យុគសម័យ - យន្តហោះមួយគ្រឿងដឹកមនុស្សសរុប ១០០នាក់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន នៅក្នុងទីក្រុង Almaty ជាទីក្រុងធំបំផុតនៃប្រទេសកាហ្សាក់ស្ថាន ខណៈមនុស្សចំនួន ០៧នាក់ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។
កន្លែងកើតហេតុ ( រូបថត៖ inform.kz)
អាជ្ញាធរកាហ្សាក់ស្ថានបានបញ្ជាក់ថា នៅលើយន្តហោះគឺអ្នកដំណើរសរុប ៩៥នាក់ និងសហសេវិក ០៥ នាក់ ដែលសរុបទាំងអស់គឺ ១០០នាក់។ យន្តហោះរបស់អាកាសចរណ៍ Bek Air មួយនេះត្រូវបានគេមើលឃើញថា បានធ្លាក់ចំពីលើអគារកម្ពស់ ០២ជាន់ដែលស្ថិតនៅក្បែរអាកាសយានដ្ឋាន ក្រោយការព្យាយាមហោះឡើងខុសបច្ចេកទេស។
យន្ដហោះខាងលើមានគោលដៅចេញដំណើរពីទីក្រុង Almaty ឆ្ពោះទៅកាន់រដ្ឋធានី Nur-Sultan នៃប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែស្រាប់តែបាត់ចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះឡើងបន្តិច ហើយភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅ ឡើយទេ ខណៈព័ត៌មានបឋមអះអាងថា យន្ដហោះនេះមានបញ្ហាពេលហោះឡើង។
(វីដេអូនៃកន្លែងកើតហេតុនៃការធ្លាក់យន្តហោះ (ប្រភព៖ RT))
គួរបញ្ជាក់ថា ក្រោយពេលធ្លាក់យន្ដហោះនេះ មិនបានបង្កជាអគ្គីភ័យឆាបឆាបឆេះនោះទេ ហើយប្រតិបត្តិការជួយ សង្រ្គោះកំពុងបន្តធ្វើឡើង រីឯក្រសួងឧស្សាហកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាហ្សាក់ស្ថាន បានសម្រេចចិត្តផ្អាកការហោះ ហើររបស់យន្ដហោះម៉ាក Fokker-100 នៅក្នុងប្រទេស ដែលត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនផលិតយន្ដ ហោះហូឡង់ Fokker៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន