យុគសម័យ - គេហទំព័រព័ត៌មាន Marzahn-hellersdorf នៅទីក្រុង Berlin ទើបតែចេញផ្សាយអត្ថបទមួយដែលបានទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសវៀតណាម ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺ Covid-19 ក្នុងនោះបានលើកឡើងកូនសោចំនួន ៣ រួមមាន៖ សកម្មភាពយ៉ាងឆាប់រហ័ស ការរកឃើញអ្នកប៉ះ ផ្ទាល់នឹងអ្នកជំងឺ ការឃោសនាយ៉ាងច្បាស់លាស់អំពីគ្រោះថ្នាក់មកពីជំងឺនេះ។
កុមារត្រូវបានណែនាំនូវរបៀបលាងដៃ ដើម្បីបង្ការនឹងជំងឺ Covid-19។ (រូបថត៖ The Gioi vs Viet Nam)
គេហទំព័រនេះបានដកស្រង់សម្តីអ្នកជំនាញផ្នែកសុខាភិបាលដែលនិយាយថា ការរួមបញ្ចូលគ្នានៃកត្តានានាពីការឆ្លើយតបយ៉ាងរហ័សរបស់រដ្ឋាភិបាល ដើម្បីបង្ការនិងទប់ស្តាក់នឹងការរីករាលដាលនៃជំងឺ Covid-19 ចាប់ពីការរកឃើញអ្នកប៉ះផ្ទាល់នឹងអ្នកជំងឺ ការអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក និងការឃោសនាយ៉ាងទូលំទូលាយ ដែលបានជួយប្រទេសជាតិមានប្រជាជនចំនួន ៩៥ លាននាក់នេះឱ្យគ្រប់គ្រងជំងឺរាតត្បាតយ៉ាងមានប្រសិទ្ធភាព ហើយគ្មាននរណាម្នាក់បានស្លាប់ដោយសារ Covid-19 នៅឡើយ។
មានសកម្មភាពឆាប់ៗ នេះ
យោងតាមអត្ថបទនេះ វៀតណាមបានត្រៀមឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺនេះជាច្រើនសប្តាហ៍ មុនពេលកត់ត្រាករណីដំបូង សូម្បីតែនៅពេលប្រទេសចិននិងអង្គការសុខភាពពិភពលោក (WHO) បានប្រកាស "មិនមានភស្ដុតាងច្បាស់លាស់ទេ" ដែលថាជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្ស។
ចាប់ពីដើមខែមករាមក ប្រទេសវៀតណាមបានធ្វើតេស្តិ៍សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរដែលត្រឡប់មកពីទីក្រុង Wuhan (ចិន) នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ កាលពីពាក់កណ្តាលខែមករាលោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ក៏ដូចជាពង្រឹងការត្រួតពិនិត្យសុខភាព នៅតាមច្រកព្រំដែន ព្រលានយន្តហោះនិងកំពង់ផែសមុទ្រ។ មួយថ្ងៃបន្ទាប់ពីប្រទេសវៀតណាមបានកត់ត្រាករណីផ្ទុកជំងឺ Covid- 19 ទី ២ នៅថ្ងៃទី ២៣ ខែមករា ប្រទេសវៀតណាមបានផ្អាកជើងហោះហើរទាំងអស់ទៅនិងមកពីទីក្រុង Wuhan ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រដ្ឋាភិបាលបានប្រកាសប្រយុទ្ធប្រឆាំងនឹងជំងឺនេះនិងបានបង្កើតគណៈកម្មាធិការជាតិដឹកនាំនូវបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងកំឡុងពេលដែលអង្គការសុខភាពពិភពលោកប្រកាសពីស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់។
យោងតាមលោកសាស្រ្តាចារ្យផ្នែកជំងឺឆ្លង Guy Thwaites នាយកអង្គភាពស្រាវជ្រាវរោគវិនិច្ឆ័យជំងឺនៃសាកលវិទ្យាល័យ Oxford នៅប្រទេសវៀតណាម ប្រតិកម្មរបស់ប្រទេសវៀតណាមគឺជាកត្តាចម្បងដែលនាំឱ្យទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ លោកបានមានប្រសាសន៍ថា សកម្មភាពដំបូង ចាប់ពីចុងខែមករានិងដើមខែកុម្ភៈ បើប្រៀបធៀបជាមួយប្រទេសដទៃទៀត វាពិតជាមានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងជំងឺនេះ។
តាមដានអ្នកជំងឺ Covid-19 យ៉ាងហ្មត់ចត់
សកម្មភាពរហ័សរបស់វៀតណាមបានបន្ថយការរីករាលដាលនៃជំងឺនេះដល់សាធារណជន ហើយរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈមានតែករណី Covid-19 ចំនួន ១៦ ករណីប៉ុណ្ណោះដែលត្រូវបានកត់ត្រា។ នៅពេលការឆ្លងជំងឺនេះ ទាក់ទងនឹងករណីវិលត្រឡប់មកពីបរទេសវិញ ប្រទេសវៀតណាមបានតាមដានយ៉ាងដិតដល់នៃទំនាក់ទំនងឆ្លងនិងករណីសង្ស័យដែលឆ្លងជំងឺ។
យោងតាមលោក Thwaites រកឃើញអ្នកប៉ះផ្ទាល់នឹងអ្នកជំងឺមានលក្ខណៈលម្អិតណាស់ មិនត្រឹមតែចំពោះករណីទាក់ទងផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែក៏មានករណីទាក់ទងយ៉ាងប្រយោលផងដែរ ហើយនេះគឺជាវិធានការពិសេសមួយរបស់វៀតណាម បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ ផ្សេងទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
អ្នកប៉ះផ្ទាល់នឹងអ្នកជំងឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅឯមណ្ឌលសុខភាព សណ្ឋាគារឬបន្ទាយយោធា ខណៈដែលអ្នកមានទំនាក់ទំនងដ៏ប្រយោលត្រូវបានណែនាំឱ្យដាក់ខ្លួននៅដាច់ដោយឡែក នៅផ្ទះ។
នេះបង្ហាញពីតម្លៃនៃការតាមដានយ៉ាងតឹងរឹងនិងការអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយ។ បើសិនប្រទេសវៀតណាមគ្មានសកម្មភាពឆាប់ៗ និងម៉ឹងម៉ាត់ មេរោគអាចនឹងរាលដាលក្នុងសហគមន៍ មុនពេលរកឃើញ។
ឃោសនាឱ្យបានទូលំទូលាយច្បាស់លាស់
បទចម្រៀងបង្ការនឹងជំងឺ Covid-19 របស់វៀតណាម ដែលជាល្បីស្បាញលើពិភពលោក។ (រូបថត៖ Internet)
តាំងពីដើមមក រដ្ឋាភិបាលវៀតណាមបានជូនដំណឹងយ៉ាងច្បាស់ដល់សាធារណជនអំពីការរីករាលដាលនៃជំងឺនេះ។ គេហទំព័រឯកទេសលេខទូរស័ព្ទទាន់ហេតុការណ៍និងកម្មវិធីទូរស័ព្ទត្រូវបានបង្កើតឡើង ដើម្បីជូនដំណឹងដល់ប្រជាជនអំពីព័ត៌មានចុងក្រោយបង្អស់អំពីស្ថានភាពរីករាលដាលជំងឺនិងផ្តល់យោបល់វេជ្ជសាស្ត្រ។
ក្រៅពីនេះក្រសួងសុខាភិបាលក៏តែងតែផ្ញើសារទៅប្រជាជន តាមរយៈសារ SMS ផងដែរ។ ប្រព័ន្ធឃោសនាទាំងមូលបានចូលរួមដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីកម្រិតគ្រោះថ្នាក់នៃការរាលដាល។
យោងតាមលោកសាស្ត្រាចារ្យ Thwaites បទពិសោធន៍របស់វៀតណាមក្នុងការដោះស្រាយការរីករាលដាលនៃជំងឺនេះ ដូចជាការឆ្លើយតបជំងឺផ្តាសាយបក្សី ចាប់តាំងពីឆ្នាំ ២០០២ ដែលបានជួយរដ្ឋាភិបាលនិងប្រជាជនឱ្យត្រៀមខ្លួនបានល្អប្រសើរសម្រាប់ប្រយុទ្ធប្រឆាំងនឹង Covid-19 ។
គេហទំព័រខាងលើក៏បាននិយាយផងដែរថាប្រទេសវៀតណាមបានដកចេញនូវវិធានការរក្សាគម្លាតសង្គមនៅចុងខែមេសា បន្ទាប់ពីអស់រយៈពេលជាង ៤០ ថ្ងៃហើយ មិនបានកត់ត្រាករណីថ្មីនៃ Covid-19 នៅក្នុងសហគមន៍ ។ ក្រុមហ៊ុននិងសាលារៀនបានបើកដំណើរការឡើងវិញ ហើយជីវិតកំពុងវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញហើយ./.(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន