សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានផ្តល់នូវពាក្យស្លោកថ្មីមួយដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជន គឺ«អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ information.gov.kh)
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីលើកទី៤ ជាមួយអ្នកសារព័ត៌មានសរុបជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឲ្យអ្នកយកព័ត៌មានកុំផ្សាយជេរបញ្ចោរគេឯង ដែលមានឲ្យអ្នកទស្សនាបាត់បង់ជំនឿចិត្ត នឹងធ្វើការសារព័ត៌មាននោះដួលរលំ ដោយសារគ្មានអ្នកជួយឧបត្ថម្ភ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះយើងឃើញមានទូរទស្សន៍ Facebook អ្នកព័ត៌មាន Facebook ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែអស់លោករង់ចាំមើលនៅពេលដែលឃើញថា អស់លោកជេរគេច្រើនពេក គេដកស្ពនស័រចេញ [ការឧបត្ថម្ភ] ចេញអស់លោកនឹងដួលរលំគ្រឹបតែម្តង ប្រសិនបើអស់លោកមិនការពារវិជ្ជាជីវៈ ដូច្នេះខ្ញុំឲ្យសីល៍ ដែលចាត់ទុកថាជាពាក្យស្លោក ឬក៏ជាខ្សែកថា ការពារខ្លួន ដើម្បីពង្រឹកវិជ្ជាជីវៈរបស់ខ្លួន [អ្នកព័ត៌មាន] ពង្រឹកជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺ "អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" នេះជាបាលីការពារខ្លួន»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ Freshnews )
សម្តេចតេជោបានបង្ហាញនូវការជឿជាក់ថា ប្រសិនបើអ្នកសារព័ត៌មានអាចប្រកាន់ភ្ជាប់នូវពាក្យស្លោក «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» នេះ នោះអ្នកសារព័ត៌មាននឹងរួចផុតពីការប្តឹងផ្តល់ និងបំពេញបាននូវវិជ្ជាជីវៈសារព័ត៌មានបានយ៉ាងល្អ។
ជាមួយគ្នានេះសម្តេចតេជោបានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមថែរក្សាសន្តិភាព ព្រោះការថែរក្សាសន្តិភាពនេះ មិនមែនជាកិច្ចការតែរបស់សម្តេច ឬមន្ត្រីក្នុងជួររាជរដ្ឋាភិបាលនោះទេ គឺអ្នកសារព័ត៌មានក៏ត្រូវការសន្តិភាពដូចគ្នា ព្រោះបើប្រទេសមានសង្គ្រាម គ្មានឡើយការផ្សព្វផ្សាយព័ត៌មាន ដោយសារតែស្ថានីយវិទ្យុ និងទូរទស្សន៍ប្រឈមនឹងការបិទទ្វារ ហើយបើយកព័ត៌មានត្រូវពាក់មួកដែក។ ដូច្នេះត្រូវតែចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។
អ្នកសារព័ត៌មាន មកពីទស្សនាវដ្តី កាសែត សមាគមអ្នកសារព័ត៌មាន ក្លិបអ្នកកាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ និងអ្នកសារព័ត៌មានសេរី Freelance ព្រមទាំងមន្ត្រីអ្នកនាំពាក្យតាមក្រសួង ស្ថាប័នជាតិ និងថ្នាក់ខេត្ត រាជធានី ប្រមាណជិត ៦,០០០នាក់ បានមកជួបជុំគ្នានាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាលើកទី៤ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តំណាងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ក្នុងពីធីនេះ (រូបថត៖ Freshnews )
ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសម័យថ្មី មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសក្ដានុពលក្នុងការប្រកួតប្រជែងទីផ្សារ ជាមួយសារព័ត៌មានប្រពៃណីក្នុងពេលបច្ចុប្បន្ន ជាមួយនឹងគុណភាពក្នុងការផ្ទុកទិន្នន័យ ការរក្សាទិន្នន័យ ការបញ្ជូនទិន្នន័យបានឆាប់រហ័សតាន់ពេលវេលា និងសមត្ថភាពនៃការផលិតព័ត៌មានដ៏សម្បូរបែប។ លើសពីនេះទៀត ក៏បានធ្វើឱ្យបរិមាណនៃប្រព័ន្ធផ្សព្វផ្សាយជំនាន់ថ្មីមានការកើនឡើងយ៉ាងគំហុគ និងទទួលបានការគាំទ្រពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាតាមបែបប្រពៃណី មានការធ្លាក់ចុះប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៩ សារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណី រួមមានការកាសែត ព្រឹត្តិបត្រ ទស្សនាវដ្ដី ដែលដំណើរការចេញផ្សាយជាប្រចាំ មានការធ្លាក់ចុះពី ៥១២អង្គភាព នៅឆ្នាំ២០១៨ មកនៅត្រឹម ៣១០អង្គភាព ។ ចំណែកគេហទំព័រ និងទូរទស្សន៍អនឡាញដែលបានចុះបញ្ជី និងកំពុងដំណើរការធ្វើអាជីវកម្មមានការកើនឡើងរហូតដល់៤០០អង្គភាព។ ស្ថានីយទូរទស្សន៍ ដែលផ្សាយផ្ទាល់និងផ្សាយបន្តនៅទូទាំងប្រទេសមាន ២០០ស្ថានីយ ទូរទស្សន៍ផ្កាយរណបមាន ២ស្ថានីយ ទូរទស្សន៍ខ្សែកាប មាន២១០ស្ថានីយ វិទ្យុមានចំនួន ២២១ ស្ថានីយ។
គួរបញ្ជាក់ដែរថា កន្លងមក ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ចំនួន៣លើក សម្តេចតេជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងាររបស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលម្អឱ្យវិស័យកព័ត៌មាន បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា។ ជាងនេះទៀត នៅមុនពីរថ្ងៃនៃជំនួប ជាមួយអ្នកសារព័ត៌មានកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅ ថ្ងៃទី ១២ ខែមករា ថា « អរគុណ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានល្អ ពី កម្ពុជា ដែលជាការរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ»។
ទិដ្ឋភាពនៃពិធីជួបជុំ (រូបថត៖ Freshnews )
ម្យ៉ាងវិញទៀតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន គូសបញ្ជាក់ថា វិស័យសារព័ត៌បើនិយាយពីកម្រិតបំផ្លាញគឺមានលក្ខខណៈធំធេងជាងការផ្ទុះគ្រាប់បែក និងគ្រាប់ផ្តោងទៅទៀត។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថាបើនិយាយពីវិស័យព័ត៌មាន កម្រិតបំផ្លាញគឺមានកម្រិតធំធេងជាងគ្រាប់បែក គ្រាប់ផ្លោងទៅទៀត ប្រសិនបើព័ត៌មាននោះបំពុល។ គ្រាប់បែក ឬគ្រាប់ផ្តោងអាចបំផ្លាញ ឬកម្ទេចភូមិមូយ ឬកម្ទេកគេហដ្ឋានមួយ ក៏ប៉ុន្តែព័ត៌មានបំភ្លៃការពិតវាអាចកម្ទេចប្រទេសជាតិមួយ ហើយបើសេដ្ឋកិច្ចវិញ វាអាចធ្វើឱ្យក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចធ្លាយឡើងពីសង្គ្រាមចិត្តសាស្ត្រ»។
សម្តេចតេជោបានលើកឡើងថា បញ្ហាការបំភ្លៃព័ត៌មានក៏ត្រូវបានធ្វើឱ្យប៉ះពាល់ម៉ាក្រួសេដ្ឋកិច្ច សង្គមផងដែរ ហើយបើសិនមិនមានការទប់ស្កាត់ទាន់ពេលបវេលានោះទេ។
ទិដ្ឋភាពនៃពិធីជួបជុំ (រូបថត៖ Freshnews )
សូមរម្លឹកថា សម្តេចតេជោ ហ៊ុនសែន បានជួបជាមួយអ្នកសារព័ត៌មានជាង ១,០០០នាក់ ជាជំនួបលើកដំបូង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។ លើកទី២ នៅថ្ងៃទី២១ មករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ និងលើកទី៣ នៅថ្ងៃទី១១ មករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ចំណែកជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ៣លើក កន្លងមក ត្រូវបានចាត់ទុកថា ជាប្រវត្តិសាស្ត្រមួយ នៅក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលជាឱកាសឱ្យអ្នកសារព័ត៌មានក្នុងស្រុក បានជួបជុំជាមួយអ្នកសារព័ត៌មានដូចគ្នា មកពីបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ បានជជែកពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។ ជាងនេះទៀត ការអញ្ជើញផ្តល់កិត្តិយសពីសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងជំនួបជាមួយអ្នកកាសែត គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអ្នកសារព័ត៌មាន ដើម្បីបង្កើនទំនាក់ទំនងល្អ ក្នុងការជួយជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន៕
(សរុបដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: ប្រភព៖ Freshnews និង information.gov.kh)
មតិពីមិត្តអ្នកអាន