Trending now

ទម្លាយប្រវត្តិដ៏រំជួលចិត្តនៃចេតិយមួយ ក្នុងបរិវេណប្រាសាទអង្គរ កម្រមានអ្នកដឹងណាស់

19:42 | 16/08/2020

ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣ ។ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?

ទម្លាយប្រវត្តិដ៏រំជួលចិត្តនៃចេតិយមួយ ក្នុងបរិវេណប្រាសាទអង្គរ កម្រមានអ្នកដឹងណាស់

នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និងកូន និងបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត ។ លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងរាជវាំង ដែលកាលនោះរាជធានី នៅឧត្តុង្គ។


លោក អ៊ា ដារិទ្ធ បានបន្តថា៖ «គេដឹងត្រឹមថា គាត់មានទុក្ខពេលបាត់បង់ប្រពន្ធ និងកូន ហើយក៏មិនដឹងថា ការស្លាប់នោះដោយសារបញ្ហាអ្វីដែរ ។ ដូច្នេះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់»។

តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និងយោងតាមសិលាចារឹក ចាប់ពីស.វទី១៦ ដល់ទី១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និងជាចេតិយផង ។ យោងតាមសិលាចារឹកនៅអង្គរវត្ត ទាំងរាស្រ្ត និងខ្សែរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និងធ្វើសច្ចាប្រណិធានជាដើម។ នេះបើតាមការឱ្យដឹងពីលោក អ៊ា ដារិទ្ធ។


នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និងរាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និងអស្ចារ្យ ។ ជំនឿនេះ មានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត ។ លោក អ៊ា ដារិទ្ធ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និងខ្លះដាក់ក្នុងកុលាលភាជន៍។

ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ ៕


(ប្រភពព័ត៌មាន: អាជ្ញាធរជាតិអប្សរា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"