ប្រព័ន្ធផ្សព្វផ្សាយនៅចក្រភពអង់គ្លេសបានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ឲ្យទៅបំពេញទស្សនកិច្ចនៅឯសេតវិមាន នាដើមឆ្នាំថ្មីខាងមុខនេះ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេសទៅកាន់សេតវិមាននៅដើមឆ្នាំក្រោយ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស។
សារព័ត៌មានអង់គ្លេស Sunday Times បានឲ្យដឹងថា ការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ជូនទៅកាន់លោក Johnson ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Boris Johnson បានទទួលជ័យជម្នះក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីពេលថ្មីៗកន្លងទៅនេះ។ បើតាមប្រភពជិតស្និទ្ធសេតវិមានអាមេរិកនិងវិមាន Downing Street របស់ចក្រភពអង់គ្លេស ការពិភាក្សាជាផ្លូវការដើម្បីកំណត់យកថ្ងៃធ្វើទស្សនកិច្ចរបស់លោក Johnson ទៅកាន់សហរដ្ឋអាមេរិក នៅមិនទាន់រៀបចំឡើងទេ ប៉ុន្តែវាអាចប្រព្រឹត្តទៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំក្រោយតែម្តងក៏ថាបាន។ យ៉ាងណាក៏ដោយ គឺភាគីទាំងពីរចង់ឲ្យដំណើរទស្សនកិច្ចនេះកើតឡើង នៅដើមឆ្នាំ២០២០។
គួរជម្រាបថា ដោយឡែក យោងតាមសារព័ត៌មានអង់គ្លេសមួយទៀតគឺ The Mail លោក Johnson កំពុងស្ទាក់ស្ទើរក្នុងការចេញទៅទស្សនកិច្ចនៅឯសេតវិមាន មុនការនាំចក្រភពអង់គ្លេសចេញផុតពីសហភាពអឺរ៉ុប ព្រោះការធ្វើ Brexit នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករាខាងមុខនេះហើយ ដោយលោកចង់ទៅ ក្រោយការរុះរើគណៈរដ្ឋមន្រ្តីនៅខែកុម្ភៈ ដែលពេលនោះលោកនឹងតែងតាំងមន្រ្តីថ្មីទទួលបន្ទុកដឹកនាំកិច្ចចរចាពាណិជ្ជកម្ម។ លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនឹងមានឱកាសសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំអស្ចារ្យថ្មីមួយ ក្រោយ Brexit៕
(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន