តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Westerdam បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០១ថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ។
នាវាទេសចរណ៍ Westerdam មានសញ្ជាតិហូល្លង់។
មន្ត្រីច្រកទ្វារអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងបន្តថា នាវាទេសចរណ៍ Westerdam មានសញ្ជាតិហូល្លង់មានបណ្ដោយ ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ១.៨៦៧នាក់ ស្រី ១.០០១នាក់ មាន ៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៩៥នាក់ ស្រី ១៤៤នាក់ មាន ៤៤សញ្ជាតិ ។
នាវាទេសចរណ៍ Westerdam បាននាំភ្ញៀវទេសចរបរទេសមកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥ និង ២០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នាវាមានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៦រសៀល ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ និងតាមឆ្នេរសមុទ្រក្រុងខេត្តព្រះសីហនុ។
សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាទេសចរណ៍ Westerdam ក៏បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពេញមួយថ្ងៃផងដែរ។ នៅដើមខែវិច្ឆិកានេះ មាននាវាទេសចរណ៍មកពីតំបន់អឺរ៉ុប និងអាស៊ី ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាបន្តបន្ទាប់ ព្រោះចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ និងដល់ខែមេសា ដើមឆ្នាំ ២០២០ខាងមុខ ជារដូវប្រាំង ការធ្វើដំណើរ តាមផ្លូវសមុទ្រ មានភាពងាយស្រួល មិនជួបហានិភ័យនូវព្យុះ ភ្លៀង ដូចរដូវវស្សា៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន