ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាអាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្ននេះបានទាំងស្រុង ខណៈមកទល់ពេលនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា(Coronavirus) នោះទេ មានតែជនជាតិចិនម្នាក់ប៉ុណ្ណោះ។
សម្ដេចតេរជោ ហ៊ុន សែន ប្រកាសថា កម្ពុជាអាចគ្រប់គ្រងបាន ចំពោះករណីជំងឺឆ្លងផ្លូវដង្ហើមថ្មីកូរ៉ូណា (information.gov.kh)
ក្នុងឱកាសអញ្ជើញថ្លែងសារទៅកាន់ប្រជាពលរដ្ឋពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើមថ្មីនៅក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឱ្យយើងខាតបង់ពេលវេលាបំពេញការការ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យ ការរស់នៅ ការទទួលទាន ការធ្វើដំណើរ និងការធ្វើការងារ។ល។ មនុស្សម្នាក់ៗ គ្រួសារនីមួយៗ ត្រូវចេះការពារខ្លួន ដោយខ្លួនឯង។ សម្ដេចតេជោបានបញ្ជាក់ថា ការដែលសម្ដេចនិយាយថា ការពារជំងឺគ្រប់ប្រភេទ មិនមែនគ្រាន់តែអាកូរ៉ូណានោះទេ ជំងឺគ្រប់ប្រភេទ បើយើងអត់មានអនាម័យទេជំងឺអីក៏វាឆ្លងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រជាពលរដ្ឋ ចេះការពារខ្លួនឯងទៅនឹងជំងឺគ្រប់ប្រភេទ មិនមែនតែមេរោគកូរ៉ូណានោះទេ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលដាស់តឿនឱ្យប្រជាពលរដ្ឋ ប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើសង្ស័យថា ឆ្លងមេរោគកូរ៉ូណា។ ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនយកចិត្តទុកដាក់ ចំពោះអនាម័យខ្លួនឯងឱ្យបានខ្ពស់ ហើយត្រូវមានម៉ាស់(Mask) ទុកប្រើនៅទីកន្លែងណា ដែលចាំបាច់ និងលាងសម្អាតខ្លួនប្រាណដៃជើង ឱ្យបានស្អាតល្អជាប្រចាំ ដើម្បីចៀសវាងការឆ្លងរោគខាងលើ និងរោគផ្សេងៗ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវទៅកាន់ជនរួមជាតិចំនួន៨ចំណុច ដែលក្នុងនោះរួមមាន ១. កុំភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឱ្យយើងខាតបង់ពេលវេលាបំពេញការងារ។ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យ ការរស់នៅការទទួលទានអនុវត្តន៍អនាម័យ។ គ្រួសារនិងមនុស្សម្នាក់ៗត្រូវម្ចាស់ការយល់ដឹងពីការការពារសុខភាព។ ២.ផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិត។ ជាមួយគ្នានេះក្រសួងព័ត៌មានត្រូវចាត់វិធានការចាំបាច់ចំពោះព័ត៌មានក្លែងក្លាយ។ ចំពោះប្រភពយកជាការបានគឺចេញពីក្រសួងសុខាភិបាលមិនមែនប្រតិកម្មរហ័ស ឬក្រសួងព័ត៌មាន ឬក្រសួងណាផ្សេងដែលច្បាប់បានប្រគល់ឱ្យស្ថានប័ននោះទទួលបន្ទុក។ ៣.ដំណើរជាធម្មតានៅតាមស្ថាប័នរដ្ឋ ឯកជន រោងចក្រសហគ្រាស ផ្សារលក់ដូរ វត្តអារាមទាំងពុទ្ធសាសនា អ៊ិស្លាម គ្រីស្ទ ។ ទន្ទឹមនេះ កម្ពុជារក្សាគោលការណ៍ដែលអាស៊ាន ប្រកាន់ខ្ជាប់គឺត្រូវព្យាបាលឱ្យជាមុននឹងអនុញ្ញាតឱ្យធ្វើដំណើរបន្ត។ ៤. សាលារៀនជាគោលដៅត្រូវយកចិត្តទុកដាក់ផ្តល់ទំនុកចិត្តដល់មាតាបិតាសិស្ស។ ក្រសួងអប់រំត្រូវសហការជាមួយក្រសួងសុខាភិបាលចុះអប់រំនៅតាមសាលា។ ជា មួយគ្នានេះ ត្រូវរក្សាអនាម័យឱ្យល្អនៅតាមសាលារៀន។ ៥.ត្រូវមានម៉ាស់ការពារនៅកន្លែងចាំបាច់។ ៦. អ្នកលក់ម៉ាស់កុំឆ្លៀតដំឡើងថ្លៃ ត្រូវជួយគ្នាក្នុងគ្រាក្រកុំឆ្លៀតកេងប្រវ័ញ្ចប្រជាពលរដ្ឋ។ ៧. រោងចក្រត្រូវជួយដេរម៉ាស់លក់ឱ្យរដ្ឋ ឬជួយពលរដ្ឋដែលមានតម្រូវការ។ ក្រសួងសុខាភិបាល សហការជាមួយក្រសួងការងារ និងរោងចក្រដេរម៉ាស់បន្ថែម។ រដ្ឋទទួលខុសត្រូវក្នុងការទិញម៉ាស់ពីរោងចក្រ។ ៨. ត្រូវដំណើរការសេវាជាធម្មតាដោយគ្មានការរើសអើងក្នុងវិស័យទេសចរណ៍ការដឹកជញ្ជូនផ្លូវអាកាសផ្លូវទឹក។ គ្មានការរារាំងមិនឱ្យយន្តហោះនាវាចូលមកឡើយ។ អ្នកការទូតនិស្សិតកម្ពុជានៅប្រទេសចិនត្រូវបន្តស្ថិតនៅនិងចូលរួមជាមួយប្រជាពលរដ្ឋចិនប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ។
គួរបញ្ជាក់ដែរថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: information.gov.kh)