ស្តង់ម្ហូបអាហារជិត ១០០ មកពីប្រទេសចំនួន ៤៦ បានប្រមូលផ្តុំគ្នានៅទីក្រុង Hanoi

17:14 | 25/11/2026 ម៉ាញដាត

យុគសម័យ - មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិលើកទី ១៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុង Hanoi បានប្រមូលផ្តុំស្តង់ជិត ១០០ មកពីប្រទេសចំនួន ៤៦ និងអង្គភាពនានាមកពីខេត្ត ក្រុងចំនួន ១១ របស់ប្រទេសវៀតណាម។ ក្រោមប្រធានបទ «Beyond Flavors - លើសពីរសជាតិ» ព្រឹត្តិការណ៍នេះបានបង្កើតលំហផ្លាស់ប្តូរវប្បធម៌ តភ្ជាប់ប្រជាជននៃបណ្តាប្រទេស និងរៀបចំសកម្មភាពសប្បុរសធម៌គាំទ្រដល់មូលដ្ឋាននានា។

ហ្វឺវៀតណាមតភ្ជាប់ការផ្លាស់ប្តូរវប្បធម៌វៀតណាម - កម្ពុជា នៅក្រុងព្រះសីហនុ ពង្រីកធនធានអាណិកជនក្នុងការអភិវឌ្ឍផលិតផលវប្បធម៌វៀតណាម
គណៈប្រតិភូអញ្ជើញទស្សនាស្តង់ប្រពៃណីនានារបស់ប្រទេសវៀតណាមនៅក្នុងមហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិ ឆ្នាំ ២០២៦។
គណៈប្រតិភូអញ្ជើញទស្សនាស្តង់ប្រពៃណីនានារបស់ប្រទេសវៀតណាមនៅក្នុងមហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិ ឆ្នាំ ២០២៦។

កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅមណ្ឌលអង្គទូត Van Phuc (ទីក្រុង Hanoi) ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងការរៀបចំពិធីបើកមហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិលើកទី ១៤។

អញ្ជើញចូលរួមក្នុងពិធីនេះមាន សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung លោកជំទាវ Ngo Phuong Ly ភរិយាអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam លោកជំទាវ Le Nguyet Anh ភរិយារដ្ឋមន្ត្រីក្រសួងការបរទេស តំណាងថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម មូលដ្ឋាន រួមជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូត អង្គការអន្តរជាតិ ភរិយា ស្វាមី និងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។

មហោស្រពនេះបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១ និងថ្ងៃទី ២២ ខែវិច្ឆិកា នៅមុនទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា ដោយមានស្តង់ជិត ១០០ ដែលឧទ្ទេសនាមវប្បធម៌ម្ហូបអាហាររបស់ប្រទេសចំនួន ៤៦ រួមជាមួយនឹងការចូលរួមពីស្ថាប័ន អង្គការ សហគ្រាស និងអង្គភាពនានាមកពីខេត្ត ក្រុងចំនួន ១១ របស់ប្រទេសវៀតណាម។

ព្រឹត្តិការណ៍នេះមានការរួមដំណើរពីក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធ Masan ក្នុងតួនាទីជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកឧទ្ទេសនាមផលិតផល និងគុណតម្លៃដ៏វិសេសវិសាលនៃម្ហូបអាហារវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។

ម្ហូបអាហារចាប់ផ្តើមជំនួបសំណេះសំណាល និងកិច្ចសន្ទនាវប្បធម៌

ថ្លែងបើកកម្មវិធី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានរំឭកឡើងនូវពាក្យស្លោកដែលធ្លាប់ស្គាល់របស់ប្រជាជនវៀតណាមថា «ម្លូមួយម៉ាត់ជាដើមចមនៃរឿងរ៉ាវ»។

យោងតាមរដ្ឋមន្ត្រី តាំងពីយូរយារណាស់មកហើយ ម្លូមួយម៉ាត់ តែមួយពែង ឬថាសបាយ មិនត្រឹមតែបង្ហាញពីទឹកចិត្តរាក់ទាក់ទទួលភ្ញៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយដើម្បីឱ្យមនុស្សគ្រប់គ្នាចាប់ផ្តើមជំនួបសំណេះសំណាល ផ្ញើមនោសញ្ចេតនា និងកសាងទំនាក់ទំនងដ៏ជិតស្និទ្ធផងដែរ។

រដ្ឋមន្ត្រីយល់ឃើញថា ម្ហូបអាហារជាដំបូងគឺជាចំណុចចាប់ផ្តើមនៃជំនួបសំណេះសំណាលនានា។ មុខម្ហូបដ៏ឆ្ងាញ់ពិសា ការអញ្ជើញប្រកបដោយភាពស្មោះត្រង់ អាចជួយឱ្យអ្នកដែលមិនទាន់ស្គាល់គ្នាក្លាយជាជិតស្និទ្ធ ជជែកគ្នាលេង និងក្លាយជាមិត្តភក្តិជាជំហានៗ។

ម្ហូបអាហារក៏បើកចេញនូវឱកាសស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាជាតិនីមួយៗផងដែរ។ នៅពីក្រោយរសជាតិនៃមុខម្ហូប គឺជារឿងរ៉ាវអំពីទឹកដី របៀបរស់នៅ និងអនុស្សាវរីយ៍ដែលត្រូវបានរក្សាទុកឆ្លងកាត់ជាច្រើនជំនាន់។

នៅពេលឧទ្ទេសនាមមុខម្ហូបស្រុកកំណើតទៅកាន់មិត្តភក្តិអន្តរជាតិ ប្រជាជនវៀតណាមក៏កំពុងនិទានរឿងរ៉ាវអំពីប្រទេសជាតិ និងប្រជាជនរបស់ខ្លួនផងដែរ។ ផ្ទុយទៅវិញ ការភ្លក់រសជាតិម្ហូបអាហាររបស់ប្រទេសដទៃ គឺជាឱកាសដើម្បីស្វែងយល់ រុករក និងឱ្យតម្លៃដល់វប្បធម៌ដែលមានភាពខុសប្លែកគ្នា។

យោងតាមរដ្ឋមន្ត្រី លោក Le Hoai Trung នោះក៏ជាស្មារតីនៃប្រធានបទ «Beyond Flavors - លើសពីរសជាតិ» ដែលឆ្ពោះទៅរកការឆ្លងកាត់ភាពខុសប្លែកគ្នាក្នុងវប្បធម៌ម្ហូបអាហារ ដើម្បីស្វែងរកភាពស្របគ្នា បង្កើនការយល់ដឹង និងកសាងមនោសញ្ចេតនាប្រកបដោយភាពស្មោះត្រង់។

រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វប្បធម៌មានវិធីសាស្ត្រដោយឡែកដើម្បីនាំមនុស្ស និងប្រជាជាតិនានាឱ្យខិតជិតគ្នា។ ដូច្នេះ ប្រទេសវៀតណាមតែងតែឱ្យតម្លៃលើការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងគោលនយោបាយការបរទេស ដោយបង្កលក្ខណៈងាយស្រួលដើម្បីឱ្យប្រជាជននៃបណ្តាប្រទេសបានជួបសំណេះសំណាល យល់ដឹង និងផ្សារភ្ជាប់ជាមួយគ្នា។

មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាដែលធ្វើឱ្យស្មារតីនោះក្លាយជាការពិត។ ឆ្លងកាត់ការរៀបចំចំនួន ១៤ លើក ព្រឹត្តិការណ៍នេះបានក្លាយជាកន្លែងដែលស្ថាប័នតំណាងការទូត អង្គការអន្តរជាតិ និងមិត្តភក្តិវៀតណាម រួមគ្នាឧទ្ទេសនាមមុខម្ហូប លក្ខណៈពិសេសដោយឡែក និងរឿងរ៉ាវវប្បធម៌នៃប្រទេសរបស់ខ្លួន។

តំណាងអង្គទូតឡើងថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោកស្រី Jennifer Wicks បានសង្កត់ធ្ងន់ថា ម្ហូបអាហារគឺជាភាសារួម ដែលមានសមត្ថភាពតភ្ជាប់មនុស្ស និងបង្កើតការយល់ដឹងរវាងវប្បធម៌នានា។

ឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿជាក់ថា ជំនួបសំណេះសំណាល ការជជែកគ្នាលេង និងបទពិសោធន៍នានានៅក្នុងមហោស្រព នឹងរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងបណ្តាប្រទេស។

លំហវប្បធម៌ទាំងបី និងសកម្មភាពសប្បុរសធម៌

ចំណុចលេចធ្លោមួយនៃមហោស្រពឆ្នាំនេះ គឺការរៀបចំលំហសំខាន់ៗចំនួនបី រួមមាន «មោទនភាពវៀតណាម» «រសជាតិអាស៊ាន» និង «រសជាតិពិភពលោក»។

នៅឯលំហ «មោទនភាពវៀតណាម» មូលដ្ឋាន សហគ្រាស និងអង្គភាពចូលរួមនានា បានឧទ្ទេសនាមមុខម្ហូប ផលិតផលក្នុងស្រុក រួមជាមួយនឹងគុណតម្លៃវប្បធម៌ម្ហូបអាហារដ៏ពិសេសដោយឡែករបស់ប្រទេសវៀតណាម។

លំហ «រសជាតិអាស៊ាន» បាននាំមកនូវឱកាសស្វែងយល់ពីភាពចម្រុះនៅក្នុងវប្បធម៌ម្ហូបអាហារនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែល «រសជាតិពិភពលោក» ឧទ្ទេសនាមមុខម្ហូប និងប្រពៃណីម្ហូបអាហាររបស់ប្រទេសជាច្រើន។

តាមរយៈស្តង់នានា សកម្មភាពបទពិសោធន៍ និងការសម្តែងសិល្បៈ សាធារណជនអាចស្វែងយល់ដោយផ្ទាល់នូវចំណុចស្រដៀងគ្នា និងភាពខុសប្លែកគ្នានៅក្នុងវប្បធម៌ម្ហូបអាហារ ទន្ទឹមនឹងការជួបសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ជាមួយតំណាងស្ថាប័នការទូត សិប្បករ និងអ្នកចូលរួមកម្មវិធី។

ក្រៅពីសកម្មភាពវប្បធម៌ មហោស្រពក៏បានយកចិត្តទុកដាក់ដល់ការងារសប្បុរសធម៌ផងដែរ ដែលបង្ហាញពីស្មារតីចែករំលែក និងទំនួលខុសត្រូវចំពោះសហគមន៍។

នៅក្នុងពិធីបើក លោកជំទាវ Ngo Phuong Ly រួមជាមួយគណៈប្រតិភូ បានចូលរួមគាំទ្រសកម្មភាពរៃអង្គាសថវិកាសប្បុរសធម៌។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំកម្មវិធីបានសហការជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រគល់អំណោយគាំទ្រជូនតំណាងមូលដ្ឋាននានា រួមមាន ខេត្ត Son La ខេត្ត Tuyen Quang ខេត្ត Dien Bien ខេត្ត Ha Tinh និងទីក្រុង Hue។

បន្ទាប់ពីពិធីបើក លោកជំទាវ Ngo Phuong Ly រួមជាមួយគណៈប្រតិភូ បានអញ្ជើញទស្សនាលំហវប្បធម៌ និងម្ហូបអាហារវៀតណាម អាស៊ាន និងអន្តរជាតិ ព្រមទាំងជួបសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ជាមួយតំណាងស្ថាប័នការទូត មូលដ្ឋាន សិប្បករ និងអង្គភាពនានាដែលចូលរួមក្នុងមហោស្រព។

តាមរយៈសកម្មភាពបទពិសោធន៍ដ៏ជិតស្និទ្ធ មហោស្រពបានរួមចំណែកឧទ្ទេសនាមរូបភាពប្រទេសវៀតណាមប្រកបដោយសន្តិភាព ភាពរួសរាយរាក់ទាក់ សម្បូរទៅដោយអត្តសញ្ញាណ និងសមាហរណកម្ម ទន្ទឹមនឹងការបង្កើតឱកាសបន្ថែមទៀតដើម្បីឱ្យសាធារណជនក្នុងប្រទេសបានទទួលយកវប្បធម៌នានានៅលើពិភពលោក។

ព្រឹត្តិការណ៍នេះក៏បានរួមចំណែកផ្សព្វផ្សាយស្មារតីនៃទសវត្សរ៍អន្តរជាតិស្តីពីវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដំណាក់កាល ២០២៧-២០៣៦ ដែលផ្តួចផ្តើមឡើងដោយប្រទេសវៀតណាម និងត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តកាលពីខែកញ្ញា ឆ្នាំ ២០២៦។

ចាប់តាំងពីមុខម្ហូបប្រពៃណី ជំនួបសំណេះសំណាល រហូតដល់សកម្មភាពសប្បុរសធម៌ មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិលើកទី ១៤ បន្តអះអាងនូវតួនាទីនៃការផ្លាស់ប្តូរវប្បធម៌ក្នុងការតភ្ជាប់ប្រជាជន ការបង្កើនការយល់ដឹងរវាងបណ្តាប្រទេស និងការរួមចំណែកដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
យុគសម័យ - កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមការងារប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង Ho Chi Minh បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចទើបតែរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧ នាក់បន្ថែមទៀតនៅតំបន់ B នៃឧទ្យាន Le Thi Rieng ដែលធ្វើឱ្យចំនួនអដ្ឋិធាតុសរុបដែលប្រមូលបានតាមរយៈយុទ្ធនាការស្វែងរកទាំងពីរលើកនៅទីនេះ កើនឡើងដល់ ៩៥៩ នាក់។
ក្រុម K52 បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ នាក់បន្ថែមទៀតនៅប្រទេសកម្ពុជា ក្រុម K52 បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ នាក់បន្ថែមទៀតនៅប្រទេសកម្ពុជា
យុគសម័យ - នាថ្ងៃទី ១៧ ខែវិច្ឆិកា ក្រុម K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ នាក់នៅភូមិឡាំ ឃុំបរញ៉ុក ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ប្រទេសកម្ពុជា) ដែលធ្វើឱ្យចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបដែលអង្គភាពនេះប្រមូលបាននៅប្រទេសកម្ពុជា កើនឡើងដល់ ៣៦ អដ្ឋិធាតុ។

ម៉ាញដាត

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្តង់ម្ហូបអាហារជិត ១០០ មកពីប្រទេសចំនួន ៤៦ បានប្រមូលផ្តុំគ្នានៅទីក្រុង Hanoi
ជនរួមជាតិខ្មែរណាមបូ ថែរក្សាអត្តសញ្ញាណវប្បធម៌ឆ្លងកាត់ជំនាន់នានា
ប្រែក្លាយបេតិកភណ្ឌវប្បធម៌ឱ្យទៅជាផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត
កុមារដើមកំណើតវៀតណាមនៅទ្វីបអឺរ៉ុប សាយភាយសេចក្តីស្រឡាញ់ចំពោះភាសាវៀតណាម
ពង្រីកធនធានអាណិកជនក្នុងការអភិវឌ្ឍផលិតផលវប្បធម៌វៀតណាម

អានច្រើនបំផុត

ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
ខេត្ត Dong Nai ផ្សារភ្ជាប់សហគមន៍តាមរយៈសប្តាហ៍វប្បធម៌
ទីក្រុង Ha Noi ទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧,៥ លាននាក់
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌
ទីក្រុងហាណូយនាំយកសម្លៀកបំពាក់ប្រពៃណី Ao Dai ចូលទៅក្នុងលំហវប្បធម៌សហគមន៍