យុគសម័យ - ក្នុងឧកាសអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណី (១៧ វិច្ឆិកា ១៩៥០ ដល់ ១៧ វិច្ឆិកាឆ្នាំ ២០២០) របស់សម្ព័ន្ឌអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមបានចែករំលែកនូវការអបអរសាទរនិងការរំពឹងទុករបស់លោកអំពីសម្ព័ន្ធនាពេលខាងមុខ។
ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមŐry Csaba
ខ្ញុំសូមកោតសរសើរតួនាទីរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងសកម្មភាពកិច្ចការបរទេសប្រជាជនវៀតណាម។ អង្គការជាសមាជិករបស់សម្ព័ន្ធគឺសមាគមមិត្តភាពវៀតណាម - ហុងគ្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងហុងគ្រី។ តាមពិត បញ្ហាអ្វីក៏ដោយដែលយើងត្រូវការការគាំទ្រ សមាគមតែងតែចាប់អារម្មណ៍និងមានឆន្ទៈចូលរួមជាមួយយើងដើម្បីដោះស្រាយបញ្ហានោះ។
ក្នុងសុភាសិតហុងគ្រីមានពាក្យថា “នៅពេលជួបការលំបាក អ្នកនឹងដឹងថាអ្នកណាជាមិត្តភក្តិពិតប្រាកដ”។ ខ្ញុំសូមថ្លែងអំណរគុណចំពោះសមាគមមិត្តភាពវៀតណាម - ហុងគ្រីនិងទីភ្នាក់ងារដទៃទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះការគាំទ្រម៉ាស៉ ឧបករណ៍វេជ្ជសាស្រ្តជាដើមសំរាប់ប្រជាជនហុងគ្រី។
គេអាចឃើញថា ក្នុងស្ថានភាពលំបាក អតីតនិស្សិតវៀតណាមនៅហុងគ្រីនិងមិត្តភក្តិដែលស្រឡាញ់ហុងគ្រីនៅតែចងចាំប្រជាជនហុងគ្រីដោយអារម្មណ៍ល្អ។ ស្ថានទូតបានផ្ទេរអំណោយដែលមានអត្ថន័យពីវៀតណាមមកប្រទេសនេះដល់ទីភ្នាក់ងារនិងអង្គការហុងគ្រីដែលត្រូវការជំនួយនេះ។
នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៥ នៃសមាគមមិត្តភាពវៀតណាម - ហុងគ្រីដែលបានប្រារព្ធឡើងនៅក្នុងខែតុលា ខ្ញុំត្រូវបានដឹងថា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានថ្លែងអំពីសកម្មភាពកិច្ចការបរទេសប្រជាជនរវាងប្រទេសទាំងពីរ។ ខ្ញុំពិតជារីករាយណាស់ដែលសុន្ទរកថានេះបានបង្ហាញថា យើងមានគំនិតស្រដៀងគ្នាអំពីវិធីបន្តអភិវឌ្ឍមិត្តភាពល្អរវាងប្រទេសទាំងពីរ។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាប្រពៃណីនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធិផលលេចធ្លោរបស់អ្នកក្នុងការបង្កើតនិងអភិវឌ្ឍន៍ចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនវៀតណាមនិងប្រទេសដទៃទៀតនៅលើពិភពលោក។ នេះជាសមិទ្ធិផលគួរអោយកត់សំគាល់ ជួយប្រជាជននៃប្រទេសដទៃទៀតអោយយល់ដឹងនិងស្វែងយល់អំពីប្រជាជនវៀតណាម៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន