Trending now

របរតម្បាញសូត្រក្នុងជីវភាពសង្គមរបស់ជនវៀតណាម

16:00 | 07/01/2020

របរតម្បាញសូត្រជារបរសិប្បកម្មនៅវៀតណាមដែលត្រូវបានប្រសូត្រឡើងកាលពីរាប់ពាន់ឆ្នាំមុននេះ។ ឯកសារប្រវត្តិសាស្ត្របានសរសេរថា របរនេះបានប្រសូត្រ ឡើងដំបូងបំផុតគឺនៅភូមិ Co Do ស្រុក Ba Vi រដ្ឋធានីហាណូយ កាលពីរាជវង្ស ស្ដេច Hung ទី៦ ដោយមានគ្រូដើមគឺជាព្រះនាង Thieu Hoa។ ទោះបីជាឆ្លងកាត់ ការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រក្ដី ប៉ុន្តែរបរតម្បាញសូត្រនៅតែ ត្រូវបានរក្សា ពង្រីក ហើយផ្សាភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមជានិច្ច។

ផលិតផលសូត្ររបស់វៀតណាម ។

សូត្រជាប្រភេទក្រណាត់មួយដែលមានគុណភាពខ្ពស់។ វាទន់ភ្លន់ ត្រជាក់ ជាប់ប្រើបានយូរ ហើយជាប្រភេទក្រណាត់ធម្មជាតិទាំងស្រុង។ ដំបូងឡើយ ពួកគេត្រូវដាំដើមមន ចិញ្ចឹមដង្កូវនាងដោយអោយស៊ីស្លឹកមន ដើម្បីអោយដង្កូវនាង នោះខ្ជាក់សូត្រ ហើយបន្ទាប់នោះយកទៅត្បាញក្រណាត់។ ក្នុងចន្លោះរយៈពេល ពីសតវត្សទី១៦ដល់សតវត្សទី១៨ ជាដំណាក់កាលរីកចម្រើនយ៉ាងរុងរឿង បំផុតរបស់សូត្រវៀតណាម។ នៅពេលនោះ មានពាណិជ្ជករបរទេសជាច្រើនមក ដល់រាជធានី Thang Long ក្រុង Hien និងក្រុង Hoi An ដើម្បីប្រមូលទិញសូត្រ យ៉ាងច្រើនសន្ធឹកសន្ធាប់។ វិចិត្រករ Dao Ngoc Han នាយករងមជ្ឈមណ្ឌលបុរាណ វិទ្យា បានអោយដឹងថា៖ “ក្នុងសង្គមរបស់ជនវៀតណាម របរដាំមន ចិញ្ចឹមដង្កូវនាងត្រូវបានប្រសូត្រ ឡើងហើយអភិវឌ្ឍដោយសម្បូរបែបកាលពីយូរលង់ណាស់មកហើយ។ រាល់ ស្លាកស្នាមដើមដំបូងអំពីសូត្រនៅវៀតណាមត្រូវបានរកឃើញនៅលើគ្រឿង ភាជន៍នៃយុគសម័យវប្បធម៌ Phung Nguyen មុននេះ៤០០០ឆ្នាំ។ សសៃសូត្រ ត្រូវបានប្រើប្រាស់ប្រកបដោយប្រជាប្រិយភាពនៅក្នុងយុគសម័យវប្បធម៌ Dong Son។ ដល់សម័យសក្ដិភូមិវៀតណាម ចាប់ពីស្ដេច មន្ត្រី រហូតដល់ប្រជាជនគឺ តែងតែប្រើប្រាស់សូត្រ”។

នៅប្រទេសវៀតណាមមានកន្លែងជាច្រើនដែលរបរតម្បាញសូត្រអភិវឌ្ឍ យ៉ាងខ្លាំងក្លា។ អាចនិយាយដល់ភូមិ Van Phuc ភូមិ Nha Xa នៅភាគខាងជើង ទីក្រុងបុរាណ Hoi An ភូមិ Bao Loc នៅភាគកណ្ដាល និងភូមិ Lanh My A និង ភូមិ Tan Chau នៅតំបន់ដីសណ្ដទន្លេ Cuu Long។ ក្នុងនោះល្បីល្បាញបំផុតគឺ ភូមិរបរតម្បាញសូត្រ Van Phuc។ លោក Pham Khac Ha ប្រធានសមាគមន៍ភូមិ របរ Van Phuc បានអោយដឹងថា៖ “ពាណិជ្ជសញ្ញាសូត្រ Van Phuc ត្រូវបានបង្កើតឡើងជាង១០០០ឆ្នាំមុននេះ ហើយ។ ក្នុងសម័យអាណានិគមបារាំង សូត្រ Van Phuc ត្រូវបានចាត់ទុកជា ប្រភេទសូត្រល្អប្រណិតបំផុតនៅតំបន់ឥណ្ឌូចិន។ ផលិតផលសូត្រ Van Phuc នាសព្វថ្ងៃមានភាពសម្បូរបែបណាស់ ហើយល្អបំផុតគឺសូត្រ Van។ យើងខ្ញុំបាន កសាងឡើងមូលដ្ឋានមួយកន្លែងឧទ្ទេសនាមអំពីដំណើរការផលិតសូត្រ ដើម្បីអោយភ្ញៀវទេសចរអាចមកទស្សនានិងចូលរួមសាកពិសោធន៍។ ក្រៅពី នោះ យើងខ្ញុំក៏មានមជ្ឈមណ្ឌលអភិរក្សសូត្រ Van Phuc ដែលតាំងបង្ហាញផលិត ផលដ៏វិសេសវិសាលនៃភូមិ Van Phuc ផងដែរ”។

ហាងលក់សំលៀកបំពាក់និងផលិតផលធ្វើពីសូត្រនៅភូមិតម្បាញសូត្រ Van Phuc ។

សូត្រតែងតែមានវត្តមាននៅក្នុងវិស័យជាច្រើននៃជីវភាពសង្គមរបស់ប្រជាជនវៀតណាម។ សូត្រត្រូវបានដាក់បញ្ចូលក្នុងស្នាដៃតន្ត្រីនិងខ្សែភាពយន្តដ៏ល្បីល្បាញ នានាដូចជា បទចម្រៀង “អាវសូត្រ Ha Dong” របស់តន្ត្រីករ Ngo Thuy Mien និងខ្សែភាពយន្ត “អាវសូត្រ Ha Dong” ដែលទទួលបានពានរង្វាន់ “ខ្សែភាពយន្ត ឆ្នើមបំផុតដោយទស្សនិកជនជ្រើសរើស” នៅមហោស្រពខ្សែភាពយន្ត Busan កូរ៉េខាងត្បូងឆ្នាំ២០០៦។ លោកស្រីសិប្បការិនីឆ្នើម Phan Thi Thuan នៅភូមិ តម្បាញសូត្រ Phung Xa ស្រុក My Duc រដ្ឋធានីហាណូយ បានអោយដឹងថា៖ “សូត្រមិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើសម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងធ្វើភួយ ស្រោមខ្នើយ និងគ្រឿងតុបតែង ជាដើម។ នៅស្រុកកំណើតខ្ញុំ ថ្ងៃមុន លោកតាលោកយាយតែងតែប្រើប្រាស់សូត្រដើម្បីធ្វើជាខ្សែអក្សរ។ ក្រៅពី នោះ គេថែមទាំងប្រើប្រាស់សូត្រដើម្បីគូរគំនូរ ហើយតុបតែងគ្រឿងសង្ហារឹម និងរចនាសម្លៀកបំពាក់ទៀតផង”។

សូត្រដង្កូវនាងត្រូវបានចាត់ទុកជាវត្ថុធាតុដើមមួយក្នុងចំណោមវត្ថុធាតុដើមជាន់ខ្ពស់និងថ្លៃបំផុតលើពិភពលោក។ មានប្រទេសតិចតួចប៉ុណ្ណោះដែលអាចផលិត សូត្រដង្កូវនាង ក្នុងនោះមានប្រទេសវៀតណាម។ ផលិតផលសូត្ររបស់វៀត ណាមត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន។ ហើយរបរតម្បាញសូត្រនៅ វៀតណាមបានរួមចំណែកធ្វើអោយខឿនវប្បធម៌ជាតិកាន់តែសម្បូរបែប ពោរ ពេញទៅដោយអត្តសញ្ញាណជាតិ ក៏ដូចជាផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ មិត្តភក្តិអន្តរជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម