វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសភាជាមួយឡាវ និងកម្ពុជា

09:28 | 19/11/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុង Manila (ប្រទេសហ្វីលីពីន) អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Doan Anh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភាឡាវ និងកម្ពុជា ដោយបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសភា បង្កើនការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិកម្ម ការត្រួតពិនិត្យ និងការដាក់ឱ្យអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីសកម្មភាពនានាដើម្បីរំលឹកខួបព្រឹត្តិការណ៍សំខាន់ៗនៅក្នុងទំនាក់ទំនងការទូតនាឆ្នាំ ២០២៧ ផងដែរ។

ខេត្ត Gia Lai សម្របសម្រួលជាមួយកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន វៀតណាម - កម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើសឆ្នាំ ២០២៧
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាការងារ។
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាការងារ។

ជំនួបទាំងនេះបានប្រព្រឹត្តទៅក្នុងឱកាសដែលឧត្តមសេនីយ៍ឯក Nguyen Doan Anh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានរដ្ឋសភាវៀតណាម អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាលើកទី ១៥ រវាងថ្នាក់ដឹកនាំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។

វៀតណាម - ឡាវ បង្កើនកិច្ចសហប្រតិបត្តិការសភា និងត្រួតពិនិត្យគម្រោងសំខាន់ៗ

នៅក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោកជំទាវ Sounthone Xayachack អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Doan Anh បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗរបស់ឡាវក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជាការរៀបចំប្រកបដោយជោគជ័យនូវសម័យប្រជុំលើកទី ២ នៃរដ្ឋសភាឡាវនីតិកាលទី ១០ និងការពង្រឹងមុខតំណែងថ្នាក់ដឹកនាំសំខាន់ៗសម្រាប់អាណត្តិ ២០២៦-២០៣១។

អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Doan Anh បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់ប្រធានរដ្ឋសភាឡាវ ឯកឧត្តម Sonexay Siphandone ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ព្រមទាំងបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយលទ្ធផលនៃដំណើរទស្សនកិច្ច និងកិច្ចព្រមព្រៀងនានាដែលសម្រេចបានរវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរឱ្យទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់រហ័ស។

អនុប្រធានរដ្ឋសភាឡាវ លោកជំទាវ Sounthone Xayachack បានសម្តែងនូវសេចក្តីរីករាយដែលបានជួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Doan Anh ក្នុងតួនាទីថ្មី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ដែលបានទទួលស្វាគមន៍យ៉ាងឱឡារិកចំពោះប្រធានរដ្ឋសភាឡាវ ឯកឧត្តម Sonexay Siphandone និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចកន្លងមក។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម លោកជំទាវ Sounthone Xayachack បានឱ្យដឹងថា គម្រោងវិនិយោគនានារបស់វៀតណាមក្នុងវិស័យតភ្ជាប់គមនាគមន៍ និងកសិកម្ម បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ឡាវ។ លោកជំទាវសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការសំខាន់ៗទាំងនោះ។

ដោយជម្រាបជូនអំពីលទ្ធផលនៃសម័យប្រជុំលើកទី ២ និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់រដ្ឋសភាឡាវ អនុប្រធានរដ្ឋសភា លោកជំទាវ Sounthone Xayachack បានស្នើឱ្យរដ្ឋសភាទាំងពីរជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល បំប៉ន និងលើកកម្ពស់សមត្ថភាពជូនដល់ក្រុមតំណាងរាស្ត្រជាប់ឆ្នោតថ្មី។

ក្នុងនាមជាប្រធានសមាគមមិត្តភាពឡាវ - វៀតណាម និងជាប្រធានក្រុមសមាជិកសភាមិត្តភាពឡាវ - វៀតណាម លោកជំទាវ Sounthone Xayachack បានបញ្ជាក់ពីបំណងប្រាថ្នាក្នុងការបន្តរួមចំណែកដល់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការសភាក្នុងទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាព ដែលរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការផ្សារភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។

ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ ២០២២ ដោយឆ្ពោះទៅរកការពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅក្នុងឆ្នាំ ២០២៧។

តាមនោះ រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការនានា ក្រុមសមាជិកសភាមិត្តភាព ក្រុមតំណាងរាស្ត្រវ័យក្មេង ក្រុមតំណាងរាស្ត្រស្ត្រី និងក្រុមប្រឹក្សាប្រជាជនតាមមូលដ្ឋាននានា។

ភាគីទាំងពីរក៏បានយកចិត្តទុកដាក់លើការចែករំលែកបទពិសោធន៍ស្តីពីការធ្វើឱ្យប្រសើរឡើងនូវស្ថាប័ន ការរៀបចំរដ្ឋបាលមូលដ្ឋាន និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពសភា ព្រមទាំងបង្កើនការសម្របសម្រួលត្រួតពិនិត្យការដាក់ឱ្យអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

លើឆាកពហុភាគី ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម និងឡាវ បានបញ្ជាក់ពីការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា AIPA សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងសភាប្រើប្រាស់ភាសាបារាំង (APF)។

ក្នុងឱកាសដែលឆ្នាំ ២០២៧ វៀតណាម និងឡាវ រំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំសកម្មភាពរំលឹកខួបនានា ដើម្បីរួមចំណែកអប់រំប្រពៃណី និងពូនជ្រំទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម - កម្ពុជា ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក

នៅក្នុងជំនួបជាមួយអនុប្រធានទី ១ នៃរដ្ឋសភាកម្ពុជា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Doan Anh បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងនោះរួមមានការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទអន្តរសភាកម្រិតប្រធានរដ្ឋសភាលើកទី ២ (ISC-2) កាលពីខែសីហា ឆ្នាំ ២០២៦។

អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Doan Anh បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានយកចិត្តទុកដាក់ និងរៀបចំយ៉ាងហ្មត់ចត់ដើម្បីទទួលស្វាគមន៍អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ព្រមទាំងបានសម្តែងនូវជំនឿជាក់ថា កិច្ចប្រជុំកំពូលនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

អនុប្រធានទី ១ នៃរដ្ឋសភាកម្ពុជា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអបអរសាទរចំពោះលទ្ធផលដ៏សំខាន់នៃសម័យប្រជុំលើកទី ២ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៦ ព្រមទាំងបានសម្តែងនូវជំនឿជាក់ថា វៀតណាមនឹងសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញ។

ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឯកឧត្តម ជាម យៀប បានលើកឡើងថា ការរក្សាការផ្លាស់ប្តូរជាប្រចាំរវាងថ្នាក់ដឹកនាំរដ្ឋសភា បានរួមចំណែកពង្រឹងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ឯកឧត្តមបានស្នើឱ្យភាគីទាំងពីរបន្តធ្វើឱ្យលទ្ធផលនៃជំនួបកម្រិតខ្ពស់ក្លាយជាសកម្មភាពជាក់ស្តែង តាមរយៈសកម្មភាពរបស់គណៈកម្មាធិការនានា ក្រុមសមាជិកសភាមិត្តភាព និងស្ថាប័នជំនួយការនៃរដ្ឋសភាទាំងពីរ។

ក្រៅពីនេះ រដ្ឋសភាវៀតណាម និងកម្ពុជា ចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរបទពិសោធន៍ស្តីពីការងារនីតិកម្ម ការត្រួតពិនិត្យថវិកា ការត្រួតពិនិត្យការអនុវត្តច្បាប់ និងការកសាងរដ្ឋសភាអេឡិចត្រូនិក។

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អនុប្រធានទី ១ នៃរដ្ឋសភាកម្ពុជា គាំទ្រឱ្យប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច និងការដោះស្រាយឧបសគ្គនានាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងនីតិវិធីសម្រាប់សកម្មភាពចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តកសាងខ្សែបន្ទាត់ព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបង្កើនការសម្របសម្រួលក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន និងការការពារប្រភពទឹកទន្លេមេគង្គ។

ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម - កម្ពុជា ជាពិសេសគឺកិច្ចសហប្រតិបត្តិការសភា សម្រេចបានលទ្ធផលសំខាន់ៗ និងជាក់ស្តែងជាច្រើនក្នុងរយៈពេលកន្លងមក។

ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការជួបប្រាស្រ័យកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ តាមរយៈដំណើរទស្សនកិច្ចទ្វេភាគី ក៏ដូចជាជំនួបនៅក្រៅវេទិកាពហុភាគីនានា។

រដ្ឋសភាទាំងពីរនឹងបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា AIPA និង IPU ដែលតាមរយៈនោះនឹងរួមចំណែកពង្រឹងសាមគ្គីភាព និងលើកកម្ពស់តួនាទីស្នូលរបស់អាស៊ានក្នុងបញ្ហាតំបន់នានា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា ក្នុងដំណាក់កាលថ្មី ដើម្បីបង្កើតមូលដ្ឋានសម្រាប់ដាក់ឱ្យអនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែងនានា។

នៅក្នុងការផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ជាពិសេសលើវិស័យការពារជាតិ សន្តិសុខ និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែន។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការសម្របសម្រួលប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានពិភាក្សាអំពីការឯកភាពគ្នាឱ្យបានឆាប់លើគម្រោង «យន្តការសហប្រតិបត្តិការសេដ្ឋកិច្ចថ្មី ដើម្បីផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវសេដ្ឋកិច្ចទាំងពីរ វៀតណាម - កម្ពុជា» ដោយឆ្ពោះទៅរកគោលដៅនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក។

ខ្លឹមសារសហប្រតិបត្តិការដ៏សំខាន់មួយទៀត គឺការដាក់ឱ្យអនុវត្តចំណុចតភ្ជាប់ផ្លូវល្បឿនលឿន ទីក្រុង Ho Chi Minh - Moc Bai - បាវិត - ភ្នំពេញ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពដឹកជញ្ជូន ចរាចរណ៍ទំនិញ និងការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ខ្លឹមសារសហប្រតិបត្តិការទាំងនេះត្រូវបានរំពឹងថានឹងរួមចំណែកទាញយកសក្តានុពលពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងឱកាសដែលឆ្នាំ ២០២៧ វៀតណាម និងកម្ពុជា រំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំឱ្យបានល្អនូវសកម្មភាពរំលឹកខួបនានា ក្នុងនោះយកចិត្តទុកដាក់លើការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង សមាជិកាសភា និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ។

តាមរយៈសកម្មភាពទាំងនេះ រដ្ឋសភាវៀតណាម និងកម្ពុជា ឆ្ពោះទៅរកការបង្កើនការយល់ដឹង ការចែករំលែកបទពិសោធន៍ ព្រមទាំងរួមចំណែកអប់រំប្រពៃណីមិត្តភាព និងសាមគ្គីភាពជូនដល់យុវជនជំនាន់ក្រោយ។

ជំនួបនានានៅទីក្រុង Manila បានបន្តបញ្ជាក់ពីតួនាទីនៃកិច្ចសហប្រតិបត្តិការសភាក្នុងការពង្រឹងទំនាក់ទំនងវៀតណាមជាមួយឡាវ និងកម្ពុជា ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ប្រទេសទាំងបីបន្តដាក់ឱ្យអនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែងនៅក្នុងឆ្នាំ ២០២៧ ដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងអស់៕

រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
យុគសម័យ - ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ដើរតួនាទីជាស្ពានតភ្ជាប់ដ៏រឹងមាំក្នុងការផ្សារភ្ជាប់មនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការធ្វើឱ្យជាក់ស្តែងកម្មនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្នុងស្មារតីនោះ នាថ្ងៃទី ៨ ខែមិថុនា នៅរដ្ឋធានី Ha Noi លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Xian Hui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ច និងបំពេញការងារនៅវៀតណាម។
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Hanoi គណបក្សភាគនៃរណសិរ្សមាតុភូមិ (MTTQ) និងបណ្តាអង្គការមហាជនមជ្ឈិម បានចាត់តាំងសន្និសីទគណៈកម្មាធិការប្រតិបត្តិគណបក្សភាគពង្រីក សន្និសីទបានកំណត់បណ្តាភារកិច្ចគន្លឹះនាពេលខាងមុខគឺការបន្តរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ធ្វើឱ្យបង្រួមបណ្តាអង្គភាពអាជីពនិងស្ថាប័នសារព័ត៌មាន ជម្រុញខ្លាំងការបំប្លែងឌីជីថល និងធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យតាមការណែនាំរបស់មជ្ឈិម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រាសាទ Xam - បូជនីយដ្ឋានបុរាណដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រនៃខេត្ត Ninh Binh
ខេត្ត Udon Thani ជំរុញការតភ្ជាប់វប្បធម៌ និងទេសចរណ៍ជាមួយវៀតណាម
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសភាជាមួយឡាវ និងកម្ពុជា
វៀតណាម - កម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើសឆ្នាំ ២០២៧
ខេត្ត Gia Lai សម្របសម្រួលជាមួយកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន

អានច្រើនបំផុត

វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
យុវជន វៀតណាម - កម្ពុជា - ឡាវ ពូនជ្រំសាមគ្គីភាព និងមិត្តភាព
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត