នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីស៊ូលីត ប្រកាសស្វែងរកការគាំទ្រពីប្រទេសនានានៅចំពោះមុខ អង្គមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីឲ្យឡាវក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC)របស់អង្គការសហប្រជាជាតិ។
នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីស៊ូលីត
ថ្លែងតាមរយៈវីដេអូថតទុកជាមុនក្នុងអង្គប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃ ២៦ ខែកញ្ញា នាយករដ្ឋមន្ត្រីឡាវ បានប្រកាសគាំទ្រឥតងាករេលើកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ។ មេដឹកនាំរដ្ឋអាស៊ីអាគ្នេយ៍រូបនេះក៏លើកឡើងផងដែរថា ឡាវ មានជំនឿថា យន្តការអន្តរជាតិនៅតែមានតម្លៃក្នុងការរក្សាសន្តិភាពពិភពលោក និងដោះស្រាយបញ្ហាប្រឈមសាកល។ លោកឆ្លៀតសង្កត់ធ្ងន់ផងដែរថា ការដោះស្រាយបញ្ហាដោយឯកតោភាគី និងប្រើប្រាស់កម្លាំង បណ្តាលឲ្យមានសង្គ្រាម ក៏ដូចជាគ្រោះមហន្តរាយដល់មនុស្សជាតិ។
មិនត្រឹមតែប៉ុណ្ណោះទេ លោក ថងលួន ស៊ីស៊ូលីត បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ និងជួយឲ្យឡាវចេញផុតពីក្រុមប្រទេសអភិវឌ្ឍតិចតួច។ វាជាផ្នែកមួយដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឡាវប្រកាសឈរឈ្មោះសម្រាប់បេក្ខភាពសមាជិកក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ចសម្រាប់អាណត្តិឆ្នាំ២០២៣ ដល់២០២៥។ លោកបន្ថែមដូច្នេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ថងលួន បានប្រកាសអំពាវនាវរកការគាំទ្រពីសមាជិកអង្គការសហប្រជាជាតិក្នុងពេលដែលឡាវកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមសម្រាប់ឆ្នាំ ២០២៣ដល់ឆ្នាំ ២០២៥។ នាយករដ្ឋមន្ត្រីឡាវថ្លែងដូច្នេះ៖ «វាជាសង្ឃឹមរបស់ខ្ញុំ ដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្វែងរកសមាជិកភាពក្នុងស្ថាប័នដ៏សំខាន់របស់អង្គការសហប្រជាជាតិ ជាលើកដំបូង»។
«យើងថ្លែងអំណរគុណដល់ការគាំទ្រដ៏មានតម្លៃពីរដ្ឋសមាជិកទាំងអស់ និងសន្យាថាពេលក្លាយជាសមាជិក ឡាវនឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់ក្រុមប្រឹក្សា»។ តាមពិតទៅ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ជាស្ថាប័នទទួលបន្ទុកលើការអភិវឌ្ឍដោយស្ថិរភាព ដោយផ្តោតលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ក្រុមប្រឹក្សានេះ មានសមាជិកចំនួន៥៤ប្រទេស និងមានអាណត្តិចំនួន៣ឆ្នាំ។
ក្រៅតែពីការលើកឡើង លើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសមាជិកភាពក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នាយករដ្ឋមន្ត្រីឡាវ ក៏លើកផងដែរពីបញ្ហាប្រឈមរួម ដែលក្នុងនោះមានបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលឲ្យមានគ្រោះមហន្តរាយ ក្នុងការអភិវឌ្ឍ ដែលរួមមានសន្តិសុខស្បៀង និងការកសាងហេដ្ឋរចនាសម្ព័ន្ធ។ ក្រៅពីយន្តការអភិបាលកិច្ចសាកល មេដឹកនាំឡាវក៏បានអំពាវនាវឲ្យប្រទេសទាំងអស់ប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងស្វែងរកប្រភពថាមពលផ្សេងទៀតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឲ្យកើនឡើងកម្តៅផែនដី៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: ThmeyThmey.com)
មតិពីមិត្តអ្នកអាន