Trending now

ចិន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

13:24 | 19/06/2019 (ប្រភព៖ cnc.com.kh)

​​នៅព្រឹកថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​តេជោ ហ៊ុនសែន បានអញ្ជើញជួបជាមួយឯកឧត្តម វ៉ានកាង អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នៅវិមានសន្តិភាព។

ទិដ្ឋភាពនៃជំនួប

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា ឯកឧត្តម វ៉ាន់ កាង មានប្រសាសន៍ថា ​នេះជាលើកទី១ហើយ ដែលឯកឧត្តម បានមកកាន់​កម្ពុជា ហើយបានឃើញកម្ពុជា មានការអភិវឌ្ឍ​របស់កម្ពុជា។

ឯកឧត្ដម វ៉ាន់ កាង បានគោរពជម្រាបជូន សម្តេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់​កម្ពុជានៅពេលនេះ គឺមានទិសដៅពីរ, ទីមួយគឺដើម្បីសំដែង​ការគោរព ជូនចំពោះសម្ដេចតេជោ និងទី២ គឺដើម្បីពង្រឹងនូវ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ​ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្នុងឱកាសនោះ ឯកឧត្តម បានគោរពស្នើសុំទស្សនៈរបស់សម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

ជាការឆ្លើយតប សម្តេចតេជោ បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺចាំបាច់ត្រូវការ ធនធានមនុស្ស ការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍ, ក្នុងយុគសម័យឌីជីថល ឬក៏ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ គឺចាំបាច់ណាស់ ត្រូវមានការសិក្សា ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាព័តមានវិទ្យា​ និងវិទ្យាសាស្ត្រដទៃទៀត។

ទិដ្ឋភាពនៃជំនួប

ក្នុងន័យនេះ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម វ៉ាន់ កាង ថា កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យសម្របស្របទៅតាមចរន្ត នៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤នេះ។ ​សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជាមានសាលាសម្រាប់បណ្ដុះបណ្ដាល លើវិស័យនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏​នៅតែត្រូវការការអភិវឌ្ឍលើវិស័យនេះថែមទៀត។

​ក្នុងឱកាសនោះ សម្ដេចតេជោ ស្នើសុំឲ្យភាគីចិន ជួយសហការជាមួយកម្ពុជា​ លើបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យស្រាវជ្រាវ ក៏ដូចជាវិស័យដទៃទៀត ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនេះ។ សម្ដេចក៏ឆ្លៀតឱកាសនេះដែរ​ បានស្នើសុំឲ្យឯកឧត្តម វ៉ាន់ កាង ធ្វើការសហការជាមួយនឹង រាជបណ្ឌិត្យសភាកម្ពុជា, ក្រសួងអប់រំ ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ផងដែរ៕

(ប្រភព៖ cnc.com.kh)

(ប្រភព៖ cnc.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ