ទីផ្សារលំនៅឋាននៅកម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងល្បឿនយឺតៗបើធៀបនឹងឆ្នាំ ២០២០ ខណៈក្តីបារម្ភពីការអូសបន្លាយពេលការឆ្លងរាលដាលជំងឺកូវីដ១៩ អាចធ្វើឱ្យតម្លៃលំនៅឋាននាដើមឆ្នាំនេះនៅទ្រឹង ប៉ុន្តែនឹងកើនឡើងនៅចុងឆ្នាំ ២០២១ នេះ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
ទីផ្សារលំនៅឋាននឹងកាន់តែល្អនៅចុងឆ្នាំ ខណៈតម្រូវការក្នុងស្រុកកំពុងកើនឡើង
ក្នុងកម្មវិធី «ការព្យាករទីផ្សារអចលនទ្រព្យឆ្នាំ ២០២១ ដែលរៀបចំឡើងដោយក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទោះបីស្ថានភាពទីផ្សារអចលនទ្រព្យមួយចំនួននាដើមឆ្នាំ ២០២១ ហាក់មិនទាន់មានភាពរឹងមាំដូចឆ្នាំ ២០១៩ ប៉ុន្តែសម្រាប់ទីផ្សារលំនៅឋាន(ផ្ទះល្វែង បុរី ខុនដូ និងអាផាតមិន) គឺមិនមានបញ្ហាអ្វីទេ គ្រាន់តែវាមិនទាន់មានសម្ទុះឡើងដូចមុនពេលមានវិបត្តិជំងឺផ្តាសាយសកលកូវីដ ១៩។ កញ្ញាបន្តថា ភាពរឹងមាំនៃទីផ្សារលំនៅឋាននាពេលនេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីសំណាក់វិនិយោគិន និងអតិថិជននៅក្នុងស្រុក។
កញ្ញា គិនកេសា បានថ្លែងថា៖ «សម្រាប់ទីផ្សារខុនដូ និងអាផាតមិន (ប្រភេទប្រណីត) ដែលតែងពឹងផ្អែកទៅលើអតិថិជនបរទេស គឺអាចមានបញ្ហាខ្លះ ក្រៅពីនោះមិនមានបញ្ហាទេ»។ កញ្ញាបន្ថែមទៀតថា៖ «ជារួមសម្រាប់ទីផ្សារលំនៅឋានក្នុងឆ្នាំ ២០២១ នេះនឹងមានភាពល្អប្រសើរបើធៀបឆ្នាំ ២០២០ ពិសេសលំនៅឋានលក្ខណៈបុរី និងផ្ទះល្វែង»។
សម្រាប់តម្លៃលំនៅឋាននៅដើមឆ្នាំ ២០២១ នេះអាចនឹងមិនទាន់កើនឡើងភ្លាមទេ ព្រោះអតិថិជនមួយចំនួននៅមានភាពស្ទាក់ស្ទើរដោយពួកគេរង់ចាំមើលស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩ ជាមុនសិន។ ទោះយ៉ាងណា តម្លៃលំនៅឋានអាចនឹងចាប់ផ្តើមកើនឡើងវិញនៅឆមាសទី ២។ នេះបើតាម កញ្ញា គិនកេសា។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបាននិយាយថា កូវីដ ១៩ បានធ្វើឱ្យទីផ្សារលំនៅឋានត្រូវជាប់គាំងមួយរយៈ ប៉ុន្តែចាប់ពីចុងឆ្នាំ ២០២០ មកវិស័យនេះចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ហើយ។ ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យនៅពេលនេះ គឺបានចាប់ផ្តើមចេញទីផ្សារលំនៅឋានលក្ខណៈបុរី។ ប៉ុន្តែទោះបីយ៉ាងណា តម្លៃនាពេលនេះនៅមិនទាន់កើនឡើងទេ បើធៀបនឹងឆ្នាំ ២០២០។
លោកលើកឡើងថា៖ «ដោយសារលំនៅឋានជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងស្រុក ហេតុនេះវានឹងមានកំណើនថែមទៀតក្នុងឆ្នាំនេះ»។ លោកបានបន្តថា៖ «ខ្ញុំជឿថា នៅចុងឆ្នាំ ២០២១ មិនត្រឹមតែវិស័យលំនៅឋានទេ ពោលគឺវិស័យអចលនទ្រព្យកម្ពុជាទាំងមូលនឹងមានការរីកចម្រើនខ្លាំង»។
យោងតាមការសិក្សារបស់ CBRE Cambodia ទីផ្សារវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ បានទទួលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ១៩ ប៉ុន្តែវានឹងល្អប្រសើរឡើងវិញក្នុងឆ្នាំ ២០២១ បើទោះបីជានៅមានហានិភ័យមួយចំនួនក៏ដោយ៕
(ប្រភពព័ត៌មាន: postkhmer)