យុគសម័យ - លោក Richard Yu នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន បានលើកឡើងថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវប្រព័ន្ធប្រតិបត្តិការដោយឡែករបស់ខ្លួនដើម្បីជួយឧត្ថម្ភកម្មវិធី Android។
រូបថតៈ Reuters
ទីភ្នាក់ងារសារព័ត៌មាន RT បានដកស្រង់នូវរបាយការណ៍ពីរ ពីគេហទំព័រពីររបស់ប្រទេសចិនគឺ Caijing និង Phoenix Network Technology ដោយឲ្យដឹងថា លោក Yu បានប្រាប់ក្រុម WeChat មួយថា ប្រព័ន្ធប្រតិបត្តិការដោយឡែករបស់ក្រុមហ៊ុន Huawei នឹងត្រូវបានបង្ហាញនាពេលឆាប់នេះ ពោលគឺក្នុងរដូវស្លឹកឈើជ្រុះឬយ៉ាងហោចណាស់ដល់និទាឃរដូវនៃ ឆ្នាំក្រោយ។ យោងតាមលោក Yu ប្រព័ន្ធប្រតិបត្តិការនេះនឹងអាចប្រើជាមួយគ្រប់កម្មវិធី Android ទាំងអស់ និងអាចជួយបង្កើនសមត្ថភាពនៃកម្មវិធីនេះផងដែរ។
ពាក់ព័ន្ធនឹងការចោទទោលក្រុមហ៊ុននេះប្រមូលផ្តុំព័ត៍មានសម្រាប់ចិន ប្រធានាធិបតីអាមេរិកលោក Donald Trump បានហាមមិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងនោះមានទាំង Intel និង Google ផ្គត់ផ្គង់គ្រឿងបន្លាស់និងសេវាកម្មផ្នែកទន់ទៅឱ្យក្រុមហ៊ុន Huawei នោះឡើយ។
ទោះបីជា Huawei ត្រូវបានផ្តល់សិទ្ធិពន្យារយៈពេល ៩០ ថ្ងៃ ដើម្បីបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយសម្ព័ន្ធក្រុមហ៊ុនអាមេរិក ប៉ុន្តែដោយការហាមឃាត់របស់លោកម្ចាស់សេតវិមាន នឹងធ្វើឱ្យក្រុមហ៊ុនចិនបាត់បង់សិទ្ធិចូលប្រើកម្មវិធី Google និងប្រព័ន្ធប្រតិបត្តិការ Android។
ក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់ថាក្រុមហ៊ុននេះធ្វើចារកម្មឱ្យរដ្ឋាភិបាលចិន។ ការដាក់ទណ្ឌកម្មដែលផ្តោតលើក្រុមហ៊ុន Huawei បានកើតឡើងនៅពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងកំពុងឡើងជណ្តើរ៕
(ប្រភព៖baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន