ្យមានទីកន្លែងអង្គុយលេងហូបចុកជាលក្ខណៈបណ្តែតទឹក និងមានទូកសម្រាប់ជួល ទៅស្ទូចត្រីសំពោច និងមើលក្តាមប្រាំពីរពណ៌ ជាដើម។
សម្រស់ព្រៃកោងកាងពាមក្រសោប ធ្វើឲ្យអ្នកទេសចរគយគន់មិនចង់ចាកចេញ
ប្រធានទេសចរធម្មជាតិព្រៃកោងកាងដដែលបានបញ្ជាក់ថាបច្ចុប្បន្នស្ពានឈើសម្រាប់ទេសចរដើរក្នុងព្រៃកោងកាងមានសភាពចាស់ទ្រុឌទ្រោមមិនអាចសាំអាកាសធាតុទឹកប្រៃដូច្នេះចាំបាច់សង់ជាស្ពានបេតុងថ្មីជំនួសវិញ។តាមទម្លាប់របស់ទេសចរចម្រុះជាតិសាសាន៍ភាគច្រើន ពួកគេមកគយគន់មើលសម្រស់ព្រៃកោងកាង ហ្វូងមឆ្ឆាជាតិ បក្សី និងពពួកសត្វដ៏ទៃទៀត តាមរយៈការដើរ ឬជិះទូកលេងកម្សាន្ត។ ខណៈរដ្ឋាភិបាល ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ចាត់ទុកព្រៃកោងកាងជាតំបន់ដ៏មានសក្តានុពលផ្នែកទេសចរបែបធម្មជាតិ ព្រមទាំងផ្តល់ប្រាក់ចំណូលប្រចាំថ្ងៃដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។
លោក សៀក សាបុន សហគមន៍ទេសចរណ៍ធម្មជាតិពាមក្រសោប មានចម្ងាយជាង៦គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងខេមរភូមិន្ទទីរួមខេត្តកោះកុង។ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធ្វើដំណើរកាន់តែមានល្អប្រសើរ។ ក្រៅពីការបង្ហាញសក្តានុពលដែលរមណីយដ្ឋានទេសចរណ៍ពាមក្រសោបមានក៏មានបញ្ហាប្រឈម ដោយប្រជាសហគមន៍មួយចំនួនមិនគោរពទៅវេនកំណត់ ខ្វះការចូលរួមថែ រក្សាសំអាតអនាម័យបរិស្ថាន ក៏ដូចជាខ្វះខាតថវិកា ដើម្បីពង្រីកតំបន់អេកូទេសចរណ៍ជាដើម។
សម្រស់ព្រៃកោងកាងពាមក្រសោប ធ្វើឲ្យអ្នកទេសចរគយគន់មិនចង់ចាកចេញ
អ្នកស្រី ហេង ចន្ថា និងលោក សុខ ពុទ្ធី ជាពលរដ្ឋទេសចរមកពីរាជធានីភ្នំពេញ បង្ហាញការចាប់អារម្មណ៍ថា ពួកគាត់ពិតជាមានភាពស្រស់ស្រាយក្នុងចិត្តពេលមានឃើញសម្រស់ធម្មជាតិព្រៃកោងកាង រលាយឡំនឹងការឃើញហ្វូងត្រីសមុទ្រជាច្រើន។ ពលរដ្ឋអ្នកទេសចរ បន្តថា នេះជាលើកដំបូង ពួកគេមកលេងកម្សាន្តនៅទីនេះ អ្វីដែលចាប់អាម្មណ៍ទៀត គឺការដើរឆ្លងស្ពានយោល និងជិះទូកទៅមើលតំបន់ឆ្នេរសាច់ពណ៌ស។ ប្រសិនបើពួកគេមានពេលវេលាសមរម្យណាមួយនោះ គឺនឹងមកកម្សាន្តម្តងទៀតជាក់ជាពុំខាន។
គួរកត់សម្គាល់ថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិព្រៃកោងកាង ហៅម្យ៉ាងថា បាងកាយ៉ាក ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ដលសីមា មានផ្ទៃដីទំហំ១មឺុន៣ពាន់ហិចតា ក្នុងនោះតំបន់អភិរក្សការពារចំនួន២ពាន់៥៦៧ហិចតា។ រាល់ការចេញចូលទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរជាតិម្នាក់តម្លៃសំបុត្រ៣ពាន់រៀល និងទេសចរបរទេស៥ពាន់រៀល ដោយជាមធ្យមក្នុងខែមានមនុស្សពី១៥០០នាក់ទៅ២ពាន់នាក់ចូលទស្សនាលំហែកាយ៕(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: news.sabay.com.kh និង rasmeinews.com)





មតិពីមិត្តអ្នកអាន