ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ ចម្លងវិរុស កូវីដ-១៩ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើ១៣៤ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា។
សម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ dap.com.khmer)
យោងតាមសារាចរណែនាំ របស់ រាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាតែងរៀបចំប្រារព្ធទិវាពលកម្មអន្ដរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃចលនាកម្មករអន្ដរជាតិ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៩៧៩ មកម្ល៉េះ។
សម្ដេចតេជោ បន្ដថា ខួបអនុស្សាវរីយ៍លើ១៣៤ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ ប្រារព្ធឡើងក្រោម ប្រធានបទ «សន្ដិភាព និងការងារសមរម្យ» ។ប៉ុន្ដែ ដោយសារតែភាគីពាក់ព័ន្ធទាំងអស់គ្នា កំពុងចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ ចម្លងវិរុស កូវីដ-១៩ រាជរដ្ឋាភិបាល ធ្វើការណែនាំ ដូចខាងក្រោម ៖
ទី១-ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈ និយោ ជក ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ព្រមទាំង កម្មករនិយោជិតទាំងអស់ត្រូវ រៀបចំរំលឹកខួបអបអរសារទរទិវាពលកម្មអន្ដរជាតិ ១ ឧសភា តាមរូបភាពការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារ ឬទៅតាមកន្លែងដែលបងប្អូនស្នាក់ នៅ។
ទី២-ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្ដចូលរួមការផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋ ជាពិសេស កម្មករ និយោជិត និងពលករកម្ពុជា ដែលវិលត្រឡប់មកស្រុក កំណើត ឲ្យចូលរួមអនុវត្តឲ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លង វិរុសកូវីដ-១៩ ទាំងអស់គ្នា។
ទី៣-ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន បណ្ដាញសារព័ត៌មាន សង្គមនានា ឲ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២០ ។
និងទី៤-ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ក៏ដូចជារដ្ឋបាលរាជធានី និងខេត្តទាំងអស់ និងសហគ្រាស គ្រឹះស្ថាន ឯកជនត្រូវជ្រើសរើសទីតាំងសមស្រប ដូចជា ដងវិថីសំខាន់ ដើម្បីធ្វើការចងបដាពាក្យស្លោកតាមខ្លឹមសារនានារបស់រាជរដ្ឋាភិបាល។
លើសពីនេះទៀត លើបណ្តាញសង្គមរបស់សម្តេច តេជោ ហ៊ុន សែនក៏បានអំពាវនាវប្រជាជ ននៅថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន