នៅទីបំផុតព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី បានសម្រេចព្រះទ័យតាំងលោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចតែងតាំងលោក Muhyiddin Yassin ជានាយករដ្ឋមន្ត្រីថ្មី។
ព្រះរាជវាំងនៃប្រទេសម៉ាឡេស៊ី បានប្រកាសចេញនូវព័ត៌មានខាងលើនេះ ខណៈដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេស ហាក់មានសភាពវឹកវរខ្លាំងឡើងៗ ដែលគេបានមើលឃើញច្បាស់ ទៅលើការព្យាយាមប្រកួតប្រជែងអំណាចគ្នារវាងបណ្ឌិត មហាធៀ មហាំម៉ាត់ និងលោក អាន់វ៉ា អ៉ីប្រាហ៊ីម ដែលធ្លាប់ជាដៃគូក្នុងរដ្ឋាភិបាលចំរុះ។
នៅក្នុងសេចក្តីថ្លែងការណ៍ពីព្រះរាជវាំងម៉ាឡេស៊ីបានឲ្យដឹងយ៉ាងដូច្នេះថា «ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការជ្រើសតាំងលោក Muhyiddin (ប្រធានគណបក្ស Bersatu) ជានាយករដ្ឋមន្ត្រីគឺស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា ៤០ និង ៤៣ នៃសហព័ន្ធម៉ាឡេស៊ី»។ បន្ថែមពីនេះការស្បថឡើងកាន់តំណែង និងត្រូវធ្វើឡើងនៅព្រះរាជវាំង អ៉ីស្តាណា ណេហ្គារ៉ា (Istana Negara) នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទីព្រឹក៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន