ប៉ុន្មានថ្ងៃនេះ អង្គភាពអាជីវកម្មវៀតណាមជាច្រើនកំពុងរៀបចំសកម្មភាពទៅសួរសុខទុក្ខ និងផ្តល់អំណោយបុណ្យតេតដល់អាណិកជនវៀតណាម ជាពិសេសគ្រួសារក្រីក្រដែលរស់នៅក្នុងរាជធានីភ្នំពេញ និងមូលដ្ឋានជាច្រើនទៀតនៅកម្ពុជា។
![]() |
| លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាផ្តល់អំណោយបុណ្យតេតដល់សិស្សានុសិស្សជាកូនចៅអណិកជនវៀតណាម |
នារសៀលថ្ងៃទី២១ ខែមករា នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាមក្នុងរាជធានីភ្នំពេញ គណៈប្រតិភូក្រុមហ៊ុនភាគហ៊ុន Sen Vang និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំកម្មវិធី “បុណ្យតេតដ៏កក់ក្តៅសម្រាប់អាណិកជនវៀតណាមនៅកម្ពុជា”។
គណៈប្រតិភូបានប្រគល់អំណោយរាប់សិបមុខ រួមទាំងកាបូបសិក្សា សម្លៀកបំពាក់ ស្ករគ្រាប់ និងមានថវិកាខ្លះជូនដល់សិស្សានុសិស្សជាកូនចៅអាណិកជនវៀតណាមដែលជួបការលំបាក។ តាមការរំពឹងទុក ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមករា គណៈប្រតិភូនឹងផ្តល់អំណោយ និងអាហារូបករណ៍សរុបជិត ៥០០ ដល់សិស្សានុសិស្ស គ្រូបង្រៀន និងគ្រួសារក្រីក្រមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ថ្លែងក្នុងពិធីនេះ ដោយមានការចូលរួមពីកម្មាភិបាលស្ថានទូត និងទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាម នៅកម្ពុជា បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ គណៈកម្មការប្រតិបត្តិសមាគមគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងសម្របសម្រួលជាមួយស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាមចំនួនពីរ ដើម្បីជួយអាណិកជនវៀតណាមនូវឯកសារផ្លូវច្បាប់ ការផ្លាស់ប្តូរអាជីព ការលើកកម្ពស់ជីវភាពរស់នៅនិងបញ្ជូនកូនទៅសាលារៀន។
លោក Chau Van Chi ក៏បានឲ្យដឹងដែរថា “ទន្ទឹមនឹងកម្មវិធីបុណ្យតេតដ៏កក់ក្តៅសម្រាប់អាណិកជនវៀតណាមនៅកម្ពុជា របស់គណៈប្រតិភូថ្ងៃនេះ សមាគមក៏បានសម្របសម្រួលជាមួយស្ថានទូត អង្គភាពអាជីវកម្ម និងសប្បុរសជននានាក្នុងប្រទេស និងនៅកម្ពុជាផ្តល់អំណោយជាច្រើនដើម្បីជួយប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមពោរពេញទៅដោយភាពកក់ក្តៅ”។
មុននឹងចូលឆ្នាំថ្មីប្រពៃណីរោងឆស័ក ២០២៤ អង្គភាពអាជីវកម្មវៀតណាម និងសប្បុរសជនជាច្រើនបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារអាណិកជនវៀតណាមដែលជួបការលំបាកនៅកម្ពុជា។
ដូចឆ្នាំមុនៗដែរ មិត្តហ្វូនដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា នឹងផ្តល់អំណោយជាង ១,០០០ ដល់អាណិកជនវៀតណាមនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត-ក្រុងជាច្រើន។ ទន្ទឹមនឹងនេះ ធនាគារ Sacombank គ្រោងនឹងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាមនៅកម្ពុជា និងអាជ្ញាធរមូលដ្ឋាន រៀបចំការប្រគល់អំណោយចំនួន ៥០០ ដល់គ្រួសារអាណិកជនវៀតណាម និងប្រជាជនកម្ពុជាដែលជួបការលំបាកក្នុងខេត្តបាត់ដំបងនៅថ្ងៃទី២ ខែកុម្ភៈ ខាងមុខនេះ៕

មតិពីមិត្តអ្នកអាន