«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលកាត់បន្ថយប្រើថង់ប្លាស្ទិកហយងាកមកប្រើកន្ត្រកបរិស្ថានវិញ»។ នេះគឺជាការអំពាវនាវរបស់លោក នេត្រ ភ័ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅ ក្នុងឱកាសចូលរួមជាអធិបតីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន នាពេលថ្មីៗនេះ នៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។
លោក នេត្រ ភ័ត្រា បានប្រគល់កន្ត្រកបរិស្ថានជូនប្រជាជននៅសៀមរាប
នៅទីនេះ លោក នេត្រ ភ័ត្រា បានលើកឡើងថា ថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ។ ជាមួយគ្នានេះ សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន៖ ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ ការធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន។ នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថានវាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវៈចម្រុះនៅក្នុងទឹក ជាពិសេសមច្ឆជាតិអាចទទួលរងពីការធ្វើឱ្យស្លាក់ ដោយសារតែពួកគេគិតថាជាចំណី ហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ។ សំណល់ប្លាស្ទិកក៏ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី។ នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារតែសារធាតុគីមីដែលមានផ្ទុកក្នុងថង់ប្លាស្ទិក។
លោក នេត្រ ភ័ត្រា បានថ្លែងបន្តថា ក្នុងសំរាម ១០០% បរិមាណសំណល់ប្រមាណ ៥៦,៩% នៃសំណល់សរុបប៉ុណ្ណោះដែលត្រូវបានយកទៅចាក់ចោលនៅទីលានចាក់សំរាម និងជិត ២០% ដែលត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃនិងប្រមាណជិត ៣០% ត្រូវបានដុត ឬបោះចោលនៅតាមទីសាធារណៈ និងប្រភពទឹកនានា។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយ ថ្ងៃ ។ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាម ៣៨០ តោនក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភត្រា័ បានថ្លែងថា សំរាមដែលអ្នកក្រុងសៀមរាមបង្កើតដោយមិនគិតពីភ្ញៀវទេសចរ មានចំនួន ៣៨០ តោនក្នុងមួយថ្ងៃ។ក្នុងនោះ ៧៤% (២៨០តោន) ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម។ ២០% (៥៦តោន) ត្រូវបានយកទៅកែច្នៃឡើងវិញ និង ៦% (៤៤ តោន) ទៀតជាបរិមាណសំណល់ចាក់ចោលដោយខុសច្បាប់។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ។
រូបថតៈ .rasmeinews.com
ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសំណល់ប្លាស្ទិក លោកបានមានប្រសាសន៍ថា ដោយពិនិត្យឃើញបញ្ហាចំពោះមុខ និងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមាសំដៅការពារសុខភាពមនុស្ស បរិស្ថាន និងសោភ័ណភាព រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ណភាព។ ក្នុងអនុក្រឹត្យនោះក៏បានកំណត់ពីវិធានការគិតតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្តផងដែរ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានជឿជាក់ថាតាមរយៈយុទួ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាននៅក្រុងសៀមរាមនេះនឹងជាសារដ៏សំខាន់សម្រាប់បណ្តុះស្មារតីស្រឡាញ់ បរិស្ថាន និងចូលរួមអនុវត្តមេត្រីភាពបរិស្ថានក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ៕
(ប្រភព៖ .rasmeinews.com)


មតិពីមិត្តអ្នកអាន