ពីការចូលរួម ឈានទៅរកការរួមចំណែកកំណត់ទម្រង់ច្បាប់ល្បែង៖ មុំមើលអំពីឋានៈការទូតវៀតណាម

09:06 | 02/10/2026 វ៉ាន់ណាំ

យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូត បណ្ឌិត Ton Sinh Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា សាស្ត្រាចារ្យជាន់ខ្ពស់នៃបណ្ឌិត្យសភាការទូតវៀតណាម ដំណើរចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ រួមផ្សំជាមួយសកម្មភាពនានានៅសហរដ្ឋអាមេរិក និងកាណាដា របស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវការប្រែប្រួលក្នុងការត្រិះរិះពិចារណាលើកិច្ចការបរទេសរបស់វៀតណាម៖ ចាប់ពីការចូលរួម និងគោរពតាមច្បាប់ល្បែងដែលបានបង្កើតឡើងរួចហើយ ឈានទៅរកការម្ចាស់ការរួមចំណែកនៅក្នុងដំណើរការកំណត់ទម្រង់ច្បាប់ល្បែងថ្មីៗ។

កសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃចេញពីទិន្នន័យ និងបច្ចេកវិទ្យា ការធ្វើឱ្យសុក្រឹតនូវយន្តការពិសេស បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យទេសចរណ៍ចាប់ពីឆ្នាំ ២០២៧

អំពីបណ្តាស្នាដៃលេចធ្លោរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅអង្គការសហប្រជាជាតិ (LHQ) ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានចាត់ទុកថា ដំណើរទស្សនកិច្ចការងារនេះ គឺជាឱកាសដើម្បីអះអាងនូវមាគ៌ាកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងបង្ហាញឱ្យឃើញនូវជំហានអភិវឌ្ឍន៍ថ្មីៗក្នុងឋានៈ និងតួនាទីនៃការទូតវៀតណាមនៅលើវេទិកាពហុភាគីនានា។

អភិបាលកិច្ចភាពខុសប្លែកដោយផ្អែកលើច្បាប់អន្តរជាតិ

នាថ្ងៃទី ២២ ខែកញ្ញា ថ្លែងមតិនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានលើកឡើងនូវសារថា៖ «ការពង្រឹងទំនុកចិត្ត មិនមែនជាការលុបបំបាត់ភាពខុសប្លែកគ្នានោះទេ ប៉ុន្តែជាការគ្រប់គ្រងអភិបាលកិច្ចភាពខុសប្លែកប្រកបដោយការទទួលខុសត្រូវ ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

យោងតាមឯកអគ្គរដ្ឋទូត Ton Sinh Thanh សារនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅជាពិសេស ក្នុងបរិបទដែលពិភពលោកកាន់តែលេចឡើងនូវភាពខុសប្លែក បន្ទាត់ប៉ូល និងការបែកបាក់គ្នាកាន់តែច្រើន។

លោកបានចាត់ទុកថា បញ្ហាមិនស្ថិតនៅលើការស្វែងរកវិធីលុបបំបាត់ភាពខុសប្លែកទាំងស្រុងនោះឡើយ ប៉ុន្តែស្ថិតនៅលើរបៀបដែលបណ្តាប្រទេសដោះស្រាយភាពខុសប្លែក និងជម្លោះ។ ការមិនចុះសម្រុងគ្នាមិនអាចដោះស្រាយដោយកម្លាំងអាវុធបានទេ ប៉ុន្តែចាំបាច់ត្រូវធ្វើឡើងតាមរយៈកិច្ចសន្ទនា និងត្រូវបានគ្រប់គ្រងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីកាត់បន្ថយហានិភ័យដែលអាចឈានទៅរកជម្លោះប្រដាប់អាវុធ។

ចំពោះបញ្ហាស្មុគស្មាញនានា ដូចជាជម្លោះដែនដី តាមឯកអគ្គរដ្ឋទូត ការដោះស្រាយត្រូវតែផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាជាងការប្រើប្រាស់កម្លាំងអាវុធ។ នេះក៏ជាទស្សនៈដែលវៀតណាមបានអះអាងជាច្រើនលើកច្រើនសារមកហើយ។

ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានចាត់ទុកថា វិធីសាស្ត្រអភិក្រមនេះ ក៏ផ្សារភ្ជាប់ផងដែរជាមួយសំណើតម្រូវក្នុងការរក្សាឱ្យបានរឹងមាំនូវឯករាជ្យភាព ស្វ័យភាព នៅក្នុងគោលនយោបាយកិច្ចការបរទេស។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨១ នាថ្ងៃទី ២២ ខែកញ្ញា។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨១ នាថ្ងៃទី ២២ ខែកញ្ញា។

តាមលោក នៅពេលទទួលស្គាល់នូវអត្ថិភាពនៃភាពខុសប្លែកគ្នា ហើយយកធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិធ្វើជាមូលដ្ឋានក្នុងការដោះស្រាយជម្លោះ វៀតណាមមិនឈរនៅខាងភាគីណាមួយក្នុងចំណោមភាពខុសប្លែកទាំងនោះឡើយ ប៉ុន្តែឈរនៅខាងច្បាប់អន្តរជាតិ។

នេះក៏ជាវិធីមួយដើម្បីរក្សាឱ្យបាននូវឯករាជ្យភាព ស្វ័យភាព ឬតាមរបៀបហៅនាពេលបច្ចុប្បន្នគឺ «ស្វ័យភាពជាយុទ្ធសាស្ត្រ»។

ពីការចូលរួម ឈានទៅរកការរួមចំណែកកំណត់ទម្រង់ច្បាប់ល្បែង

លើកឡើងអំពីសំណើនានារបស់វៀតណាមស្តីពីអភិបាលកិច្ចបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងអធិបតេយ្យភាពឌីជីថល ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានវាយតម្លៃថា នេះជាការបង្ហាញយ៉ាងច្បាស់អំពីការផ្លាស់ប្តូរចេញពីការត្រិះរិះពិចារណា «ទទួលយក និងគោរពតាមច្បាប់ល្បែង» ឈានទៅរកការម្ចាស់ការចូលរួមកំណត់ទម្រង់ច្បាប់ល្បែង។

នៅក្នុងសុន្ទរកថានៅចំពោះមុខអង្គការសហប្រជាជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឡើងនូវទិសដៅធំៗចំនួនបួនចំពោះអង្គការសហប្រជាជាតិ។

ក្នុងនោះ ទិសដៅស្តីពីអភិបាលកិច្ចបច្ចេកវិទ្យា ជាពិសេសគឺបញ្ញាសិប្បនិម្មិត (AI) តាមទិសដៅដែលបច្ចេកវិទ្យាត្រូវតែបម្រើមនុស្ស ធានាបាននូវបរិយាបន្ន និងអធិបតេយ្យភាពជាតិ ត្រូវបានឯកអគ្គរដ្ឋទូត Ton Sinh Thanh ចាត់ទុកថាជាសក្ខីភាពមួយសម្រាប់ការប្រែប្រួលក្នុងការត្រិះរិះពិចារណាលើកិច្ចការបរទេសរបស់វៀតណាម។

តាមលោក ប្រសិនបើពីមុន វៀតណាមគ្រាន់តែចូលរួម និងគោរពតាមក្របខ័ណ្ឌនានាដែលបានបង្កើតឡើងរួចហើយនោះ នាពេលបច្ចុប្បន្ន វៀតណាមកាន់តែម្ចាស់ការក្នុងការលើកឡើងនូវទស្សនៈ គំនិតផ្តួចផ្តើម និងសំណើចំពោះបណ្តាវិស័យថ្មីៗដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់។

ឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការផ្លាស់ប្តូរនេះគឺស្របគ្នាទៅនឹងទិសដៅនានារបស់បក្ស ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសារាចរណែនាំលេខ ២៥ របស់លេខាធិការដ្ឋាន ស្តីពីការលើកកម្ពស់កិច្ចការបរទេសពហុភាគី សេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។

តាមលោក ឯកសារទាំងនេះសុទ្ធតែបានដាក់ចេញនូវសំណើតម្រូវឱ្យផ្លាស់ប្តូរពីឋានៈនៃការចូលរួម និងទទួលយកច្បាប់ល្បែង ឈានទៅរកការរួមចំណែក និងចូលរួមកំណត់ទម្រង់ច្បាប់ល្បែងនៅក្នុងទំនាក់ទំនងអន្តរជាតិ។

ជាក់ស្តែង វៀតណាមបានបង្ហាញជាបណ្តើរៗនូវវិធីសាស្ត្រអភិក្រមនេះនៅតាមវេទិកាអន្តរជាតិជាច្រើន តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើម ឬចូលរួមជាមួយបណ្តាប្រទេសដទៃធ្វើជាសហឧបត្ថម្ភគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធនឹងបរិស្ថាន សិទ្ធិស្រ្តី កុមារ និងបញ្ហាសកលជាច្រើនទៀត។

ចេញពីចំណុចនោះ ឯកអគ្គរដ្ឋទូតបានវាយតម្លៃថា តួនាទីរបស់វៀតណាមនៅក្នុងបណ្តាយន្តការកិច្ចការបរទេសពហុភាគី កំពុងតែផ្លាស់ប្តូរជាបណ្តើរៗពីការចូលរួម ឈានទៅរកការម្ចាស់ការរួមចំណែក។

ក្រឡេកមើលឡើងវិញនូវរយៈពេលជិត ៥០ ឆ្នាំ ចាប់តាំងពីពេលដែលវៀតណាមបានចូលជាសមាជិកអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧៧ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានចាត់ទុកថា ការទូតពហុភាគីរបស់វៀតណាមមានការធំធាត់លូតលាស់យ៉ាងឆាប់រហ័ស។

ប្រសិនបើក្នុងដំណាក់កាលដំបូង វៀតណាមចូលរួមអង្គការសហប្រជាជាតិក្នុងឋានៈជាប្រទេសទទួលជំនួយដើម្បីកសាងប្រទេសឡើងវិញក្រោយសង្គ្រាម នោះនាពេលបច្ចុប្បន្ន វៀតណាមបានក្លាយជាប្រទេសដែលមានការរួមចំណែកជាច្រើនដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ទាំងលើផ្នែកធនធាន និងបទពិសោធន៍។

យោងតាមឯកអគ្គរដ្ឋទូត ការផ្លាស់ប្តូរនេះបានបង្ហាញកាន់តែច្បាស់ក្រោយពេលសង្គ្រាមត្រជាក់បានបញ្ចប់ ជាពិសេសគឺចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលវៀតណាមពង្រីកការចូលរួមក្នុងបណ្តាស្ថាប័នពហុភាគីដូចជា អាស៊ាន (ASEAN), APEC និងយន្តការជាច្រើនទៀត។

ទន្ទឹមនឹងការបង្កើនការពង្រីកការចូលរួម វៀតណាមក៏កាន់តែទទួលបន្ទុកតួនាទីធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកាន់តែច្រើនឡើងៗផងដែរ។

នៅក្នុងអាស៊ាន វៀតណាមបានទទួលតួនាទីជាប្រធាននៅក្នុងឆ្នាំ ១៩៩៨, ២០១០ និង ២០២០។ ចំពោះ APEC វៀតណាមបានធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរលើកក្នុងឆ្នាំ ២០០៦ និង ២០១៧ ព្រមទាំងបន្តទទួលតួនាទីជាម្ចាស់ផ្ទះរៀបចំ APEC ក្នុងឆ្នាំ ២០២៧ ខាងមុខនេះ។

នៅឯអង្គការសហប្រជាជាតិ វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួនពីរលើក និងធ្លាប់បានកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខផងដែរ។

ក្រៅពីគំនិតផ្តួចផ្តើម និងបទពិសោធន៍ វៀតណាមក៏កាន់តែចូលរួមចំណែកនូវធនធានសម្រាប់សកម្មភាពអន្តរជាតិនានា។

ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានលើកឡើងអំពីករណីដែលវៀតណាមចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូននាយទាហាន យោធិនជាច្រើនលើកច្រើនសារឱ្យទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀតនៅទ្វីបអាហ្វ្រិក។

តាមលោក សកម្មភាពទាំងនោះឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃការទូតពហុភាគីវៀតណាមក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមក។

ការទូតប្រមុខរដ្ឋ និងការពង្រីកធនធានអភិវឌ្ឍន៍

លើកឡើងអំពីតួនាទីនៃការទូតប្រមុខរដ្ឋ ក្នុងបរិបទដែលសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់របស់វៀតណាមកាន់តែមានភាពរស់រវើក ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានចាត់ទុកថា នេះតែងតែជាច្រកដ៏សំខាន់មួយ ពីព្រោះប្រមុខរដ្ឋជាអ្នកកាន់ការទទួលខុសត្រូវខ្ពស់បំផុតលើកិច្ចការបរទេស។

ឯកអគ្គរដ្ឋទូត បណ្ឌិត Ton Sinh Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា សាស្ត្រាចារ្យជាន់ខ្ពស់នៅបណ្ឌិត្យសភាការទូតវៀតណាម។
ឯកអគ្គរដ្ឋទូត បណ្ឌិត Ton Sinh Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា សាស្ត្រាចារ្យជាន់ខ្ពស់នៅបណ្ឌិត្យសភាការទូតវៀតណាម។

នៅក្នុងប្រវត្តិសាស្ត្រ ដោយសារកម្រិតកំហិតលើវិស័យគមនាគមន៍ដឹកជញ្ជូន និងលក្ខខណ្ឌវិទ្យាសាស្ត្រ-បច្ចេកទេស សកម្មភាពកិច្ចការបរទេសជាច្រើនត្រូវបានអនុវត្តជាចម្បងតាមរយៈតំណាងនានា ដូចជារាជទូត ឬឯកអគ្គរដ្ឋទូត។

ស្របតាមការរីកចម្រើននៃវិទ្យាសាស្ត្រ-បច្ចេកទេស ការធ្វើដំណើរប្រកបដោយភាពងាយស្រួលជាងមុន និងសំណើតម្រូវកាន់តែខ្ពស់នៃស្ថានការណ៍អន្តរជាតិ ការទូតប្រមុខរដ្ឋកាន់តែមានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក ក៏ដូចជានៅប្រទេសវៀតណាម។

តាមឯកអគ្គរដ្ឋទូត គុណសម្បត្តិដ៏សំខាន់មួយនៃការទូតប្រមុខរដ្ឋ គឺសមត្ថភាពក្នុងការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងទំនុកចិត្តដោយផ្ទាល់រវាងថ្នាក់ដឹកនាំនានា។

ជំនួបពិភាក្សាទាំងឡាយនៅកម្រិតខ្ពស់បំផុត អាចបង្កើតបាននូវការប្តេជ្ញាចិត្តកាន់តែរឹងមាំ ព្រមទាំងជួយគាំទ្រដល់ការដោះស្រាយបញ្ហាលំបាកស្មុគស្មាញនានា ដែលថ្នាក់ទាបជាងមិនទាន់អាចដោះស្រាយបាន។

ការទូតប្រមុខរដ្ឋក៏មានចរិតលក្ខណៈជានិមិត្តរូបខ្ពស់ផងដែរ។ នៅពេលដែលគោលនយោបាយកិច្ចការបរទេសត្រូវបានបញ្ជូនសារនៅកម្រិតខ្ពស់បំផុត សារនោះអាចបង្កើតកម្លាំងសាយភាយ និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។

ចេញពីមុំមើលនោះ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានចាត់ទុកថា ដំណើរចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិរួមផ្សំជាមួយសកម្មភាពនានានៅសហរដ្ឋអាមេរិក និងកាណាដា របស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នាពេលថ្មីៗនេះ គឺជាឱកាសដើម្បីអះអាងនូវមាគ៌ាកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងបង្ហាញឱ្យឃើញនូវដំណើរការផ្លាស់ប្តូរពី «ការទទួលយកច្បាប់ល្បែង» ឈានទៅរកការរួមចំណែកកំណត់ទម្រង់ច្បាប់ល្បែងសកល។

ដំណើរទស្សនកិច្ចការងារនេះ ក៏បានបង្កើតលក្ខខណ្ឌដើម្បីឱ្យថ្នាក់ដឹកនាំវៀតណាមបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រមុខរដ្ឋនៃបណ្តាប្រទេស ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក កាណាដា និងមជ្ឈដ្ឋានបញ្ញវន្តជាន់ខ្ពស់នៅសហរដ្ឋអាមេរិក។

យោងតាមឯកអគ្គរដ្ឋទូត តាមរយៈជំនួបប្រាស្រ័យទាក់ទងទាំងនេះ វៀតណាមមានឱកាសបន្ថែមទៀតក្នុងការជំរុញបណ្តាវិស័យសហប្រតិបត្តិការ និងបើកចេញនូវប្រភពធនធានថ្មីៗបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។

សម្លឹងមើលឱ្យកាន់តែទូលំទូលាយលើសកម្មភាពកិច្ចការបរទេសនាពេលកន្លងមក ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានវាយតម្លៃថា នេះជាដំណាក់កាលដែលសកម្មភាពការទូតប្រព្រឹត្តទៅយ៉ាងរស់រវើក ដែលបង្ហាញឱ្យឃើញទាំងនៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងការដែលវៀតណាមបានទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសជាច្រើន។

លោកបានចាត់ទុកថា ការណ៍នេះឆ្លុះបញ្ចាំងពីដំណើរការដែលវៀតណាមជំរុញទំនាក់ទំនងកិច្ចការបរទេសស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិ ព្រមទាំងស្របទៅនឹងមាគ៌ាលើកកម្ពស់សកម្មភាពការទូត។

នៅក្នុងដំណាក់កាលពន្លឿនការអភិវឌ្ឍ តាមឯកអគ្គរដ្ឋទូត Ton Sinh Thanh វៀតណាមមិនត្រឹមតែត្រូវលើកកម្ពស់កម្លាំងផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវឆ្លៀតទាញយកប្រភពធនធានពីខាងក្រៅទៀតផង។

ហេតុដូច្នេះហើយ ការបន្តពង្រីកទំនាក់ទំនងកិច្ចការបរទេស ការពង្រឹងសកម្មភាពការទូត ទាំងតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមទៅក្រៅប្រទេស និងការទទួលស្វាគមន៍ថ្នាក់ដឹកនាំ មិត្តភក្តិអន្តរជាតិមកកាន់វៀតណាម ត្រូវបានលោកចាត់ទុកថាជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រនានា ដើម្បីតភ្ជាប់ប្រភពធនធានបន្ថែមទៀតបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ៕

សាររបស់ប្រធានរដ្ឋ ក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត សាររបស់ប្រធានរដ្ឋ ក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
យុគសម័យ - ទីភ្នាក់ងារសារព័ត៌មានវៀតណាមសូមណែនាំអត្ថបទពេញលេញនៃសាររបស់លោកប្រធានរដ្ឋ Luong Cuong ក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយ។
អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang៖ បណ្តាចំណុចស្នូលក្នុងដំណើរបំពេញការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang៖ បណ្តាចំណុចស្នូលក្នុងដំណើរបំពេញការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា
យុគសម័យ - ដំណើរបំពេញការងារនាពេលខាងមុខរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ ត្រូវបានរំពឹងថានឹងរួមចំណែករឹតបន្តឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងបណ្តាដៃគូនានា នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពីការចូលរួម ឈានទៅរកការរួមចំណែកកំណត់ទម្រង់ច្បាប់ល្បែង៖ មុំមើលអំពីឋានៈការទូតវៀតណាម
ការធ្វើឱ្យសុក្រឹតនូវយន្តការពិសេស បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យទេសចរណ៍ចាប់ពីឆ្នាំ ២០២៧
កសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃចេញពីទិន្នន័យ និងបច្ចេកវិទ្យា
អគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុជូនសារតាំងកុងស៊ុល
វៀតណាម - កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅកាន់ការរំលឹកខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូត

អានច្រើនបំផុត

ក្រុម K90 ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ លើកទឹកដីកម្ពុជា
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យសែនព្រះខែនៅខេត្ត Tuyen Quang
តភ្ជាប់អ្នកជំនាញ AI សកល ជាមួយបណ្តាបញ្ហាជាក់ស្តែងរបស់វៀតណាម
អ្នកជំងឺអាមេរិកវិលត្រឡប់មកវៀតណាមដើម្បីវះកាត់ផ្លាស់ប្តូរសន្លាក់ជង្គង់ដោយរ៉ូបូត CORI
វៀតណាមម្ចាស់ការពង្រីកលំហកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ