ថ្មលយ គឺជាគោលដៅទេសចរណ៍ថ្មីមួយ នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដើម្បីមកកម្សាន្តនៅទីនេះ អ្នកទេសចរត្រូវធ្វើដំណើរចេញពីរង្វង់មូលនាគព័ន្ធ ឆ្លងកាត់ព្រៃស្រល់ដ៏ស្រស់ស្អាតជាច្រើនហិចតា ដោយចំណាយពេលប្រមាណ ២០នាទីតែប៉ុណ្ណោះ។
ទេសភាពនៅថ្មលយខេត្តគីរីរម្យ
ថ្មលយ ជាគោលដៅទាក់ទាញមួយ ក្នុងចំណោមគោលដៅពេញនិយមផ្សេងៗទៀត ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសុមៈគិរីរម្យ ។
ទៅតាមណា? ពេលធ្វើដំណើរឡើងមកឩទ្យានជាតិគិរីរម្យ មកដល់ចំនុចរង្វង់មូលនាគបាញ់ទឹក យើងត្រូវបត់ស្ដាំតាមផ្លូវដីក្រហមមួយ ។ ផ្លូវពីរង្វង់មូលនេះទៅដល់ថ្មលយតែម្តង មានចំងាយប្រមាណ ៧ គីឡូម៉ែត ដែលជាប្រភេទផ្លូវលំ ដីក្រហម កាត់ព្រៃស្រល់រាប់រយហិចតា ។ ជាទូទៅផ្លូវមានស្ថានភាព មិនលំបាកទេ ប៉ុន្តែមានចំនុច ២ ៣កន្លែងដែលពិបាកខ្លាំង ដែលមិនគួរយកឡានទៅនោះទេ ! ប៉ុន្តែបើជិះម៉ូតូគឺមានភាពងាយស្រួលជាង! នេះជាលើកទីមួយដែលដៀវ ទៅថ្មលយ ! ដំបូងគិតថាចង់ជួលម៉ូតូជិះទៅ ប៉ុន្តែបន្ទាប់ពីសួរនាំអ្នកលក់ដូរនៅរង្វ់មូលនោះ ក៏សំរេចចិត្តទៅដោយដើរ ព្រោះចំងាយត្រឹមតែ ៧ គីឡូម៉ែតហ្នឹង! ចំណែកឯឡានគឺអាចផ្ញើរអ្នកលក់ដូរនៅម្តំរង្វង់មូលបាន ! ប៉ុន្តែបើអ្នកជិះឡានទៅតែមិនចង់ដើរ អាចទាក់ទងអ្នកលក់នៅទីនោះ គឺមានម៉ូតូឌុប ដែលម៉ូតូមួយជិះបានម្នាក់ (រឺអាច ពីរអ្នកបើមាឌតូច) ក្នុង តំលៃ ៤០០០០ រៀលទាំងទៅទាំងមក ។
ម៉េចដែរ? ប្រាកដជាមិនស្តាយក្រោយទេ !ដោយសារដៀវចូលចិត្តដើរ អញ្ចឹងការដើរគឺបានទទួលអារម្មណ៍ល្អតាំងពីដើមផ្លូបដល់គោលដៅ! ប្រាកដជាលំបាក ហើយចំលែកបន្តិចហើយ ព្រោះអ្នកទៅទីនោះសឹងតែទាំងអស់គេជិះម៉ូតូទៅ រឺ ឡានធំៗខ្ពស់ ដល់ពេលឃើញយើងដើរម្នាក់ៗគេមើលមុខដែរ ប្រហែលគេឆ្ងល់ដឹង !ហេហេ! តាមផ្លូវគឺដើរកាត់ព្រៃស្រល់ ដើរខៀវស្រងាត់ មានកន្លែងខ្លះចុះឡើងទួលដែរ ប៉ុន្តែមិនខ្ពស់អីនោះទេ ហើយចំនែកផ្លូវក៏មិនលំបាកអីដែរ ព្រោះយើងដើរតាមផ្លូវលំគេរហូតហ្នឹង គ្រាន់តែថាដល់កន្លែងខ្លះវាមានផ្លូវបំបែក រឺដានផ្លូវច្រើន ប៉ុន្តែបើយើងមើលសញ្ញាបង្ហាញផ្លូវរបស់គេដែលមានជាហូរហែរហ្នឹង គឺមិនមានបញ្ហានោះទេ ។ ម្យ៉ាងទៀត បើទៅថ្ងៃឈប់សំរាក រឺចុងសប្តាហ៍គឺមានមនុស្សទៅ ហូរហែរ អញ្ចឹងអាចសួរនាំគេបាន! ដៀវ និងមិត្តរួមដំណើរ ២ នាក់ទៀត ជំនាយពេលប្រមាណ ១ម៉ោងកន្លះដើរពីរង្វង់មូល ទៅដល់ ចំនុចថ្មលយ ! ហត់ដែរ ប៉ុន្តែគ្រាន់តែដល់គោលដៅ គឺប្លែកអារម្មណ៍ ជាមួយយនឹងទេសភាព ដ៏ វ៉ោវនៅទីនោះ។ នៅថ្មលយ គឺជាតំបន់ដែលមានផ្ទាំងថ្មកាត់ៗ នៅនឹងមាត់ជ្រោះ ដែលជាប់នឹងជ្រលងភ្នំ ។ ពេលទៅដល់ យើងនឹងបានឃើញទិដ្ឋភាពដ៏ប្លែកភ្នែក នឹង គួរអោយស្ញើប បើសិនជាយើងឈរនៅលើផ្ទាំងថ្មដែល លយចូលទៅក្នុងជ្រោះដ៏ខ្ពស់ ដែល នៅខាងក្រោមសុទ្ធតែជាព្រៃក្រាស់ !
ទេសភាពនៅថ្មលយខេត្តគីរីរម្យ
ប៉ុន្តែមានរឿងរំខានមួយចំនួន ដែលធ្វើអោយទីនោះ មិនមែនជាទីដែលសាកសមសំរាប់អ្នកដែលមានបំណងរកកន្លែងបន្ថូរភាពតានតឹង ។ តាមពិត តាមផ្លូវគឺពិតជាស្អាតណាស់ ទោះជាសុទ្ធតែជាព្រៃស្រល់ ក៏យើងឃើញមានការដាក់់នៅធុងសំរាមធំៗផងដែរ តែជាអកុសល អ្នកដែលទៅកំសាន្ដបែបពិកនិងនៅទីនោះ តែងតែចោលកាកសំនល់អាហារ ផ្លាស្ទិក សំបកកំប៉ុង និង ដបនៅពាសវាសពាសកាលដដែល ។ ទៅដល់ចំនុចថ្មលយតែម្ដង បញ្ហាសំរាមនេះកាន់តែមានច្រើន។ រឿងដែលគួរអោយរំខានមួយទៀត ដោយសារតែទីនេះពិបាកនឹងមានឡានចូលមកដល់ ដូចនេះ អ្នកដែលមកដល់ភាគច្រើនគឺជាយុវវ័យ ។ ថ្ងៃដែលខ្ញុំទៅ គឺមានអ្នកដែលមកលេង ហើយយកធុងបាស រឺ Speaker មកចាក់គួរសម ដោយមានអាហារអីផងដែរ ។ អាចស្រមៃទៅ មួយក្រុម Speaker មួយ បើមានតែ ៥ ក្រុមក៏ទីនោះលែងស្ងប់ស្ងាត់សំរាប់បន្ធូរភាពតានតឹងបាត់ទៅហើយ ! ដូចនេះជាចុងក្រោយ មិនមានពាក្យអ្វីច្រើនក្រៅពី សំណូមពរអោយអ្នកដែលទៅកំសាន្ដទាំងអស់ គិតគូររឿងសំរាម របស់ខ្លួនឯង ព្រោះវាបញ្ហាសំខាន់ណាស់ ដែលមិនគួររំលង ។ ចំនែករឿងដែល ចាក់ធុងបាស អីហ្នឹង គួរតែចាក់ក្នុងកំរិតសមស្របណាមួយដែលមិនប៉ះពាល់ដល់អ្នកដទៃ ត្រូវចងចាំថា យើងទៅដើម្បីសប្បាយ អ្នកផ្សេងក៏ទៅដើម្បីសប្បាយដូចគ្នា អញ្ចឹងសូមគោរពគ្នាផង!
ទេសភាពនៅថ្មលយខេត្តគីរីរម្យ
សម្រូតខ្លួនតាមខ្សែពួរ នៅថ្មលយ - រសជាតិថ្មីដ៏រំភើបព្រឺព្រួច នៃដំណើរកម្សាន្តបែបផ្សងព្រេង
ស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតនៃឧទ្យានជាតិដែលបង្កើតឡើងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ថ្មលយទើបតែត្រូវបានភ្ញៀវទេសចរមកទស្សនាច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទីនេះក៏ជាទីតាំងដ៏ល្អក្នុងការបោះតង់ សម្រាកកម្សាន្តបានផងដែរ។ នៅលើថ្មលយ អ្នកទេសចរអាចឈរថតរូបលេងកម្សាន្ត ជាមួយទេសភាពធម្មជាតិដែលក្រាលគ្របលើចុងប្រឹក្សាដ៏ខៀវស្រងាត់ ព្រមទាំងអាចមើលឃើញទិដ្ឋភាពនៃជ្រលងដងភ្នំជាច្រើន តម្រៀបគ្នាយ៉ាងស្រស់ត្រកាល។
កីឡាចុះខ្សែពួរនេះ មិនត្រឹមតែធ្វើឲ្យយើងបានភ្លក់រសជាតិថ្មីនៃដំណើរកម្សាន្តបែបផ្សេងព្រេងប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ថ្មីសម្រាប់ជីវិត ឲ្យមានភាពក្លាហាន និងជំនះរាល់ឧបសគ្គដើម្បីបានទៅដល់គោលដៅ
មិនត្រឹមតែជាទីតាំងអំណោយផលល្អនៃទេសភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ទីនេះក៏ល្អបំផុតសម្រាប់កីឡាចុះខ្សែពួរផង ដែរ។ ដើម្បីលេងកីឡានេះ អ្នកជំនាញនឹងណែនាំពីការប្រើប្រាស់ឧបករណ៍សុវត្ថិភាព បន្ទាប់មកត្រូវឆ្លងកាត់ដំណាក់កាលសាកល្បងជាមុនសិន។ សម្រូតខ្លួនបន្តិចម្ដងៗ ចុះទៅកាន់ដងជ្រុះជម្រៅ ៦០ម៉ែត្រ ថ្វីត្បិតតែព្រឺព្រួចបន្តិចមែន តែយើងនឹងទទួលបានអាមរ្មណ៍ថ្មីប្លែក ខុសពីអ្វីដែលយើងគ្រាន់តែឃើញនឹងភ្នែក៕
(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: news.sabay.com.kh និង tnaot.com)




មតិពីមិត្តអ្នកអាន