ភ្នំបូកគឺជាភ្នំធម្មជាតិមួយ ដែលមានកម្ពស់២៣៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅលើភ្នំបូកមានសំណង់បុរាណចំនួន២សំខាន់ ដែលកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០នៃយុគសម័យប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម និងប្រាសាទភ្នំដីដែរ នៅរជ្ជកាលព្រះបាទយសោវរ្ម័នទី១។
 |
រូបថត៖ Thmey Thmey.com |
ប្រាសាទភ្នំបូក ជាប្រាសាទដែលមានប្រាង្គធំ3 ដែលមានទំហំប៉ុនគ្នាសង់លើខឿនថ្មភក់ និងប្រាសាទតូចៗចំនួន4 ធ្វើពីថ្មភក់ 2 និងធ្វើពីឥដ្ឋ 2 បែរមុខទៅរកប្រាង្គធំទាំង3។ ប្រាង្គធំៗទាំង3នេះ ប្រាង្គកណ្តាលកសាងដើម្បីឧទិសដល់ព្រះសិវៈ ប្រាង្គខាងជើងសម្រាប់ឧទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងសម្រាប់ឧទិសដល់ព្រះព្រហ្ម ប្រាសាទនេះស្ថិតក្នុងរចនាបថបាខែង។ ដើម្បីទៅដល់ប្រាសាទ យើងត្រូវធ្វើឡើងតាមកាំជណ្តើរ 600កាំជាង។
 |
រូបថត៖ Thmey Thmey.com |
ទេសចរអាចទស្សនាចម្លាក់ក្បូរក្បាច់តាមតាមជញ្ជាំងប្រាសាទ និងអាចលម្ហែអារម្មណ៍ជាមួយធម្មជាតិលើកំពូលភ្នំ ដែលមានកម្ពស់ប្រមាណ ២២០ម៉ែត្រ។ បើទេសចរឈរលើកំពូលភ្នំនោះ អ្នកនឹងអាចមើលឃើញវាលស្រែដាច់កន្ទុយភ្នែក បូករួមជាមួយការរស់នៅរបស់ពលរដ្ឋនៅភ្នំគូលែន ភ្នំក្រោម ទន្លេសាប និងឧទ្យានជាតិអង្គរ ដែលមានភ្នំបាខែងនៅកណ្តាល។ ភ្ញៀវទេសចរ ចំណាយពេលប្រមាណ ២០-៣០នាទីប៉ុណ្ណោះ ក្នុងការដើរឡើងលើកំពូលភ្នំបូក តាមជណ្ដើរ ឬ តាមផ្លូវបុរាណ។ សូមជម្រាបផងដែរថា បច្ចុប្បន្នប្រាសាទភ្នំបូកមិនសូវមានភ្ញៀវទេសចរទៅកម្សាន្តទេ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ៕
ឌីណា
មតិពីមិត្តអ្នកអាន