ក្រុងកំពតបានលាក់ទុកកំណប់ទេសចរណ៍ធំសម្បើម ពិសេសសំណង់អគារសល់តាំងពីសម័យអាណានិគមបារាំង ដែលត្រូវតែអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌មួយនេះ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រៅពីរមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ ទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនទៀត។
ទឹកឈូ និងភ្នំបូកគោ មានភ្ញៀវទេសចរទៅលេងច្រើនជាងគេក្នុងខេត្តកំពត។ (រូបថត៖ Thmey Thmey.com)
ក្រុងកំពតគួរត្រូវបានរៀបចំ និងអភិវឌ្ឍជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា រមណីយដ្ឋានធម្មជាតិ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនផ្សេងទៀត ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ទាក់ទាញប្រចាំខេត្ត ទីក្រុងកំពតបានលាក់ទុកនូវកំណប់សក្តានុពលទេសចរណ៍ធំសម្បើម គឺសំណង់អគារប្រវត្តិសាស្ត្រជាច្រើន ។
តំបន់ទឹកឈូ និងភ្នំបូកគោ គឺជាគោលដៅទេសចរណ៍ដែលមានភ្ញៀវទៅកម្សាន្តច្រើនជាងគេបំផុត នៅក្នុងខេត្តកំពត ហើយភ្ញៀវភាគច្រើនលើសលប់ ជាភ្ញៀវទេសចរក្នុងស្រុក។ នេះបើតាមការបញ្ជាក់ពី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។
លោក សយ ស៊ីណុល បានបញ្ជាក់ថា៖ «គិតត្រឹមរយៈពេល៦ខែនៃឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាង ៨០ម៉ឺននាក់ បានមកកម្សាន្តនៅក្នុងខេត្តកំពត ដែលចំនួននេះមានការថយចុះប្រមាណ២៣,១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។»
ក្នុងចំណោមភ្ញៀវទេសចរជាង ៨០ម៉ឺននាក់នេះ មានភ្ញៀវទេសចរជាតិប្រមាណ ៧៨ម៉ឺននាក់ ថយចុះ២០,០១% រីឯភ្ញៀវទេសចរបរទេសវិញមានតែ ៥ម៉ឺន៦ពាន់នាក់ប៉ុណ្ណោះ ថយចុះរហូតដល់៥០,១១%។
បើតាមលោក សយ ស៊ីណុល ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗទាំង ១៣កន្លែង មានតែរមណីយដ្ឋានទឹកឈូ និងភ្នំបូកគោប៉ុណ្ណោះ ដែលអាចទាក់ទាញភ្ញៀវបានច្រើនជាងគេ។ ក្រៅពីនេះភ្ញៀវទេសចរនិយមទៅលេងនៅតំបន់ដូងទេរ ឧទ្យានដងព្រែក និងតំបន់ទេសចរណ៍ទឹកធ្លាក់តាដាជាដើម។
ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកំពតកាន់តែច្រើន មន្ទីរទេសចរណ៍ខេត្តកំពត មានគម្រោងបង្កើតតំបន់ឆ្នេរខ្សាច់នៅខាងលិចក្រុងកំពត ឲ្យភ្ញៀវទេសចរអាចលេងកម្សាន្ត ព្រោះខេត្តកំពតពុំសូវមានឆ្នេរច្រើនដូចខេត្តជាប់មាត់សមុទ្រដទៃទៀតឡើយ។ នេះបើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត៕
(សរុបដោយឌីណា)

មតិពីមិត្តអ្នកអាន