យុគសម័យ - អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានបើកកិច្ចប្រជុំវិសាមញ្ញមួយនាថ្ងៃទី ១៥ ខែកញ្ញា ដើម្បីពិភាក្សាពីចេតនារបស់អ៊ីស្រាអែលក្នុងការរួមបញ្ចូលតំបន់ជាច្រើននៅតំបន់វេសប៊ែង (West Bank)។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ OIC នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី (រូបថតៈ AFP/TTXVN)
នៅក្នុងសេចក្តីប្រកាសមួយ ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ក្រសួងការបរទេសទួរគីបានបញ្ជាក់ថា OIC នឹងបើកកិច្ចប្រជុំនៅ Jeddah ដែលជាទីក្រុងកំពង់ផែនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅលើសមុទ្រក្រហម ដើម្បីពិភាក្សាចំពោះសេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីចេតនារបស់លោកក្នុងការរួមបញ្ចូលជ្រលងភ្នំហ្ស៊កដានីនិងកន្លែងតាំងទីលំនៅខុសច្បាប់មួយចំនួននៅតំបន់ West Bank ចូលទៅក្នុងប្រជាជាតិជ្វីហ្វនេះ។
មុននេះ នាថ្ងៃទី ១០ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី Netanyahu បានប្រកាសថា លោកនឹងរួមបញ្ចូលជ្រលងភ្នំហ្ស៊កដានី-ជាតំបន់ធំមួយ ដែលអ៊ីស្រាអែលកាន់កាប់កាលពីឆ្នាំ ១៩៦៧ ហើយជាកន្លែងដែលប៉ាឡេស្ទីនចង់ប្រែទៅជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគតនោះ ប្រសិនបើលោកបានឈ្នះការបោះឆ្នោតនៅសប្តាហ៍ក្រោយ។
ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលរូបនេះបានប្រកាសថា វានឹងជាជំហានប្រវត្តិសាស្ត្រមួយប្រសិនបើអ៊ីស្រាអែលដាក់អធិបតេយ្យភាពទៅលើទឹកដីដែលមានជម្លោះនៅតំបន់វេសប៊ែង ព្រមទាំងលើកឡើងថា ការតាំងទីលំនៅរបស់ជនជ្វីហ្វនឹងក្លាយជាគោលដៅបន្ទាប់ប្រសិនបើគណបក្ស Likud របស់លោកទទួលបានជ័យជំនះ។ លោក Netanyahu បានហៅជំហាននេះជា “ឱកាសប្រវត្តិសាស្ត្រ” ដើម្បីពង្រីកអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់វេសប៊ែង។
បណ្តាប្រទេសនៅមជ្ឈិមបូព៌ានិងមហាអំណាចអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីផែនការនេះ ខណៈដែលរដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសអារ៉ាប់បានថ្កោលទោសផែនការនេះហើយបានចាត់ទុកថាវាជាការ “បង្ករឿងហេតុ” ដែលរារាំងឱកាសណាមួយទាំងអស់ នៃដំណោះស្រាយសន្តិភាពសំរាប់ប្រជាជនប៉ាឡេស្ទីន។
យោងតាមអង្គការសិទ្ធិមនុស្ស B'Tselem នៅអ៊ីស្រាអ៊ែល ថា ប្រជាជនប៉ាឡេស្ទីនប្រមាណ ៦៥.០០០ នាក់និងជនអ៊ីស្រាអែល ១១,០០០ នាក់ កំពុងរស់នៅជ្រលងភ្នំហ្ស៊កដានីនិងតំបន់ខាងជើងនៃសមុទ្រមរណៈ (Dead Sea) ផងដែរ៕
(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន