ខណៈសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនចូលមកដល់ឆ្នាំទី២ ក្រុងប៉េកាំង និងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ មានបេសកកម្មដូចគ្នាមួយ។ នោះ គឺដើម្បីពង្រឹងចំណងទាក់ទងជាមួយសម្ព័ន្ធមិត្ត និងពង្រីកឥទ្ធិពលពួកគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi (ឆ្វេង) ចាប់ដៃជាមួយសមភាគីអាមេរិក Mike Pompeo (រូបថត៖AP)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) បានធ្វើដំណើរទៅដល់ទីក្រុង បាងកក ប្រទេសថៃ នៅថ្ងៃទី៣១ ខែកក្កដា សម្រាប់ចូលរួមកិច្ចប្រជុំអាស៊ាន ក្នុងគោលដៅលើកកម្ពស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយអាមេរិក។ ចំណែក រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានទៅដល់ថៃមុនលោក Pompeo មួយថ្ងៃ ជាមួយគោលដៅដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីរបស់លោកប្រធានរដ្ឋចិន ស៊ី ជិនភីង។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអាមេរិក ដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ មានគោលដៅចម្បងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងសម្ព័ន្ធភាពដ៏យូរអង្វែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបញ្ជាក់ជាថ្មីនូវការតាំងចិត្តរបស់យើងទៅកាន់អង្គការតំបន់អាស៊ាន ដែលឈរលើទស្សនៈវិស័យអាមេរិកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ដោយឡែក នៅទីក្រុងប៉េកាំង នៅថ្ងៃទី៣១ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងថា លោក វ៉ាង និងសមភាគីអាមេរិក រំពឹងនឹងជួបពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ លោកស្រី កត់សម្គាល់ថា ពេលវេលាច្បាស់លាស់នៃជំនួបនេះ ពុំទាន់ត្រូវបានកំណត់នៅឡើយទេ។
និយាយទៅដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក ចង់ប្រើវាដើម្បីរាំងខ្ទប់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយដើម្បីប្រកួតប្រជែងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីរបស់ក្រុងប៉េកាំងផង។
តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post ប្រមុខការទូតអាមេរិក បាននិយាយថា ក្រោយពីចាប់ផ្តើមអនុវត្តគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកមក យុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោននេះ ដំណើរការយ៉ាងល្អប្រសើរដើម្បីទាញយកផ្លែផ្កាសម្រាប់អាមេរិក និងសម្ព័ន្ធមិត្តខ្លួន។ ត្រង់ចំណុចនេះ លោក អះអាងថា៖ «យើងមើលឃើញ សម្ព័ន្ធភាពក្នុងតំបន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់»។ ម្យ៉ាងវិញទៀត ប្រមុខការទូតអាមេរិករូបនេះ បានច្រានចោលការអះអាងថា ឥទ្ធិពលរបស់ចិនក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កំពុងកើនឡើង។ ជុំវិញរឿងនេះ លោកលើកឡើងថា ការអះអាងដោយគ្មានភស្តុតាងបែបនេះ មិនសុទ្ធតែពិតទាំងស្រុងឡើយ។
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi (ឆ្វេង) ចាប់ដៃជាមួយសមភាគីអាមេរិក Mike Pompeo (រូបថត៖ ngaynay.vn)
«បណ្តាប្រទេសជាសមាជិកអាស៊ាន កំពុងសម្លឹងរកដៃគូ ដែលនឹងជួយពួកគេកសាងសេដ្ឋកិច្ចឲ្យរីកលូតលាស់ល្អ និងឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាជនពួកគេ»។ នេះជាការបញ្ជាក់របស់លោក Pompeo ដោយសង្កត់ធ្ងន់ពីការចូលរួមច្រើនបន្ថែមទៀតពីសំណាក់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងតំបន់នេះ។
តាមការគ្រោងទុក លោករដ្ឋមន្ត្រី Pompeo នឹងជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃសុក្រ ទី ២ សីហា ដើម្បីពង្រឹងសម្ព័ន្ធភាពត្រីភាគីក្នុងតំបន់ ខណៈក្រុងសេអ៊ូល និងតូក្យូកំពុងទាស់គ្នាក្នុងសំណុំរឿងរឹតត្បិតការធ្វើពាណិជ្ជកម្ម។ នៅថ្ងៃដដែល លោក ក៏ត្រៀមជួបរដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai ផងដែរ។
និយាយពីចិនឯណោះវិញ លោករដ្ឋមន្ត្រីការបរទេស Wang Yi បានជជែកពិភាក្សាសមភាគីមកពីប្រទេសដែលជាសមាជិកក្នុងគម្រោងខ្សែក្រវាត់និងវិថី ដូចជា កម្ពុជា ហ្វីលីពីន និងឥណ្ឌូណេស៊ី ក្រោយពីបានជាន់ដីប្រទេសថៃសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូដែលនឹងបញ្ចប់នាថ្ងៃសៅរ៍ ទី ៣ ខែសីហាខាងមុខ។
អំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីីពីន លោក Teodoro Locsin លោក វ៉ាង និយាយថា៖ «ចិន ចង់មានការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយហ្វីលីពីន ដើម្បីពង្រឹងការទុកចិត្តគ្នាទៅមកឲ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីក្នុងប្រទេសនេះ ជាមួយគោលដៅពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់»។
គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់ និងវិថី បានដាក់ចេញកាលពីឆ្នាំ២០១៣ ដោយប្រធានរដ្ឋចិន លោក ស៊ី ជិនភីង។ គម្រោងដ៏មហិច្ឆតានេះ ផ្តោតសំខាន់លើការជំរុញពាណិជ្ចកម្ម និងមានគោលដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងដីគោក និងផ្លូវសមុទ្រ តភ្ជាប់តំបន់អាស៊ី អឺរ៉ុបនិងអាហ្វ្រិក។
តាម South China Morning Post អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ យល់ឃើញថា ភាពមិនច្បាស់លាសនៃគោលនយោបាយការបរទេស ក្រោមរដ្ឋបាលលោកត្រាំ បានរុញច្រានបណ្តាប្រទេសជាសមាជិកអាស៊ានខ្លះ ងាកទៅរកប្រទេសចិន ដែលគេពុំធ្លាប់បានឃើញពីមុនមកឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះ ជាមួយគោលនយោបាយគាំពារនិយម «America First» លោក ត្រាំ ប្តេជ្ញាដាក់ទណ្ឌកម្មប្រឆាំងប្រទេសនានា រួមមានរដ្ឋជាសមាជិកអាស៊ានផងនោះ ដែលរូមចំណែកក្នុងឱនភាពពាណិជ្ជកម្មអាមេរិក។ បច្ចុប្បន្ននេះ វៀតណាម អាចស្ថិតជាគោលដៅរបស់ក្រុងវ៉ាស៊ីនតោន បន្ទាប់ពីចិន៕
(យោងតាម thmeythmey.com សរុបដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន