យុគសម័យ - សេចក្តីប្រកាសមួយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា លោក Kofi Annan បានទទួលមរណភាពក្នុងវ័យអាយុ៨០ឆ្នាំនៅមន្ទីរពេទ្យមួយនៃប្រទេសស្វីសកាលពីព្រឹកព្រលឹមថ្ងៃទី១៨ខែសីហា។
អតីតអគ្គលេខាធិារអង្គការសហប្រជាជាតិ លោក Kofi Anna (រូបថតៈ Getty)
ជាមួយគ្នានោះដែរ ថ្លែងនៅលើ Twitter អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖« នៅថ្ងៃនេះយើងពិតមានការសោកស្ដាយជាទីបំផុត ដែលយើងបានបាត់បង់បុរស និងមេដឹកនាំដ៏អស្ចារ្យម្នាក់»។ លោក Kofi Annan កើតនៅប្រទេសហ្កាណា ក្នុងឆ្នាំ១៩៣៨ បានបម្រើការងារជាអគ្គលេខាធិការ UN ទី០៧ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ជា សមាជិកអង្គការ The Elders ដែលជាអង្គការមួយធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្សចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយ លោកបានក្លាយជាប្រធានអង្គការនេះនៅឆ្នាំ២០១៣។
លោក Kofi Annan ត្រូវបានគេស្គាល់ថាជា អគ្គលេខាធិការអង្គការសហប្រជាជាតិមួយរូបដែលមានឈ្មោះល្បីល្បាញខ្លាំងលើពិភពលោក ដោយសារចំណេះដឹង ភាពប៉ិនប្រសព្វ និងការប្រឹងប្រែងដើម្បីសន្តិភាពពិភពលោក។ លោកបានក្លាយជាម្ចាស់ពានរង្វាន់ណូបែលសន្តិ ភាពក្នុងឆ្នាំ ២០០១ និងបានទទួលការគាំទ្រខ្ពស់សម្រាប់ការដឹកនាំអង្គការសហប្រជាជាតិពីរអាណត្តិជាប់គ្នាពីឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០០៦។ ពេលដឹកនាំស្ថាប័នអន្តររដ្ឋាភិបាលនេះ លោកព្យាយាមប្រយុទ្ធដើម្បីសន្តិភាព និងដោះស្រាយបញ្ហាពិភពលោកជាច្រើនមានដូចជាអំពើភេរវកម្ម សង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រ។ ជាក់ស្តែងវាមានដូចជា ព្រឹត្តិការណ៍ក្រុមអាល់កៃដាវាយប្រហារអាមេរិកក្នុងឆ្នាំ ២០០១ , អាមេរិកឈ្លានពានអ៊ីរ៉ាក់ឆ្នាំ ២០០៣ រួមជាទាំងការកើនឡើងនៃចលនាក្រុមភេរវជននិងក្រុមប្រដាប់អាវុធឥស្លាមជ្រុលនិយមនៅលើពិភពលោក។
ចំណែកស្នាដៃធំបំផុតរបស់លោក ដែលគេចាំមិនភ្លេចនោះគឺ ការបង្កើតគោលការណ៍អន្តរគមន៍ក្នុងគោលដៅមនុស្សធម៌ (humanitarian intervention)។ គោលការណ៍នេះមានសារសំខាន់ក្នុងការធានាឲ្យមានការការពារប្រជាជនដែលរងគ្រោះថ្នាក់ដោយសារសង្គ្រាមឬការសម្លាប់រង្គាល ឬករណីប្រល័យពូជសាសន៍ជាដើម។
បន្ទាប់ពីចាកចេញពីតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៦ លោក Kofi Annan នៅតែបន្តការងាររបស់ខ្លួនដើម្បីបុព្វហេតុសន្តិភាព និងមនុស្សជាតិសាកលផង។ លោកបានបន្តដឹកនាំមូលនិធិ Kofi Annan និងធ្វើជាប្រធាននៃអង្គការក្រុមព្រឹទ្ធាចារ្យដែលត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Nelson Mandela ផងដែរ។
គួរបញ្ជាក់ថា លោក Kofi Annan មានកូនចំនួនបីនាក់៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន