យោងតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលកម្ពុជា មន្ទីរទេសចរណ៍កំពតបានអនុវត្តបានអនុវត្តន៍វិធានការអនាម័យនៅទីតាំងទេសចរណ៍សក្តានុពលជាង២០កន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុងឱកាសថ្ងៃសម្រាកជំនួសចូលឆ្នាំនាពេលខាងមុខនេះ។
ខេត្តកំពតត្រៀមខ្លួនទទួលភ្ញៀវទេសចរនៅក្នុងឱកាសថ្ងៃសម្រាកជំនួសចូលឆ្នាំខាងមុខ
នាពេលថ្មីៗនេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសថា៖ “បច្ចុប្បន្នការងារដ៏ធំមួយដែលខេត្តបានធ្វើនោះគឺ យុទ្ធនាការអនុវត្ត និងផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ក្រសួងទេសចរណ៍ ទៅលើសេវាកម្មទាំង៦មាន សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ សេវាកម្មរមណីយដ្ឋាន សហគមន៍ទេសចរណ៍ មធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក និងតាមផ្លូវទឹក”។
លោកបានអះអាងបន្ថែមថា៖ “យើងបានបង្កើតក្រុមការងារមួយ និងមានការបង្រៀនមន្ត្រីរបស់យើងពីវិធាននានារបស់ក្រសួងសុខាភិបាលដើម្បីចុះទៅតាមមូលដ្ឋានទេសចរណ៍ដើម្បីផ្សព្វផ្សាយផ្ទាល់ ក្នុងការពង្រឹងការបង្ការ ដូចជាមានការពាក់ម៉ាស់ ប្រើជែលលាងដៃ ឬទឹកសាប៊ូ ការវាស់កម្ដៅ និងរក្សាគម្លាត”។
លោក សយ ស៊ីណុល បានបន្ថែមថា ដើម្បីរក្សារសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ គឺត្រូវមានការសហការពី មន្ទីរទេសចរណ៍ខេត្ត អាជីវកដែលបម្រើលើសេវាកម្មទេសចរណ៍ និងការរក្សាអនាម័យរបស់ភ្ញៀវទេសចរផ្ទាល់។ ក្រៅពីវិធានសុវត្ថិភាព មន្ទីរទេសចរណ៍ខេត្តកំពតក៏បានចុះផ្សព្វផ្សាយដល់អាជីវករ ដែលបម្រើសេវាកម្មទេសចរណ៍ ទៅលើការពង្រឹងគុណភាពចំណីអាហារ សេវាកម្មស្នាក់នៅ និងសណ្ដាប់ធ្នាប់បរិស្ថាន៕
(សរុបដោយសាមេត)
មតិពីមិត្តអ្នកអាន