នៅក្នុងកម្មវិធីប្រកួតប្រជែង គម្រោងស្រាវជ្រាវ ទិវាប្រវត្តិសាស្ត្រធម្មជាតិសកលលោក ឆ្នាំ២០១៩ ដែលបានធ្វើឡើង នៅទីក្រុងសៀងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ, សិស្សកម្ពុជា ដណ្តើមបានមេដាយ សរុបចំនួន៣៩គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៧, មេដាយប្រាក់ចំនួន១៦ និងមេដាយសំរឹទ្ធិចំនួន ៦គ្រឿង។ នេះបើយោងតាមគេហទំព័រ
សិស្សកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន១៧ ក្នុងកម្មវិធីប្រកួតប្រជែង គម្រោងស្រាវជ្រាវ ទិវាប្រវត្តិសាស្ត្រធម្មជាតិសកលលោក ឆ្នាំ២០១៩ នៅប្រទេសចិន (រូបថតៈ cnc tv)
សូមរំលឹកថា កម្ពុជា បានចម្រាញ់យក បេក្ខជនមានស្នាដៃ ជាសិស្សានុសិស្ស នៅតាមបណ្តាវិទ្យាល័យរដ្ឋ និងឯកជន មកពី៣ខេត្តក្រុង គឺភ្នំពេញ បាត់ដំបង និងសៀមរាប សរុបចំនួន៣៦នាក់ ទៅចូលរួមប្រកួតប្រជែងនេះ។
ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដឹកនាំប្រតិភូសិស្ស វិលត្រឡប់មកកាន់មាតុភូមិវិញ, លោក និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានគណកម្មការ ទិវាប្រវត្តិសាស្ត្រធម្មជាតិសកលលោក ប្រចាំកម្ពុជា បានឲ្យដឹងថា សមត្ថភាពសិស្សកម្ពុជា មានការកើនឡើង ពោលគឺការទទួលបានមេដាយមាស មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ព្រមជាមួយនោះ សិស្សជ័យលាភីកម្ពុជា ក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងមោទនភាព ដែលពួកគេទទួលបានផងដែរ។
បេក្ខជនមានស្នាដៃ ជាសិស្សានុសិស្ស នៅតាមបណ្តាវិទ្យាល័យរដ្ឋ និងឯកជន មកពី៣ខេត្តក្រុង គឺភ្នំពេញ បាត់ដំបង និងសៀមរាប សរុបចំនួន៣៦នាក់ (រូបថតៈ cnc tv)
សូមជម្រាបថា កម្មវិធីប្រកួតប្រជែង គម្រោងស្រាវជ្រាវ ទិវាប្រវត្តិសាស្ត្រធម្មជាតិសកលលោកនេះ ប្រទេសចិន បានរៀបចំឡើង នៅឆ្នាំ២០១២ ហើយកម្ពុជា បានបញ្ជូនបេក្ខជនទៅចូលរួមប្រកួត នៅឆ្នាំ២០១៥។ សម្រាប់ការប្រកួតប្រជែង ឆ្នាំ២០១៩នេះ មានបេក្ខជនជាង១ពាន់នាក់ មកពីប្រទេសអាហ្វ្រិកខាងត្បូង អាមេរិក កម្ពុជា និងបេក្ខជន មកពី ២០ តំបន់ ក្នុងប្រទេសចិន៕
(យោងតាម cnc tv)


មតិពីមិត្តអ្នកអាន