Trending now

ADB ផ្ដល់ហិរញ្ញប្បទាននូវទឹកប្រាក់២៥០លានដុល្លារដល់កម្ពុជាដើម្បីអនុវត្តន៍គម្រោងចំនួន៤

20:55 | 24/10/2018

យុគសម័យ - នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងនិងកម្មវិធីចំនួន៤ ដែលមានទឹកប្រាក់សរុបជិត ២៥០លានដុល្លារអាមេរិក។ គម្រោងទាំង៤នេះ រួមមាន៖

១៖ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ គ្រោងចំណាយថវិកាសរុប ប្រមាណ៥៣.៥០លានដុល្លារអាមេរិក សម្រាប់អនុវត្តយុទ្ធសាស្រ្តវិស័យអប់រំឆ្នំា ២០១៤-២០១៨ និងការព្យាករណ៍តម្រូវការ អភិវឌ្ឍន៍វិស័យអប់រំឆ្នាំ ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។

២៖ គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គ្រោងចំណាយថវិកាសរុបប្រមាណ ៩៧.៧០លានដុល្លារអាមរិក សម្រាប់ការអភិវឌ្ឍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រុងអាទិភាពចំនួន ០៣ (ក្រុងស្ទឹងសែន, ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាត់ដំបង) តាមរយៈការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ ប្រព័ន្ធ បណ្តាញលូ និងសាងសង់ទីលានចាក់សំរាម។ គម្រោងនេះ ក៏នឹងជួយពង្រឹង សមត្ថភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់សេវា និង កែលំអគោលនយោបាយគ្រប់គ្រងកាកសំណល់រឹង, ទឹកកខ្វក់, បណ្តាញលូរំដោះទឹកភ្លៀងក្រុង និងបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ។

៣៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គជំហានទី៤ គ្រោងចំណាយថវិកាវិនិយោគ សរុបប្រមាណ៨៨.៥០លានដុល្លារអាមេរិក សម្រាប់ការពង្រីកសេវាសាធារណៈនៅទីប្រជុំជន ដែលនឹងជួយលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់តាមរយៈការអភិវឌ្ឍក្រុងរបៀង អាទិភាពចំនួន០៣ (ក្រុងកំពង់ចាម, ក្រចេះ និងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់មេគង្គ) ដោយរួមមាន៖ ការសាងសង់ស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់, ការតភ្ជាប់ ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជន, ការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ ។

គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គជំហានទី៤ នឹងចូលរួមអនុវត្ត៖ (១) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលផ្តោតលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និង (២) គោលនយោបាយជាតិស្តីពី វិស័យទឹកស្អាត និងអនាម័យរបស់រាជរដ្ឋាភិបាល។

៤៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហានុតំបន់មេគង្គជំហានទី២ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ៣០.៨៩ លានដុល្លារអាមេរិក ក្នុងគោលបំណង បង្កើនការទាក់ទាញទេសចរណ៍ក្នុងខេត្តគោលដៅចំនួន ០២ (ខេត្តកែប និងខេត្តព្រះសីហនុ) ដោយផ្តោតលើការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកសាងកំពង់ផែទេសចរណ៍ខ្នាតតូចចំនួន២, ការធ្វើឱ្យប្រសើរឡើងនូវអនាម័យទីក្រុង, និងការកសាងសមត្ថភាព ក្នុងការគ្រប់គ្រងកំណើនទេសចរណ៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ គម្រោងក៏នឹងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍ ASEAN ឆ្នាំ២០១៦-២០២៥ និងជួយបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការលើកម្ពស់វិស័យទេសចរណ៍ឆ្លងដែន, និងការធ្វើ សមាហរណកម្មរវាង GMS និង ASEAN ឲ្យកាន់តែមានភាពស៊ីជម្រៅថែមទៀតផងដែរ។ បន្ថែមទៅនឹងគោលដៅខាងលើ គម្រោង និងកម្មវិធីទាំង៤នេះ សុទ្ធតែមានគោលដៅ រួមក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB និងមូលនិធិភាពជាដៃគូរបស់សាធារណរដ្ឋកូរ៉េ សម្រាប់ពុទ្ធិព័ត៌មានវិទ្យានៅអាស៊ី (Republic of Korea e-Asia Knowledge Partnership Fund) ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងខាងលើ និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ ​ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើន សេដ្ឋកិច្ចក្នុងរយៈពេលវែង៕

(ប្រភពព័ត៌មាន: http://www.freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR