បងស្រី ប្រាក់ សាវី ម្ចាស់ចម្ការក្រូចវល្លិ ទុរេន និងផ្លែប៊ឺ នៅក្រុងសែនមនោរម្យ បានប្រាប់ថា បច្ចុប្បន្នដំណាំឈើហូបផ្លែទាំងនេះ ទទួលបានផលល្អ និងកំពុងពេញនិយមលើទីផ្សារ ពិសេសផ្លែប៊ឺ សម្រាប់ភ្ញៀវអញ្ជើញមកពីភ្នំពេញ និងបញ្ជាទិញយកទៅភ្នំពេញ ដែលអាចរកចំណូលបានពី ១០ ០០០ ទៅ ១៥ ០០០ដុល្លារ ក្នុង១ឆ្នាំ។
ម្ចាស់ចម្ការក្រូចវល្លិ ទុរេន និងផ្លែប៊ឺ ក្នុងក្រុងសែនមនោរម្យ (កម្ពុជា) ១ឆ្នាំ អាចរកចំណូលបានពី១ម៉ឺន ទៅជិត២ម៉ឺនដុល្លារ
បងស្រីបញ្ជាក់ថា ជាមធ្យមបងស្រីអាចរកចំណូលបានពី ១០ ០០០ – ១៥ ០០០ ដុល្លារ ក្នុង១ឆ្នាំ លើផ្ទៃដី៧ហិកតា។ ដោយសារចំណូលទាំងនេះហើយ ដែលធ្វើឲ្យកូនបងស្រី មួយចប់បរិញ្ញាបត្រច្បាប់ និងមួយទៀតសញ្ញាបត្រវេជ្ជបណ្ឌិត ហើយមួយទៀតនោះ កំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ។
ក្នុងការចុះពិនិត្យមើលចម្ការក្រូចវល្លិ ទុរេន និងផ្លែប៊ឺ របស់បងស្រី ប្រាក់ សាវី ឃើញផលានុផលក្នុងចម្ការដុះលូតលាស់ឲ្យផលបានល្អប្រសើរ។ ជាមួយគ្នានោះដែរ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អត់សរសើរមិនបានចំពោះការខិតខំប្រឹងប្រែងមើលថែទាំដំណាំបានទទួលផលយ៉ាងល្អ និងចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ កូនៗបានរៀនសូត្រជ្រៅជ្រះ គ្រួសារជួបជុំ មានសុភមង្គល។
ចំការផ្លែប៊ឺ
កត្តាវិជ្ជមានទាំងអស់នេះហើយ គឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ស្របពេលដែលសេដ្ឋកិច្ចជាតិកំពុងប្រឈមនឹងបញ្ហាដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩ និងវិស័យមួយចំនួនកំពុងអសកម្ម។
ក្នុងនោះផងដែរ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបងស្រីខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ធ្វើយ៉ាងណាធានាទាំងបរិមាណ និងគុណភាពសម្រាប់ផលិតផលផ្លែឈើក្នុងចំការរបស់បងស្រីដែលកំពុងមានសក្ដានុពលទាំងក្នុងតំបន់ និងក្រៅតំបន់។
លោកមន្ត្រី បានជូនថវិកា១០០ដុល្លារ ហើយថាប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងនាមថ្នាក់ដឹកនាំក្រសួងពេលឃើញបងស្រីខិតខំបង្កបង្កើនផលផង និងអប់រំ ទូន្មានប្រៀនប្រដៅ ណែនាំកូនៗបានរៀនសូត្រខ្ពង់ខ្ពស់ ដែលពួកគេគឺជាធនធានមនុស្សមានសមត្ថភាព ចេញពីគ្រួសារកសិករដាំដំណាំជារបរស្នូលដើម្បីសេដ្ឋកិច្ចគ្រួសារ៕
(ប្រភពព័ត៌មាន: kampucheathmey.com)
មតិពីមិត្តអ្នកអាន