កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបងបានអញ្ជើញជួបសំណេះសំណាលសម្តែងការគួរសមជាមួយគណៈប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ង្វៀន មិញហ្វាង អនុប្រធាន នយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកជួបសំណេះសំណាល នាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសយើងទាំងពីរ ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ង្វៀន មិញហ្វាង អនុប្រធាន នយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវអំណរអរគុណចំពោះលោកមេបញ្ជាការ ដែលបានទទួលស្វាគមន៍ គណៈប្រតិភូវៀតណាមយ៉ាងយកចិត្តទុកដាក់ និងបានជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់ក្រុមការងាររុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីខេត្តបាត់ដំបង និងបានពាំនាំយកថវិកាចំនួន១៣,០០០ដុល្លារ ដើម្បីជាការជួយឧបត្ថម្ភបង្កលទ្ធភាពដល់កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមបន្តទៅទៀត ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកផងដែរ ។
បន្ទាប់ពីសំណេះសំណាលរួចមក សមភាគីបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព យុទ្ធជនពលី ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រោម នៅក្នុងបរិវេណវិមានរំលឹកគុណវីរជនយុទ្ធជនពលី ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕
(ប្រភព៖ kohsantepheapdaily.com.kh)
មតិពីមិត្តអ្នកអាន